ភ្នំពេញៈ រដ្ឋាភិបាល​កម្ពុជា​បាន​ចំណាយ​ជាង ១១ ៣៧៦ លាន​ដុល្លារ​ចាប់ពី​ឆ្នាំ​ ១៩៩៣ ដល់​ដំណាច់​ឆមាស​ទី​ ១ ​ឆ្នាំ​ ២០២០ ដើម្បី​ផ្ដល់​ហិរញ្ញប្បទាន​ដល់​គម្រោង​វិនិយោគសាធារណៈ​នៅក្នុង​វិស័យ​អាទិភាព​របស់​រាជរដ្ឋាភិបាល​សំដៅ​រួមចំណែក​ទ្រទ្រង់​ជីវភាព​នៃ​កំណើន​រយៈពេល​វែង និង​បង្កើន​ផលិតភាព​សេដ្ឋកិច្ច និង​ផលិតកម្ម​។

របាយការណ៍​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ដែល​បានចេញ​ផ្សាយ​កាលពី​ដើម​សប្ដាហ៍​មុន​នៅក្នុង​ឆមាស​ទី​ ១ ​ឆ្នាំ​ ២០២០ រាជរដ្ឋាភិបាល​បាន​ចុះ​កិច្ចព្រមព្រៀង​ខ្ចី​ឥណទាន​សម្បទាន​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​នានា​សរុប​ចំនួន ៤៧៩,០៥ ​លាន​ដុល្លារ​អាមេរិក (​ស្មើនឹង​ ៣៤៦,៤៥ លាន​SDR) ស្មើនឹង​ប្រមាណ​ ២៥ ​ភាគរយ​នៃ​ពិតាន​ដែល​ច្បាប់​អនុញ្ញាត (១ ៤០០ លាន​ SDR) ក្នុងនោះ​ក្របខ័ណ្ឌ​ទ្វេភាគី​មាន​ចំនួន​ប្រមាណ​ ៩៣ ​ភាគរយ​ត្រូវ​នឹង​ ៤៤៣,៦៥ ​លាន​ដុល្លារ​អាមេរិក និង​ក្របខ័ណ្ឌ​ពហុភាគី​មាន​ចំនួន​ប្រមាណ​ ៧ ​ភាគរយ​ត្រូវ​នឹង​ ៣៥,៤០ ​លាន​ដុល្លារ​អាមេរិក​។

គោលដៅ​នៃ​ការខ្ចី​ឥណទាន​សម្បទាន​ទាំងនេះ​គឺ​សុទ្ធតែ​សម្រាប់​ហិរញ្ញប្បទាន​លើ​គម្រោង​វិនិយោគ​សាធារណៈ​ក្នុង​នោះ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​គ្របដណ្ដប់​ប្រមាណ ៩៣ ​ភាគរយ និង​វិស័យ​អាទិភាព​ចំពោះ​ផ្សេងៗ​ទៀត ប្រមាណ​ ៧ ​ភាគរយ​។ ជារួម​ឥណទាន​ទាំងនេះ​សុទ្ធ​សឹង​ជា​ឥណទាន​ដែល​មាន​កម្រិត​សម្បទាន​ខ្ពស់ ដោយ​មាន​ធាតុ​អំណោយ​ជា​មធ្យម ៥៦ ​ភាគរយ​។

វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​រួមមាន ផ្លូវថ្នល់ ស្ពាន ផ្លូវដែក កំពង់ផែ ព្រលានយន្តហោះ ប្រព័ន្ធធារាសាស្ដ្រ អគ្គិសនី ការផ្គត់ផ្គង់​ទឹក និង​រោងចក្រ​ប្រព្រឹត្តិកម្ម​ទឹកស្អាត​។​ល​។

លោក មាស សុខសេនសាន អ្នកនាំពាក្យ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ថ្ងៃ​ពុធ​ថា ប្រាក់​ទាំងអស់​នេះ​ត្រូវ​បាន​ប្រើប្រាស់​ភាគច្រើន​សម្រាប់​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ទូទាំង​ប្រទេស​ក្នុង​គោលបំណង​កែលម្អ​ជីវភាព​រស់នៅ​របស់​ប្រជាជន សកម្មភាព​សេដ្ឋកិច្ច និង​ការដឹកជញ្ជូន​។

លោក​ថ្លែងថា​៖ «​នៅពេល​នេះ​យើង​មាន​កំណើន​សេដ្ឋកិច្ច​ប្រកប​ដោយ​ចីរភាព​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ ដែល​ផ្ដល់​លទ្ធភាព​ដល់​យើង​ក្នុង​ការសន្សំ​ប្រាក់ ហើយ​យើង​កាត់បន្ថយ​ចំនួន​កម្ចី​ជាង​មុន​។ នេះ​មានន័យថា វា​អាច​ផ្ដល់​ដល់​យើង​នូវ​លទ្ធភាព​កាន់តែ​ច្រើន​ក្នុង​ការបង្កើន​គុណភាព​ហេដ្ឋារចនាសម្ព័ន្ធ ដែល​ខុសគ្នា​ពីអ្វី​ដែល​យើង​មាន​ពីមុន ដែល​យើង​គ្រាន់តែ​ផ្ដោត​ការយកចិត្ត​ទុកដាក់​លើ​បរិមាណ ប៉ុន្តែ​នៅពេល​នេះ​គេ​និយាយ​អំពី​គុណភាព​របស់​ហេដ្ឋារចនាសម្ព័ន្ធ​ទាំងនោះ​»​។

លោក ហុង វណ្ណៈ អ្នកស្រាវជ្រាវ​ផ្នែក​សេដ្ឋកិច្ច​នៅ​រាជបណ្ឌិត្យ​សភា​កម្ពុជា ក៏បាន​លើកឡើង​ដែរ​ថា ប្រទេស​កម្ពុជា​នៅ​តែ​ជា​ប្រទេស​ដែលមាន​សមត្ថភាព នៅក្នុង​ក្រសែភ្នែក​របស់​បណ្ដា​ប្រទេស​ជា​ដៃគូ​អភិវឌ្ឍន៍ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​អន្តរជាតិ​ក្នុង​ការគ្រប់គ្រង​បំណុល ហើយ​បំណុល​របស់​ប្រទេស​នេះ​នៅតែ​មាន​កម្រិត​ទាប​បើ​ធៀប​នឹង​ផលិតផល​សរុប​ក្នុងស្រុក (GDP)​។ លោក​បាន​ឲ្យ​ដឹងថា បំណុល​របស់​រដ្ឋាភិបាល​ជាង​ ៩០ ​ភាគរយ​កំពុង​ប្រើប្រាស់​សម្រាប់​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ ដើម្បី​គាំទ្រ​កំណើន​សេដ្ឋកិច្ច និង​ការ​កាត់បន្ថយ​ភាពក្រីក្រ​។

លោក​លើកឡើង​ថា​៖ «​ខ្ញុំ​បាន​សង្កេតឃើញ​ក្នុង​រយៈពេល​ ១០ ​ឆ្នាំ​ចុង​ក្រោយនេះ​ថា គុណភាព​នៃ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ គឺ​កាន់តែ​មាន​គុណភាព ដោយសារ​តែ​ភាគច្រើន​គឺ​ត្រូវបាន​ត្រួតពិនិត្យ​ដោយ​ក្រុម​អ្នកជំនាញ​របស់​ម្ចាស់ជំនួយ ឬ​ដៃគូ​អភិវឌ្ឍន៍​។ ខ្ញុំ​ហ៊ាន​និយាយថា យើង​ទទួល​បាន​ប្រសិទ្ធភាព​ច្រើនណាស់​ក្នុង​ការប្រើប្រាស់​កម្ចី ហើយ​នេះ​ពិតជា​ជួយ​ក្នុង​ការកាត់បន្ថយ​ភាពក្រីក្រ និង​គាំទ្រ​កំណើន​សេដ្ឋកិច្ច​សម្រាប់​ប្រទេសជាតិ​»​។

របាយការណ៍​របស់​ក្រសួង​បាន​ឲ្យ​ដឹងថា បើ​គិត​ចាប់ពី​ឆ្នាំ​ ១៩៩៣ រហូតដល់​ថ្ងៃទី​ ៣០ ខែមិថុនា ឆ្នាំ​ ២០២០ រាជរដ្ឋាភិបាល​បាន​ដក​សាច់ប្រាក់​ពី​ដៃគូ​អភិវឌ្ឍន៍​យក​មក​ប្រើប្រាស់​ជាក់ស្ដែង​សរុប​ចំនួន ៨,៤៩ ​ពាន់​លាន​ដុល្លារ​អាមេរិក​ស្មើ​នឹង​ប្រមាណ ៦៥ ​ភាគរយ​នៃ​ទំហំ​ឥណទាន​សម្បទាន​សរុប ក្នុងនោះ​ប្រមាណ ៨៦ ​ភាគរយ​ត្រូវបាន​ប្រើប្រាស់ ដើម្បី​ហិរញ្ញប្បទាន​លើ​គម្រោង​វិនិយោគ​សាធារណៈ​ក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត និង​ប្រមាណ​ ១៤ ​ភាគរយ​ទៀត​ក្នុង​វិស័យ​ផ្សេងទៀត​។

បើ​គិត​ចាប់ពី​ឆ្នាំ ១៩៩៣ រហូតដល់​ថ្ងៃទី​ ៣០ ខែមិថុនា ឆ្នាំ​ ២០២០ រាជរដ្ឋាភិបាល​បាន​ចុះ​កិច្ចព្រមព្រៀង​ផ្ដល់​ឥណទាន និង​កិច្ចព្រមព្រៀង​មិនមែន​ឥណទាន​ជាមួយ​ឥណទាយិក​សរុប ២,៩៧ ​ពាន់​លាន​ដុល្លារ​ក្នុង​នោះ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​គ្របដណ្ដប់​ប្រមាណ ៩៩ ​ភាគរយ និង វិស័យ​អាទិភាព​ចំពោះមុខ​ផ្សេងទៀត​ប្រមាណ​ ១ ​ភាគរយ​។

នៅ​ឆមាស​ទី​ ១ ​ឆ្នាំ​ ២០២០ ឥណទាយិក​បាន​ដក​សាច់ប្រាក់​យក​ទៅ​ប្រើប្រាស់​ជាក់ស្ដែង​សរុប​ចំនួន ២២៣,៧៧ ​លាន​ដុល្លារ​។ បើ​គិត​ចាប់ពី​ឆ្នាំ​ ១៩៩៣ រហូតមកដល់​ថ្ងៃទី​ ៣០ ខែមិថុនា​ឆ្នាំ​ ២០២០ ឥណ​ទាយិក​បាន​ដក​សាច់ប្រាក់​ទៅប្រើប្រាស់​ជាក់ស្ដែង​សរុប​ចំនួន ១,៩៥ ​ពាន់​លាន​ដុល្លារ​អាមេរិក​ស្មើ​នឹង​ប្រមាណ​ ៦៦ ​ភាគរយ​នៃ​ការផ្ដល់​ឥណទាន ដែល​បាន​ចុះ​កិច្ចព្រមព្រៀង​ខាងលើ​ក្នុង​នោះ​ ៩៩ ​ភាគរយ​ត្រូវបាន​ប្រើប្រាស់​ក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត និង​ ១ ​ភាគរយ​ទៀត​ក្នុង​វិស័យ​អាទិភាព​ចំពោះមុខ​ផ្សេងទៀត​។

បើ​យោងតាម​ការស្ទង់មតិ​រួម​ ១ ​ដោយ​ទីភ្នាក់ងារ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន (JICA) កាលពី​ឆ្នាំ​ ២០១១ របស់​រដ្ឋាភិបាល​ជប៉ុន និង​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) បាន​ឲ្យ​ដឹងថា កម្ពុជា​ត្រូវការ​ជាង​ ១៣ ​ពាន់​លាន​ដុល្លារ​សម្រាប់​ការអភិវឌ្ឍ និង​ថែទាំ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​ត្រឹម​ឆ្នាំ​ ២០២០ ប្រសិនបើ​ប្រទេស​នេះ​មាន​បំណង​បន្ត​ទាក់ទាញ​ការវិនិយោគ​បរទេស​៕ LA