
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ចុះទៅពិនិត្យការរៀបចំច្រកទ្វារព្រំដែនអន្តរជាតិ «ព្រៃវល្លិ» ស្ថិតក្នុងខេត្តស្វាយរៀងព្រំដែនកម្ពុជា-វៀតណាម កាលពីម្សិលមិញ។ រូបថត MPWT
ភ្នំពេញៈ កម្ពុជាកំពុងជំរុញការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនទាំងផ្នែករឹង និងផ្នែកទន់ឲ្យប្រសើរឡើង ជាពិសេសចរាចរណ៍តាមច្រកទ្វារព្រំដែនអន្តរជាតិ រួមទាំងការបើកច្រកទ្វារអន្តរជាតិថ្មីៗជាមួយប្រទេសជិតខាងនៅក្នុងគោលបំណងដើម្បីប្រែក្លាយខ្លួនទៅជាមជ្ឈមណ្ឌលភ័ស្តុភារកម្មនៅក្នុងតំបន់អាស៊ាន។ នេះបើតាមលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។
នៅក្នុងពេលចុះទៅពិនិត្យការរៀបចំច្រកទ្វារព្រំដែនអន្តរជាតិ «ព្រៃវល្លិ» ស្ថិតក្នុងខេត្តស្វាយរៀងព្រំដែនកម្ពុជា-វៀតណាមកាលពីថ្ងៃព្រហស្បតិ៍ ទី ១០ ខែកញ្ញា នេះលោក ស៊ុន ចាន់ថុល បាននិយាយថា បច្ចុប្បន្នរដ្ឋាភិបាលកម្ពុជាកំពុងប្រឹងប្រែងក្នុងការកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅគ្រប់ទីកន្លែង ព្រមជាមួយនឹងការបន្តរៀបចំបើកច្រកទ្វារព្រំដែនជាបន្តបន្ទាប់។
លោកបន្តថា នៅពេលប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងកន្លែងឆ្លងកាត់ទំនិញមានភាពងាយស្រួល វានឹងរួមចំណែកជួយលើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិកម្ពុជាបានមួយចំណែកបន្ថែមទៀត។
លោកប្រាប់ទៀតថា ក្នុងមហិច្ឆតាប្រែក្លាយមុខមាត់ប្រទេសលើឆាកអន្តរជាតិ ព្រមទាំងបង្កើនកម្រិតប្រាក់ចំណូលក្នុងសេដ្ឋកិច្ចជាតិនោះ គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធថ្មីៗបានលេចឡើងជាបន្តបន្ទាប់ ទោះបីសេដ្ឋកិច្ចពិភពលោកកំពុងធ្លាក់ក្នុងបរិបទនៃការឆ្លងរាលដាលកូវីដ ១៩ ក៏ដោយ។
លោកថ្លែងថា៖ «ទោះបីជំងឺកូវីដ ១៩ កំពុងបន្តការរីករាលដាលក៏រដ្ឋាភិបាលមិនបានផ្អាក ឬលុបចោលគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធថ្មីៗណាមួយនោះទេ ដោយរដ្ឋាភិបាលមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបន្តកសាងហេដ្ឋារចនាសម្ព័ន្ធ ដែលជាកត្តាដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិឲ្យមានការរីកចម្រើន»។
អភិបាលខេត្តស្វាយរៀងលោក ម៉ែន វិបុល បានប្រាប់ថា បន្ថែមលើហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ល្អប្រសើរ ការបើកច្រកទ្វារព្រំដែនបន្ថែមជាមួយប្រទេសជិតខាងគឺពិតជាមានសារៈសំខាន់ក្នុងការបង្កើនភាពទាក់ទាញឲ្យមានការចូលមកបណ្តាក់ទុនវិនិយោគកាន់តែច្រើននៅកម្ពុជា។
លោកថ្លែងថា៖ «ជាមួយនឹងការបើកច្រកនេះ (ព្រៃវល្លិ៍) ខ្ញុំរំពឹងថា នឹងអាចស្រូបបាននូវកំណើនអ្នកវិនិយោគបន្ថែមទៀតមកកាន់ទីនេះដែលនឹងអាចឈានទៅដល់ការបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីៗបន្ថែមទៀតនៅពេលខាងមុខ»។
ប្រធានសមាគមភ័ស្តុភារកម្មកម្ពុជាលោក ស៊ិន ចន្ធី បានប្រាប់ថា ការចាប់យកឱកាសក្នុងការប្រែក្លាយខ្លួនទៅជាមណ្ឌលភ័ស្តុភារកម្មក្នុងតំបន់ គឺជាការចាំបាច់សម្រាប់កម្ពុជា ខណៈកម្ពុជាជាប្រទេសស្ថិតនៅចំទីតាំងអំណោយផលល្អ។ លោកបន្តថា ទោះយ៉ាងណាដោយសារការខិតខំជំរុញរបស់រដ្ឋាភិបាលទើបចាប់ផ្តើមនោះ ដូច្នេះវាត្រូវការពេលវេលាបន្ថែមទៀត។
លោកនិយាយថា៖ «សម្រាប់ផែនការរយៈពេលវែង យើងពិតជាចង់ធ្វើឲ្យកម្ពុជាក្លាយទៅជាទីតាំងនៃមណ្ឌលភ័ស្តុភារកម្មក្នុងតំបន់អាស៊ាន ដែលទាក់ទាញឲ្យអ្នកវិនិយោគកាន់តែច្រើនមូលមកបើកដំណើរការរោងចក្រ និងអាជីវកម្មនានានៅកម្ពុជា»។
លោកប្រាប់ទៀតថា តាមការសិក្សារបស់ JICA កន្លងមកបានព្យាករថា សកម្មភាពដឹកជញ្ជូនទំនិញនៅកម្ពុជានឹងមានសម្ទុះឡើងជាងទ្វេដងនៅអំឡុងឆ្នាំ ២០២៣-២០២៥។
ក្នុងជំនួបជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ស្តីពី «កិច្ចសហប្រតិបត្តិការបច្ចេកទេសសម្រាប់គម្រោងធ្វើឲ្យប្រសើរឡើងប្រព័ន្ធភ័ស្តុភារកម្មនៅកម្ពុជា ដំណាក់កាលទី ២» កាលពីថ្ងៃពុធ លោក ស៊ុន ចាន់ថុល ក៏បានលើកឡើងដែរថា ការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងការធ្វើឲ្យប្រសើរឡើងច្រកទ្វារព្រំដែនអន្តរជាតិថ្មីជាមួយប្រទេសជិតខាង គឺជាកម្លាំងចលករក្នុងការលើកកម្ពស់វិស័យភ័ស្តុភារកម្មដែលអាចប្រកួតប្រជែងបានជាមួយប្រទេសក្នុងតំបន់៕ LA