ភ្នំពេញៈ រដ្ឋាភិបាលនឹងដំឡើងច្រកទ្វារតំបន់ព្រំដែនថ្មដាក្នុងខេត្តពោធិ៍សាត់ទៅជាច្រកទ្វារព្រំដែនអន្តរជាតិ ដើម្បីជួយសម្រួលដល់ការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែនជាមួយប្រទេសថៃ ដែលជាវិធានការមួយក្នុងការធ្វើឲ្យសម្រេចបាននូវការផ្លាស់ប្តូរពាណិជ្ជកម្មតម្លៃ ១៥ ពាន់លានដុល្លាររវាងប្រទេសជិតខាងអាស៊ានទាំង ២ នេះតាមការគ្រោងទុក។
យោងតាមលិខិតមួយបានពីខុទ្ទកាល័យទីស្ដីការគណៈរដ្ឋមន្ដ្រីដែលបានផ្ញើជូនក្រសួងមហាផ្ទៃបានឲ្យដឹងថា ក្រសួងការពារជាតិ និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិស្ដីពីការដំឡើងច្រកទ្វារថ្មដា នៅពេលបច្ចុប្បន្នដែលមានទីតាំងនៅក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ ជាប់ព្រំដែនជាមួយអនុស្រុក Chamrak ក្នុងខេត្តត្រាតរបស់ប្រទេសថៃទៅជាច្រកទ្វារអន្តរជាតិជាការឆ្លើយតបនឹងអនុសាសន៍របស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ក្នុងអំឡុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវជាតិលេខ ៥៥ កាលពីខែមីនាកន្លងមក។
លិខិតចុះកាលបរិច្ឆេទថ្ងៃទី ១៣ ខែមីនា ដែលភ្នំពេញប៉ុស្ដិ៍ទទួលបានកាលពីថ្ងៃទី ៩ ខែមិថុនា បានឲ្យដឹងថា៖ «ខុទ្ទកាល័យទីស្ដីការគណៈរដ្ឋមន្ដ្រី សូមជម្រាបជូនដំណឹងថា រាជរដ្ឋាភិបាលសម្រេចប្រគល់ភារកិច្ចឲ្យក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ធ្វើការចរចាជាមួយសមភាគីថៃដើម្បីសហការដំឡើងច្រកទ្វារតំបន់ព្រំដែនថ្មដាទៅជាច្រកទ្វារព្រំដែនអន្តរជាតិ»។
លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានថ្លែងកាលពីខែមីនានៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវជាតិលេខ ៥៥ ថាការបើកច្រកទ្វារអន្តរជាតិអាចជួយជំរុញសកម្មភាពដោះដូរទំនិញ និងពាណិជ្ជកម្មជាមួយប្រទេសទាំង ២ និងដើម្បីសម្រេចបានតាមទិសដៅនៃការធ្វើពាណិជ្ជកម្មមានតម្លៃ ១៥ ពាន់លានដុល្លាររបស់ពួកគេត្រឹមចុងឆ្នាំនេះ។
លោកថ្លែងថា៖ «ការធ្វើពាណិជ្ជកម្មជាមួយប្រទេសថៃកំពុងកើនឡើងយ៉ាងរហ័ស។ តាមរយៈការបើកច្រកទ្វារព្រំដែនអន្តរជាតិ យើងអាចជំរុញពាណិជ្ជកម្ម ហើយក៏អាចជួយដល់វិស័យទេសចរណ៍ផងដែរ។ វានឹងផ្ដល់អត្ថប្រយោជន៍សម្រាប់ប្រទេសទាំង ២ នេះ»។
លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់បានឲ្យដឹងកាលពេលថ្មីៗនេះថា ការស្ដារឡើងវិញនូវផ្លូវជាតិលេខ ១០ ដែលជាផ្លូវដ៏សំខាន់មួយសម្រាប់ការធ្វើពាណិជ្ជកម្មត្រូវបានបញ្ចប់ ២៦,៥៣ ភាគរយហើយ។ ផ្លូវនេះនឹងត្រូវបញ្ចប់ទាំងស្រុងនៅខែធ្នូឆ្នាំ ២០២៣។
លោក អ៊ុក សុភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃបានប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីខែមុនថា លោកមានសុទិដ្ឋិនិយមយ៉ាងខ្លាំងអំពីទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសថៃ ដោយសារទំហំពាណិជ្ជកម្មទ្វេភាគីកំពុងកើនឡើងជារៀងរាល់ឆ្នាំ។
ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំង ២ នេះមានតម្លៃប្រហែល ៩ ពាន់លានដុល្លារ កាលពីឆ្នាំមុន កើនឡើង ៧,១៤ ភាគរយបើធៀបនឹង ៨,៤ ពាន់លានដុល្លារកាលពីឆ្នាំ ២០១៨។
កម្ពុជានាំចេញផលិតផលកសិកម្មសំខាន់ៗដូចជា អង្ករ ពោត សណ្ដែកសៀង ដំឡូងមី ស្វាយចន្ទី និងស្វាយ ខណៈនាំចូលពីថៃ រួមមានប្រេងឥន្ធនៈ ប្រេងចម្អិន សម្ភារសំណង់ គ្រឿងយន្តកសិកម្ម ឧបករណ៍អគ្គិសនី គ្រឿងសម្អាង និងឧបករណ៍ប្រើប្រាស់ក្នុងលំនៅឋានជាដើម៕ LA