ភ្នំពេញៈ កម្ពុជា​បាន​ចំណាយ​ទឹកប្រាក់​ ៥០២ ​លាន​ដុល្លារ​ដើម្បី​នាំ​ចូល​វត្ថុធាតុ​ដើម និង​សម្ភារ​សម្រាប់​គាំទ្រ​ដល់​វិស័យ​សំណង់​នៅ​ឆមាស​ទី​ ១ ឆ្នាំ​ ២០១៨ នេះ​គឺ​កើនឡើង ៦ ភាគរយ​ពី​ទឹកប្រាក់ ៤៧៤ លាន​ដុល្លារ​កាលពី​ឆមាស​ទី​ ១ ឆ្នាំ​មុន​។ នេះ​បើ​យោង​តាម​របាយការណ៍​ប្រចាំ​ឆមាស​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា​។

​ខណៈ​ទឹកប្រាក់​នៃ​ការ​នាំ​ចូល​បង្ហាញ​ពី​អត្រា​កំណើន​ទាប អ្នក​នៅក្នុង​ឧស្សាហកម្ម​នេះ​បាន​លើកឡើង​ថា វា​ជា​កម្រិត​គួរ​ឲ្យ​ពេញ​ចិត្ត​ដែល​ឆ្លុះបញ្ចាំង​ពី​ស្ថិរភាព វិស័យ​សំណង់​កម្ពុជា ស្របពេល​កម្ពុជា​ស្ថិត​ក្នុង​ឆ្នាំ​ដែល​មាន​ការរៀបចំ​ការ​បោះឆ្នោត​ថ្នាក់ជាតិ​។

លោក​ ជីវ ស៊ីវផេង អ្នក​គ្រប់គ្រង​ទូទៅ​សមាគម​អ្នក​សាងសង់​កម្ពុជា​ព្យាករ​ថា សកម្មភាព​សំណង់​នឹង​មើលឃើញ​កំណើន​កាន់តែ​ធំ​នៅ​ឆមាស​ទី​ ២ និង​កំណើន​តម្រូវការ​សម្ភារ​សំណង់​ក៏​នឹង​មាន​កំណើន​បន្ថែម​ផង​ដែរ​។

ខណៈ​សម្ភារ​ភាគច្រើន​ដែល​ប្រើប្រាស់​ក្នុង​វិស័យ​សំណង់​នៅពេល​នេះ​កំពុង​ពឹង​ផ្អែក​លើ​ការនាំ​ចូល​លោក ស៊ីវផេង បាន​ថ្លែង​ថា​មាន​និន្នាការ​កំណើន​នៃ​ការផ្គត់ផ្គង់​សម្ភារ​ក្នុង​ស្រុក ដូចជា​ស៊ីម៉ងត៍ ឥដ្ឋ និង​សម្ភារ​មូលដ្ឋាន​ជាច្រើន​ផ្សេងទៀត​។

លោក​បាន​ថ្លែង​ថា​៖ «​នៅពេល​វិស័យ​សំណង់​នៅ​តែ​រក្សា​កំណើន ហើយ​តម្រូវការ​សម្ភារ​បន្ត​កើនឡើង ក្រុម​វិនិយោគិន​ក្នុង​ស្រុក​កាន់តែ​ច្រើន​នឹង​បង្កើត​ការផលិត​ផលិតផល​សំណង់​សម្រាប់​វិស័យ​នេះ​ហើយ​យើង​នឹង​ពឹងផ្អែក​កាន់តែ​តិច​លើ​ការ​នាំចូល​»​។

បើ​ទោះបី​យ៉ាង​នេះ​ក្តី របាយការណ៍​មិន​បាន​ប្រាប់​ពី​ផលិតផល​ដែល​កម្ពុជា​នាំចូល​សម្រាប់​វិស័យ​សំណង់​នោះ​ទេ​។

ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​អនុម័ត​គម្រោង​សំណង់ ១ ៦៤៣ នៅ​ឆមាស​ទី​ ១ ​ឆ្នាំ​នេះ​ជាមួយ​នឹង​ទីតាំង​សរុប​ទំហំ​ ៥,៣ ​ម៉ែត្រក្រឡា​។ តម្លៃ​ប៉ាន់ប្រមាណ​ពី​គម្រោង​ដែល​បាន​អនុម័ត​នេះ​បាន​កើនឡើង​ដល់​ប្រហែល ២,១ ​ពាន់​លាន​ដុល្លារ​។

លោក Roongrote Rangsiyopash ​ប្រធាន​នាយកប្រតិបត្តិ SCG ជា​ក្រុមហ៊ុន​មេ​របស់​ក្រុមហ៊ុន ផលិត​ស៊ីម៉ងត៍​កំពត​កម្ពុជា​បាន​ឲ្យ​ដឹង​នៅក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​ថា វិស័យ​សំណង់​របស់​កម្ពុជា​បាន​បង្ហាញ​កំណើន​ជា​បន្ត ដោយសារ​តែ​អគារ​ពាណិជ្ជកម្ម និង​អគារ​លំនៅឋាន​នៅ​ក្នុង​ទីក្រុង​សំខាន់ៗ កំពុង​រក្សា​កំណើន​ដ៏រឹងមាំ​។

ក្រុមហ៊ុន SCG បាន​រាយការណ៍​ប្រាក់​ចំណូល​បាន​ពី​ការលក់​ចំនួន ២០២ លាន​ដុល្លារ​កាលពី​ឆមាស​ទី​ ១ ​ឆ្នាំ​នេះ​កើនឡើង ១៩ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​មុន​៕ LA