ភ្នំពេញៈ ប្រទេស​កម្ពុជា​បានបង្ហាញ​ការគាំទ្រ​គំនិត​ផ្តួចផ្ដើម​ក្នុងការ​អភិវឌ្ឍ​កម្មវិធី​សម្រាប់​ការគាំទ្រ​សហគ្រិន​នវានុវត្តន៍​ក្នុងស្រុក​ជាមួយនឹង​ដំណោះស្រាយ​បច្ចេកវិទ្យា​គិតគូរ​ពី​បរិយាកាស​។ នេះ​បើតាម​មន្ដ្រី​នៅ​ក្រសួងបរិស្ថាន​។

ការសន្យា​នេះ​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​រៀបចំ​ដោយ​វិទ្យាស្ថាន​កំណើន​បៃតង​សកលលោក​ (GGGI) ​នៅក្នុង​សិក្ខាសាលា​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ស្ដីពី​គម្រោង​ដំណោះស្រាយ​បៃតង​ថ្មី គឺ​បរិយាកាស​ហិរញ្ញវត្ថុ បច្ចេកវិទ្យា សហគ្រិន ជាមួយ​ធនាគារ KDB Bank ដែល​រៀបចំ​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ (MoEF) ​របស់​សាធារណរដ្ឋ​កូរ៉េ​កាលពី​ថ្ងៃទី ២ ខែមីនា​។

គំនិត​ផ្តួចផ្ដើម​នេះ​បាន​លេច​ជា​រូបរាង​ដោយសារតែ​គោលបំណង​រួម​ក្នុងចំណោម​រដ្ឋាភិបាល​កូរ៉េ មូលនិធិ​អាកាសធាតុ​បៃតង​ (GCF) ធនាគារ KDB Bank និង GGGI ក្នុង​ការស្វែងរក​មធ្យោបាយ​ប្រកបដោយ​ប្រសិទ្ធភាព និង​កិច្ចសហការ​នៃ​ការអភិវឌ្ឍ​បច្ចេកវិទ្យា ព្រមទាំង​ការផ្លាស់ប្តូរ​អាកាសធាតុ ជាការ​ឆ្លើយតប​នឹង​ផលប៉ះពាល់​អវិជ្ជមាន​នៃ​ការប្រែប្រួល​អាកាសធាតុ​នៅ​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ជាពិសេស​ក្នុង​វិបត្តិ​ជំងឺ​កូវីដ​១៩​។ នេះ​បើ​យោងតាម GGGI​។

GGGI កំពុង​ធ្វើការងារ​ជាមួយ​ធនាគារ KDB ស្ថាប័ន GCF ទទួលស្គាល់​ដោយ​ប្រទេស​កូរ៉េ និង​អាជ្ញាធរ​ដែល​បាន​ជ្រើសតាំង​ថ្នាក់ជាតិ (NDA) ​នៅក្នុង​ប្រទេស​កម្ពុជា ឥណ្ឌូនេស៊ី ឡាវ និង​ហ្វីលីពីន ដើម្បី​អភិវឌ្ឍ​កម្មវិធី​មួយ​សម្រាប់​ការគាំទ្រ​សហគ្រិន​ក្នុងស្រុក​នវានុវត្តន៍​ជាមួយ​ដំណោះស្រាយ​នៃ​បច្ចេកវិទ្យា​អាកាសធាតុ និង​លើកកម្ពស់​អេកូស៊ីស្ដែម បច្ចេកវិទ្យា​អាកាសធាតុ ដែល​នឹង​បង្កើនល្បឿន​កម្រិត​កាបូន​ទាប និង​កំណើន​បៃតង​ដែល​ធន់​នឹង​អាកាសធាតុ​។

លោក ស៊ុំ ធី អគ្គលេខាធិការរង​នៃ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សាជាតិ​សម្រាប់​ការអភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​នៃ​ក្រសួងបរិស្ថាន បាន​លើកឡើង​នៅក្នុង​សិក្ខាសាលា​នោះ​ថា រដ្ឋាភិបាល​កម្ពុជា​គាំទ្រ​ការលើកកម្ពស់​សហគ្រិន​តាមរយៈ​សហគ្រិន​ខ្មែរ ដែល​ជា​អង្គភាព​អនុវត្ត​មូលនិធិ​សហគ្រិន​ (EDF) ​បង្កើតឡើង​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។

លោក​ថ្លែងថា​៖ «​ក្រសួង​បរិស្ថាន​មាន​សេចក្ដី​រីករាយ​ក្នុង​ការជួយ​សម្រួល​កិច្ចសហប្រតិបត្តិការ​រវាង​ដៃគូ​អន្តរជាតិ​របស់​យើង និង​ស្ថាប័ន​ពាក់ព័ន្ធ​នៅក្នុង​ប្រទេស​កម្ពុជា​»​។

លោក ឈៀង វណ្ណមុនិណ្ឌ អគ្គនាយក​សហគ្រិន​ខ្មែរ​បាន​ចែករំលែក​តួនាទី​របស់​សហគ្រិន​ខ្មែរ​ក្នុង​ការផ្ដល់​ការគាំទ្រ​ពេញ ១ ​ជីវិត​សម្រាប់​សហគ្រិន​វ័យក្មេង​ជាមួយនឹង​គំនិត​អាជីវកម្ម​ដោយបាន​បញ្ជាក់ថា តម្រូវការ​ប្រើប្រាស់​ថាមពល​សូឡា​នៅ​កម្ពុជា​នៅមានកម្រិត​។

លោក Ji Young CHOI នាយក​អង្គភាព​គោលនយោបាយ​អាកាសធាតុ​បៃតង​នៅ MOEF ប្រទេស​កូរ៉េ​បាន​លើកឡើង​ថា​៖ «​រដ្ឋាភិបាល​កូរ៉េ នឹង​បន្ត​គាំទ្រ​ការផ្លាស់ប្តូរ​អាកាសធាតុ​បៃតង​នៃ​សេដ្ឋកិច្ច​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ក្នុង​ទិដ្ឋភាព​ ២ គឺ​ការពង្រឹង​ការគាំទ្រ​បច្ចេកទេស និង​គម្រោង​នៅក្នុង​តំបន់​ជាច្រើន​នៃ​ដំណោះស្រាយ​បៃតង​ថ្មី ដែលជា​កិច្ចសហប្រតិបត្តិការ​ជាមួយ​ដៃគូ និង​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ដើម្បី​ធ្វើ​រួមបញ្ចូល​គ្នា និង​វិធានការ​អាកាសធាតុ​ពិភពលោក​»​។

លោកស្រី Jin Young KIM នាយក​ទទួលបន្ទុក​តំបន់​អាស៊ី​នៅ​វិទ្យាស្ថាន GGGI បាន​កោតសរសើរ​ការពិភាក្សា​ដែល​ផ្ដល់​ប្រយោជន៍​ទៅវិញទៅមក​លើ​ដំណោះស្រាយ​ការស្ទុះ​ងើបឡើង​វិញ​នៃ​បរិស្ថាន​បៃតង​។

លោកស្រី Jin Young KIM បាន​និយាយថា​៖ «GGGI កំពុងស្ថិត​ក្នុងតួនាទី​ដែលមាន​អាទិភាព​ខ្លាំង​ជាងគេ​ក្នុងការ​គាំទ្រ​គំនិត​ផ្តួចផ្ដើម​ដ៏សំខាន់​នេះ ​រួម​ជាមួយ​នឹង​អ្នកចូលរួម​ទាំងអស់​នៅថ្ងៃនេះ​»៕LA