ភ្នំពេញៈ ​ការ​ផ្តល់​អាទិភាព​ទៅ​លើ​វិស័យ​កសិកម្ម​របស់​កម្ពុជា​ហាក់​នៅ​មាន​កម្រិត​នៅ​ឡើយ​ បើ​ធៀប​ជាមួយ​នឹង​​វិស័យ​ទេសចរណ៍ និង​ឧស្សាហកម្ម​កាត់​ដេរ។ នេះ​បើ​យោង​តាម​របាយការណ៍​​​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី។

ADB បាន​ឲ្យ​ដឹង​​កាល​ពី​ម្សិលមិញ ​ថា វិស័យ​កសិកម្ម​នៅ​កម្ពុជា​មិន​សូវ​មាន​សម្ទុះ​កើន​ឡើង​ខ្ពស់​​ទេ ដែល​ត្រូវ​បាន​រាំង​​ខ្ទប់​ដោយ​កង្វះ​​ប្រព័ន្ធ​ធារាសាស្រ្ត​។

លោក Andrew Brubaker ប្រធាន​​ក្រុម​វាយ​តម្លៃ​នៃ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី បាន​ឲ្យ​ដឹង​​ថា ​កម្ពុជា​វិនិយោគ​មិន​ទាន់​គ្រប់គ្រាន់​ឡើយ​នៅ​​ក្នុង​​ការ​ស្រាវជ្រាវ​លើ​វិស័យ​កសិកម្ម​ ដែល​​ការ​ខ្វះខាត​នេះ​ក៏​កើត​មាន​​​នៅ​ក្នុង​​បណ្តា​ប្រទេស​អាស៊ី​មួយ​ចំនួន​ផង​ដែរ​។​ ជា​ទូទៅ​កំណើន​នៃ​ការ​ផ្តល់​ឥណទាន​សម្បទាន​របស់ ADB បាន​គាំទ្រ​ដល់​ប្រតិបត្តិការ​ធំៗ​ដោយ​ផ្តោត​លើ​​ហេដ្ឋា​រចនា​សម្ព័ន្ធ​ទាក់ទង​នឹង​ទឹក​។​

លោក​ ចន្ទ​ ស៊ីណាត​ អនុរដ្ឋ​លេខាធិការ​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​​ បាន​ប្រាប់​ថា គិត​មក​ទល់​ពេល​នេះ​គម្រោង​ប្រព័ន្ធ​ធារាសាស្ត្រ​នៅ​កម្ពុជា​មាន​ចំនួន​ប្រមាណ ​៣ ០០០​ ដែល​បាន​ចូល​រួម​ចំណែក​ក្នុង​ការ​បញ្ចៀស​ទឹក​ជំនន់ និង​គ្រោះ​រាំង​ស្ងួត​។ គម្រោង​ទាំង​នោះ​ភាគ​ច្រើន​ត្រូវ​បាន​ជួសជុល និង​ស្តារ​ឡើង​វិញ​ ជា​បន្ត​​បន្ទាប់​។ លោក​បាន​បន្ត​ថា តែ​ទោះ​បី​យ៉ាង​ណា​ប្រព័ន្ធ​ធារាសាស្ត្រ​ទាំង​នោះ​ ស្ថិត​ក្នុង​​តំបន់​ដែល​មាន​​ខ្សាច់​ច្រើន។ លោក​​ថ្លែង​ថា៖​ «នេះ​ជា​បញ្ហា​​ចម្បង​មួយ​ដែល​ធ្វើ​ឲ្យ​​​ការ​រក្សា​ទឹក​ទុក​​នៅ​កម្ពុជា​មាន​កម្រិត​ទាប»។

លោក​​ប្រាប់​ទៀត​ថា ទន្ទឹម​នឹង​ការ​ស្តារ និង​គ្រប់គ្រង​ឲ្យ​មាន​ប្រសិទ្ធភាព​ ប្រព័ន្ធ​ធារាសាស្រ្ត​នៅ​កម្ពុជា​ក៏​ត្រូវ​ការ​​ធ្វើ​ទំនើបកម្ម​ផង​ដែរ​។ លោក​និយាយ​​ថា៖​ «​ការ​គ្រប់គ្រង​ធនធាន​ទឹក​​ដែល​មាន​ប្រសិទ្ធភាព​នឹង​ផ្តល់​ឱកាស​​​ឲ្យ​ប្រជាកសិករ​​ទទួល​បាន​ទឹក​យក​ទៅ​ប្រើប្រាស់​ ដែល​វា​នឹង​ជួយ​​បង្កើត​ឱកាស​វិនិយោគ និង​ធ្វើ​ឲ្យ​​កម្ពុជា​​សម្រេច​បាន​នូវ​គោលដៅ​បង្កើន​​ផលិតផល​កសិកម្ម​ផង​ដែរ​»។​

លោក​ប្រាប់​ទៀត​ថា ការ​ជួយ​របស់​ ADB បាន​​​ចូលរួម​ចំណែក​យ៉ាង​ធំ​ធេង​ដល់​​រដ្ឋាភិបាល​ក្នុង​ការ​បង្កើន​សមត្ថភាព​​ស្រោច​ស្រព​ ដើម្បី​​បង្កើន​សមត្ថភាព​​វិស័យ​កសិកម្ម​នៅ​​កម្ពុជា។​

លោក​ ស្រី ​វុឌ្ឍី អគ្គលេខាធិការ​​នៃ​​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់​ និង​នេសាទ ​និយាយ​ថា ទោះបី​វិស័យ​​ស្រូវ​អង្ករ​កម្ពុជា​ត្រូវ​បាន​រដ្ឋាភិបាល​​កំណត់​ជា​វិស័យ​អាទិភាព​ប៉ុន្មាន​ឆ្នាំ​​មក​ហើយ​ក៏​ដោយ ក៏​វិស័យ​នេះ​នៅ​តែ​មាន​បញ្ហា​ប្រឈម​ជា​ច្រើន​​រហូត​មក​​ទល់​ពេល​នេះ​។​ លោក​​បន្ត​ថា កន្លង​​មក​រដ្ឋាភិបាល​បាន​ខិតខំ​ធ្វើ​ការងារ​ជា​ច្រើន​ដើម្បី​គ្រប់គ្រង​ទឹក​សម្រាប់​​បម្រើ​ដល់​វិស័យ​កសិកម្ម។ វិស័យ​កសិកម្ម​​ត្រូវ​ការ​ទឹក​​ជា​​ចាំបាច់ បើ​មាន​​​ទឹក​គ្រប់គ្រាន់​វា​អាច​​បង្កើន​ផលិតភាព​កសិកម្ម​​បាន​កាន់​តែ​ច្រើន​។​ ​លោក​អះអាង​​ថា ​បច្ចុប្បន្ន​វិស័យ​​​នេះ​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​អន្តរកាល​នៃ​ការ​ធ្លាក់​ចុះ​កម្លាំង​ពលកម្ម​​ផង​ដែរ​។​​

លោក​បន្ត​ថា៖ «​ក្រសួង​នឹង​​ស្នើ​ឲ្យ​អង្គភាព​ពាក់ព័ន្ធ​ចូលរួម​គ្នា​ក្នុង​ការ​ជួយ​ដើម្បី​ធ្វើ​ឲ្យ​វិស័យ​កសិកម្ម​កាន់​តែ​មាន​សក្តានុពល​​ខ្ពស់​ជាង​មុន​​»​។​

វិស័យ​កសិកម្ម​​កម្ពុជា ​​​បាន​បង្ហាញ​ពី​ការ​ធ្លាក់​ចុះ​ជា​បន្ត​បន្ទាប់​ ដោយ​កាល​ពី​ឆ្នាំ​ ២០១​៤ ចំណែក​វិស័យ​កសិកម្ម​ក្នុង​ GDP មាន​​ ៣០ ​ភាគរយ ប៉ុន្តែ​បច្ចុប្បន្ន​​​បាន​ធ្លាក់​មក​នៅ​ត្រឹម​តែ​ ២២-២៣​ ភាគរយ​​​។ នេះ​បើ​តាម​លោក​ វុឌ្ឍី​៕LA