
ទេសាភិបាលធនាគារថៃ លោក សត្ថាពុទ្ធ ស៊ូធីវ៉ាតនរុពុទ្ធ។ រូបថត THE NATION
ប្រធានធនាគារកណ្តាលថៃ បាននិយាយនៅថ្ងៃសុក្រ ទី ១៦ ធ្នូនេះថា សេដ្ឋកិច្ចរបស់ថៃបន្តងើបឡើងមកវិញ ប៉ុន្តែនៅប្រឈមមុខនឹងបញ្ហាជាច្រើនទៀត។ ក្នុងកាលៈទេសៈនេះ ថៃបានដាក់ចេញនូវគោលនយោបាយអាទិភាពជាច្រើនដើម្បីធានាបាននូវការស្ទុះងើបឡើងវិញជាបន្តទៀត។
ការដំឡើងអត្រាការប្រាក់បន្ថែមទៀត នឹងត្រូវពិចារណាជាបណ្តើរៗ ក៏ប៉ុន្តែធនាគារកណ្តាលថៃ បានត្រៀមខ្លួនរួចជាស្រេចដើម្បីចាត់វិធានការឱ្យបានសមស្របប្រសិនបើចាំបាច់។ នេះបើតាមទេសាភិបាលធនាគារថៃ លោក សត្ថាពុទ្ធ ស៊ូធីវ៉ាតនរុពុទ្ធ (Sethaput Suthiwartnaruput) និយាយ នៅក្នុងសិក្ខាសាលាអាជីវកម្មតាមអនឡាញមួយ។
លោក សត្ថាពុទ្ធ បានលើកឡើងទៀតថា ការដំឡើងអត្រាការប្រាក់ខ្លាំងពេកគឺមិនសមស្របទេ ព្រោះតែសេដ្ឋកិច្ចនៅស្ថិតក្នុងដំណាក់កាលដំបូងនៃការងើបឡើងវិញ ហើយអតិផរណាដែលរុញច្រានដោយខ្សែសង្វាក់ផ្គត់ផ្គង់ កំពុងមានភាពធូរស្រាល។
ធនាគារកណ្តាល បានព្យាករថាសេដ្ឋកិច្ចថៃនឹងកើនឡើង ៣,២ % នៅឆ្នាំ២០២២នេះ និង ៣,៧ % នៅឆ្នាំក្រោយ ហើយទេសចរណ៍ និងការចំណាយរបស់ប្រជាជន គឺជាកត្តាជំរុញដ៏សំខាន់នៃសេដ្ឋកិច្ចរបស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។
លោក សត្ថាពុទ្ធ បានឱ្យដឹងដែរថា បំណុលទិញអចលនទ្រព្យច្រើន អាចរំខានដល់សេដ្ឋកិច្ច ហើយចាំបាច់ត្រូវទម្លាក់ទៅកាន់កម្រិតដែលប្រកបដោយនិរន្តរភាព។
គួរជ្រាបថា ធនាគារថៃបានដំឡើងអត្រាការប្រាក់ ០,៧៥% ចាប់តាំងពីខែសីហា។ វិធានការនេះ មិនធ្ងន់ធ្ងរខ្លាំងឡើយបើប្រៀបធៀបនឹងប្រទេសផ្សេងទៀតក្នុងតំបន់ ដោយសារការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ថៃ មានភាពយឺតយ៉ាវជាងប្រទេសអាស៊ីអាគ្នេយ៍ផ្សេងទៀត ដោយសារទេសចរណ៍ដែលជាវិស័យគន្លឹះរបស់សេដ្ឋកិច្ចថៃ ទើបតែចាប់ផ្តើមកើនឡើងវិញនៅឆ្នាំ ២០២២ នេះ៕