ភ្នំពេញៈ ក្រសួងពាណិជ្ជកម្ម គាំទ្រគំនិតផ្តួចផ្តើមរបស់អូស្ត្រាលីក្នុងការជំរុញការអនុវត្តការប្រើប្រាស់ឯកសារពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកក្រោមក្របខ័ណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-នូវែលសេឡង់ (AANZFTA) ដើម្បីជំរុញពាណិជ្ជកម្មនៅក្នុងតំបន់ក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ១៩។
ការលើកឡើងនេះបានធ្វើឡើងក្នុងជំនួបរវាងលោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្មកម្ពុជា ជាមួយឯកអគ្គរាជទូតអូស្ត្រាលីប្រចាំនៅកម្ពុជា លោក Pablo Kang តាមរយៈប្រព័ន្ធវីដេអូ កាលពីថ្ងៃទី ១៨ ខែឧសភា។
កិច្ចព្រមព្រៀង AANZFTA បានផ្តល់នូវការកាត់បន្ថយពន្ធយ៉ាងទូលំទូលាយ និងភាពជាក់លាក់កាន់តែច្រើនសម្រាប់អ្នកផ្គត់ផ្គង់សេវាកម្ម និងវិនិយោគិននៃប្រទេសជាដៃគូ។
AANZFTA បានចូលជាធរមានក្នុងខែមករា ឆ្នាំ ២០១០ សម្រាប់អូស្ត្រាលី ខណៈកម្ពុជាចូលជាធរមាននៅថ្ងៃទី ៤ ខែមករា ឆ្នាំ ២០១១។
ក្នុងជំនួបនោះ លោក ប៉ាន សូរស័ក្ដិ បានលើកឡើងថា កម្ពុជា និងអូស្ត្រាលី បន្តប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មអន្តរជាតិ ជាពិសេសការបន្តជួយគាំទ្ររបស់អូស្ត្រាលីក្នុងការអភិវឌ្ឍពាណិជ្ជកម្មកម្ពុជាទាំងទ្វេភាគី តំបន់ និងពហុភាគី។
លោកបានបន្តថា នៅក្នុងក្របខ័ណ្ឌតំបន់ ប្រទេសអូស្ត្រាលីនឹងចាប់ផ្តើមដាក់ចេញនូវគំនិតផ្តួចផ្តើមជំរុញការប្រើប្រាស់ឯកសារពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកក្រោមក្របខ័ណ្ឌកិច្ចព្រមព្រៀង AANZFTA ដើម្បីសម្រួលឱ្យការធ្វើពាណិជ្ជកម្មជាមួយអូស្ត្រាលីកាន់តែងាយស្រួល។
លោកថ្លែងថា៖ «គំនិតផ្តួចផ្តើមនេះនឹងរួមចំណែកកាត់បន្ថយការចំណាយសំដៅលើកកម្ពស់ភាពធន់នៃខ្សែចង្វាក់ពាណិជ្ជកម្ម និងជំរុញកំណើនពាណិជ្ជកម្មក្នុងតំបន់ក្នុងបរិការណ៍នៃវិបត្តិកូវីដ១៩ និងក្រោយវិបត្តិនេះ»។
លោករដ្ឋមន្ត្រីបន្ថែមទៀតថា ដោយឡែកក្នុងក្របខ័ណ្ឌទ្វេភាគីរវាងប្រទេសកម្ពុជា-អូស្ត្រាលី ក៏បានធ្វើការផ្លាស់ប្តូរយោបល់ និងពិភាក្សាលើការបន្តអនុវត្តគម្រោងអភិវឌ្ឍន៍ពាណិជ្ជកម្មក្រោមជំនួយរបស់អូស្ត្រាលីដែលរួមមានការពង្រឹង និងការកសាងសមត្ថភាពមន្ត្រីពាណិជ្ជកម្ម ការអភិវឌ្ឍ និងកសាងបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្ម ព្រមទាំងការបន្តអនុវត្តកម្មវិធីខ្សែចង្វាក់តម្លៃកសិកម្មកម្ពុជា-អូស្ត្រាលី (CAVAC) និងការជំរុញការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេទ្បិចត្រូនិក។
AANZFTA ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីធំបំផុតមិនធ្លាប់មានដែលបានចុះហត្ថលេខារួចហើយ។ វានឹងជួយកាត់បន្ថយ ឬលុបបំបាត់របាំងពាណិជ្ជកម្មនៅទូទាំងតំបន់ដែលមានប្រជាជន ៦០០ លាននាក់ ដោយមាន GDP ប្រចាំឆ្នាំប្រហែល ២,៧ ពាន់ពាន់លានដុល្លារ។
កិច្ចព្រមព្រៀងនេះបង្ហាញពីអត្ថប្រយោជន៍ជាក់ស្តែងជាច្រើនសម្រាប់អាជីវកម្មដែលស្វែងរកការធ្វើពាណិជ្ជកម្ម ឬវិនិយោគរវាងអូស្ត្រាលី និងកម្ពុជា រួមមាន ការកាត់បន្ថយពន្ធគយលើទំនិញ ការធ្វើសេរីភាវូបនីយកម្មទីផ្សារសម្រាប់សេវាកម្មភាគច្រើន និងផ្តល់ការការពារសម្រាប់វិនិយោគិន។
លោក Pablo Kang បានសរសេរនៅលើបណ្តាញសង្គម Twitter ថាការពិភាក្សាជាមួយនឹងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា គឺក្នុងគោលបំណងដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងការការពារអតិថិជន ក៏ដូចជាផលប្រយោជន៍ទៅវិញទៅមកនៅក្នុងអង្គការពាណិជ្ជកម្មពិភពលោក កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន។
ទិន្នន័យក្រសួងពាណិជ្ជកម្មឱ្យដឹងថា ក្នុងឆ្នាំ ២០២០ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំង ២ មានតម្លៃសរុប ២១៣,៦៤ លានដុល្លារ កើន ៣,៨២ ភាគរយ ធៀបនឹងឆ្នាំ ២០១៩ ដែលមាន ២០៥,៧៩ លានដុល្លារ។ ក្នុងនោះទំនិញនាំពីកម្ពុជាមានតម្លៃ ១៣៣,៩២ លានដុល្លារ កើនឡើង ០,២៦ ភាគរយ និងការនាំចូលពីអូស្ត្រាលីមាន ៧៩,៧២ លានដុល្លារ កើនឡើង ១០,៤១ ភាគរយ៕ LA