ក្រុងព្រះសីហនុៈ កុងតឺន័រផ្ទុកវត្ថុធាតុដើមសម្រាប់វិស័យកាត់ដេរ និងគ្រឿងបន្លាស់ផ្សេងទៀតជិត ២០០ ទូបានមកដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) កាលពីយប់ថ្ងៃចន្ទ ដែលនឹងធ្វើឲ្យផលិតកម្មដែលកំពុងរងផលប៉ះពាល់យ៉ាងខ្លាំងដោយវីរុសកូវីដ ១៩ នឹងត្រូវល្អប្រសើរឡើងវិញ។
លោក លូ គឹមឈន់ អគ្គនាយក PAS បានប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីថ្ងៃអង្គារថា មាននាវាដឹកកុងតឺន័រចំនួន ៤ ដែលបានផ្ទុកដោយវត្ថុធាតុដើមសម្រាប់រោងចក្រនៅក្នុងប្រទេសកម្ពុជា។ ក្នុងចំណោមនោះ ៩១ កុងតឺន័រគឺជាវត្ថុធាតុដើមកាត់ដេរ និងស្បែកជើងដែលជាក្រណាត់។
លោកថ្លែងថា ជាមធ្យមមាននាវា ១៥ គ្រឿងក្នុង ១ សប្តាហ៍បាននាំយកវត្ថុធាតុដើមសម្រាប់ផ្គត់ផ្គង់វិស័យកាត់ដេរនៅកម្ពុជា។ លោកថ្លែងថា៖ «យើងគ្រោងនឹងបង្កើនចំនួននាវា ដើម្បីគាំទ្រដល់ការដឹកជញ្ជូនវត្ថុធាតុដើមពីប្រទេសចិន»។
លោក វ៉ាន់ ស៊ូអៀង ប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានប្រាប់ភ្នំពេញ-ប៉ុស្ដិ៍កាលពីថ្ងៃអង្គារថា GMAC មិនទាន់បានគណនាតម្រូវការវត្ថុធាតុដើមនោះទេគិតត្រឹមថ្ងៃអង្គារ។ លោកបន្តថា៖ «យើងកំពុងត្រួតពិនិត្យថា តើកុងតឺន័រប៉ុន្មាននឹងមក»។
ថ្លែងនៅក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនៅទីក្រុងភ្នំពេញកាលពីថ្ងៃអង្គារ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានឲ្យដឹងថា កម្ពុជានាំចូលប្រហែល ៦០ ភាគរយនៃវត្ថុធាតុដើមពីប្រទេសចិន សម្រាប់ការផលិត និងការនាំចេញ។
លោកបញ្ជាក់ថា ចិនបានទទួលយកសំណើរបស់លោកតាមរយៈការផ្គត់ផ្គង់វត្ថុធាតុដើមមកប្រទេសកម្ពុជា។
លោកលើកឡើងថា៖ «ផលប៉ះពាល់របស់យើងគឺខ្វះវត្ថុធាតុដើមសម្រាប់រោងចក្រកាត់ដេរ ដោយសារតែការរីករាលដាលវីរុសកូវីដ ១៩។ អរគុណប្រទេសចិនដែលបានបញ្ជូននាវាដឹកកុងតឺន័រ ៧ គ្រឿង ដឹកវត្ថុធាតុដើមសម្រាប់រោងចក្រទាំងនោះ»។
លោកនាយករដ្ឋមន្ដ្រីក៏បានអំពាវនាវឲ្យអគ្គនាយកដ្ឋានគយ និងរដ្ឋាករ និង PAS ត្រូវជួយសម្រួលដល់ការដឹកជញ្ជូនដល់រោងចក្រទាំងនោះផងដែរ។
កាលពីថ្ងៃចន្ទលោក Wu Guoquan ទីប្រឹក្សាពាណិជ្ជកម្មនៅស្ថានទូតចិនបានឲ្យដឹងថា ក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិន និងស្ថានទូតកំពុងសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងក្នុងការជួយសម្រួលដល់ការដឹកជញ្ជូនមកប្រទេសកម្ពុជា។
លោកបានថ្លែងថា៖ «ដោយមានការគាំទ្ររបស់រដ្ឋាភិបាលចិន និងរដ្ឋាភិបាលកម្ពុជា ក្រុមហ៊ុនផ្គត់ផ្គង់នៅក្នុងប្រទេសចិននឹងចាប់ផ្ដើមដឹកជញ្ជូនវត្ថុធាតុដើមមកប្រទេសកម្ពុជាក្នុងពេលឆាប់បំផុត។ នេះនឹងកាត់បន្ថយការខាតបង់សម្រាប់ឧស្សាហកម្មនេះក្នុងអំឡុងពេលដ៏ពិបាកនេះ»។
លោក ហេង សួរអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា បច្ចុប្បន្នរោងចក្រចំនួន ៥០ ត្រូវបានព្យួរការងារ ដែលមានកម្មករនិយោជិតចំនួន ២០ ៩៤០ នាក់ក្នុងនោះរោងចក្រកាត់ដេរចំនួន ៧ ដែលមានកម្មករនិយោជិត ១០ ១០៣ នាក់បានសម្រេចដំណើរការចង្វាក់ផលិតកម្មឡើងវិញបន្ទាប់ពីទទួលបានវត្ថុធាតុដើមពីប្រទេសចិន។
លោកបានថ្លែងថា៖ «បើទោះបីជាកប៉ាល់ដឹកវត្ថុធាតុដើមពីប្រទេសចិននៅមានចំនួនតិច តែវានឹងជួយឲ្យរោងចក្រមួយចំនួនអាចបន្តចង្វាក់ផលិតកម្មឡើងវិញ ហើយវានឹងជួយទប់មិនឲ្យមានរោងចក្របន្តព្យួរថែមទៀតផងដែរ»៕LA