ភ្នំពេញៈ កម្ពុជា​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា (MoU) ជាមួយ​ភាគី​ចិន​លើ​ការបណ្តុះបណ្តល​ធនធាន​មនុស្ស ដើម្បី​ត្រៀម​ឆ្លើយតប​នឹង​កំណើន​ភ្ញៀវទេសចរ​បរទេស ពិសេស​ជនជាតិ​ចិន​ដែល​កំពុង​មាន​ចំនួន​កើន​ឡើង​ជា​បន្តបន្ទាប់​។ នេះ​បើ​យោងតាម​ក្រសួង​ទេសចរណ៍​។

ក្រសួង​ទេសចរណ៍​បាន​ឲ្យ​ដឹង​តាមរយៈ​ទំព័រ Facebook ផ្លូវការ​របស់ខ្លួន​ថា លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​បាន​ចុះហត្ថលេខា​លើ MoU ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​ការបណ្តុះបណ្តាល​ជំនាញ និង​ការអភិវឌ្ឍ​ធនធាន​មនុស្ស​ក្នុង​វិស័យ​ទេសចរណ៍​ជាមួយ​សាកលវិទ្យាល័យ Henan Normal សាលា​បច្ចេកទេស​ជាន់ខ្ពស់ Guangxi Second Light Industry និង​ក្រុមហ៊ុន Guangxi Hansi Education Investment​។

ការចុះហត្ថលេខា​នេះ​បាន​ធ្វើ​ឡើង​ក្នុងឱកាស​ពិព័រណ៍​ពាណិជ្ជកម្ម​ចិន-អាស៊ាន លើក​ទី​ ១៦ នៅ​ទីក្រុង​ណានីង ប្រទេស​ ចិន ​ដែល​បានចាប់ផ្តើម​កាលពី​ថ្ងៃទី​ ២១ ខែ ​កញ្ញា​។

អ្នកនាំពាក្យ​ក្រសួង​ទេសចរណ៍​លោក ជុក ជំនោរ កាលពី​ម្សិលមិញ​បាន​ប្រាប់ថា ខណៈ​សមត្ថភាព​ធនធាន​មនុស្ស​នៅ​កម្ពុជា​មាន​កម្រិត​នោះ​ ដូច្នេះ​ MoU នេះ​នឹង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការជួយ​អភិវឌ្ឍ​សមត្ថភាព​ធនធាន​មនុស្ស​នៅ​កម្ពុជា​។ លោក​បាន​បន្តថា ថ្នាក់ដឹកនាំ​ក្រសួង​ទេសចរណ៍​តែង​ជំរុញ​ឲ្យ​មាន​ការអភិវឌ្ឍ​ធនធាន​មនុស្ស​ជាប្រចាំ​។

លោក​បាន​ថ្លែង​ថា​៖ «​បន្ទាប់ពី​ចុះ MoU រួច​ក្រសួង​នឹង​បង្កើត​គណៈកម្មការ​មួយ​សម្រាប់​ធ្វើការ​ជាមួយ​ភាគី​ចិន ដើម្បី​សិក្សា​លម្អិត​ពី​នីតិវិធី​ក្នុងការ​ចាប់ផ្តើម​មុននឹង​បើក​វគ្គ ឬ​សាលា​បណ្តុះបណ្តាល​»​។

លោក​ ជុក ជំនោរ រំពឹង​ថា​ការចាប់ផ្តើម​អនុវត្ត MoU នេះ​នឹង​អនុវត្ត​ក្នុងពេល​ឆាប់ៗ​នេះ​។

អនុស្សរណៈ​នេះ​មាន​គោលបំណង​ធ្វើការ​បណ្តុះបណ្តាល​ជំនាញ និង​ការអភិវឌ្ឍ​ធនធាន​មនុស្ស​ក្នុង​វិស័យ​ទេសចរណ៍ ចូលរួម​ជំរុញ​ការអភិវឌ្ឍ​សមត្ថភាព​អ្នកជំនាញ​ទេសចរណ៍ និង​ប្រតិបត្តិករ​ទេសចរណ៍ ពិសេស​ពង្រឹង​កិច្ចសហប្រតិបត្តិការ​នៃ​ភាព​ជា​ដៃគូ​លើ​ការអភិវឌ្ឍ​ធនធាន​មនុស្ស​ក្នុង​វិស័យ​ទេសចរណ៍ និង​ការអភិវឌ្ឍ​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍​តាមរយៈ​ប្រព័ន្ធ​អេឡិចត្រូនិក និង​ជំរុញ​បង្កើត​សាលា​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ទេសចរណ៍​នៅ​កម្ពុជា​។

លោក ថោង ខុន បាន​ថ្លែង​ថា​៖ «​វិស័យ​ទេសចរណ៍​ជា​វិស័យសេដ្ឋកិច្ច​មួយ​ដែល​ត្រូវ​ការជំនាញ​ច្បាស់លាស់ ទើប​អាច​អភិវឌ្ឍ​បាន​ប្រកប​ដោយ​គុណភាព និង​និរន្តរភាព​»​។

បើតាម​លោក​រដ្ឋមន្ត្រី​កម្ពុជា​មាន​ផែនការ​បំពាក់បំប៉ន និង​បណ្តុះបណ្តាល​ផ្តល់​ជំនាញ​វិជ្ជាជីវៈ​ដល់​អ្នក​បម្រើការ​នៅក្នុង​វិស័យ​ទេសចរណ៍​ឲ្យ​បាន​ប្រមាណ ៥០ ​ភាគរយ​ នៅ​ឆ្នាំ​ ២០២០ និង ១០០ ភាគរយ​ នៅ​ឆ្នាំ​ ២០២៥​។

តាម​ការព្យាករ​ក្នុង​ឆ្នាំ​ ២០២៥ កម្ពុជា​ត្រូវការ​បំពាក់បំប៉ន និង​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍​ដល់​អ្នកបម្រើ​ការ​ក្នុង​វិស័យនេះ​ប្រមាណ ១,២ ​លាន​នាក់​ ដើម្បី​ឆ្លើយតប​នឹង​ចំនួន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ប្រមាណ​ជាង ១១ ​លាន​នាក់​៕