ភ្នំពេញៈ រដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​គោលនយោបាយ​កសិកម្មសរីរាង្គ​ដើម្បី​ជំរុញ​ចង្វាក់​ផលិតកម្ម​សម្រាប់​នាំចេញ ដែល​នេះ​ជា​យន្តការ​ថ្មី​មួយទៀត​ក្នុង​ការជំរុញ​ផលិតកម្ម​សរីរាង្គ​នៅ​កម្ពុជា​។ នេះ​បើតាម​ប្រកាស​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ចេញផ្សាយ​កាលពី​ថ្ងៃអាទិត្យ​។

វិស័យ​ឯកជន​រំពឹងថា គោលនយោបាយ​កសិកម្មសរីរាង្គ​នឹង​ជួយ​ជំរុញ​ទីផ្សារ​ក្នុងស្រុក និង​ទប់ស្កាត់​បន្លែ​នាំចូល​ពី​ប្រទេស​ជិត​ខាង​បាន​ច្រើន​។

ប្រកាស​ស្តីពី​ «​វិធាន​កសិកម្មសរីរាង្គ​កម្ពុជា និង​រូប​សញ្ញា​ជាតិ​សម្រាប់​អនុវត្ត​ក្នុង​ផលិតកម្ម និង​ការកែច្នៃ​បឋម​ដំណាំ​ស្បៀង​» បាន​ឲ្យ​ដឹងថា វិធាន​នេះ​ធ្វើឡើង​ក្នុង​គោលដៅ​លើកកម្ពស់​ការជឿជាក់​ចំពោះ​អ្នក​ផលិត និង​អ្នកប្រើប្រាស់​ផលិតផល​កសិកម្ម​ធ្វើ​ជា​ចំណីអាហារ​ប្រកប​ដោយ​គុណភាព និង​សុវត្ថិភាព​ព្រមទាំង​លើកកម្ពស់​ស្តង់ដា​ស្រប​តាម​ផលិតផល​កសិកម្ម​សរីរាង្គ ដើម្បី​បង្កើន​ឧត្តមភាព​ប្រកួត​ប្រជែង និង​ជំរុញ​ពាណិជ្ជកម្ម​ផលិតផល​ស្បៀង​នៅលើ​ទីផ្សារ​ក្នុង​ស្រុក និង​ការនាំចេញ​។

ប្រកាស​ខាងលើ​បន្តថា វិធាន​នេះ​នឹង​ជួយ​លើកកម្ពស់ និង​គាំទ្រ​ការចូលរួម​របស់​ប្រជាកសិករ សហគមន៍​កសិកម្ម និង​ផ្នែក​ឯកជន ដើម្បី​ជំរុញ​ការអនុវត្ត​វិធាន​កសិកម្មសរីរាង្គ​កម្ពុជា​នៅក្នុង​ផលិតកម្ម និង​ការកែច្នៃ​បឋម​ដំណាំ​ស្បៀង ហើយ​ក៏​នឹង​រួមចំណែក​គាំពារ​បរិស្ថាន ថែរក្សា​សុខភាព សុវត្ថិភាព និង​សុខុមាលភាព​ប្រជាជន​ផងដែរ​។

ប្រកាស​នេះ​មាន ១៦ ប្រការ​ដោយ​មាន​វិសាលភាព​គ្របដណ្តប់​ចំពោះ​ការអនុវត្ត​កសិកម្មសរីរាង្គ​នៅក្នុង​ផលិតកម្ម និង​ការកែច្នៃ​បឋម​ដំណាំ​ស្បៀង និង​ចំពោះ​ផលិតផល​កសិកម្មសរីរាង្គ​ដែល​ធ្វើ​ពាណិជ្ជកម្ម រួមមាន​ផ្លែឈើ បន្លែ និង​ដំណាំ​ស្បៀង​ផ្សេងៗ​ទៀត​។

ខ្លឹមសារ​ប្រកាស​នេះ​ឲ្យ​ដឹងថា​៖ «​វា​នឹង​លើក​ទឹកចិត្ត​ចំពោះ​ការចូលរួម​របស់​ប្រជាកសិករ សហគមន៍ កសិកម្ម និង​ផ្នែក​ឯកជន​ដែល​ធ្វើ​ការដាំដុះ​ដំណាំ​ស្បៀង ដើម្បី​ធ្វើ​ពាណិជ្ជកម្ម​ផលិតផល​ស្បៀង​តាមរយៈ​ការផ្តល់សេវា​អប់រំ និង​តម្រង់ទិស​អនុវត្ត​វិធាន​កសិកម្មសរីរាង្គ​កម្ពុជា ដើម្បី​ធានាបាន​ថា ផលិតផល​ស្បៀង​ទាំងអស់​នោះ​មាន​គុណភាព​ល្អ និង​មាន​សុវត្ថិភាព​សម្រាប់​ការប្រើប្រាស់​ជា​ចំណីអាហារ​របស់​មនុស្ស និង​ចំណី​សត្វ​»​។

លោកស្រី ប៊ុន សៀង ប្រធាន​ក្រុមហ៊ុន Natural Agriculture Village ដែលជា​ក្រុមហ៊ុន​ចែកចាយ​បន្លែ​ក្នុង​ស្រុក​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ចន្ទ​ថា វិធាន​កសិកម្ម​សរីរាង្គ​កម្ពុជា និង​រូបសញ្ញា​ជាតិ​សម្រាប់​អនុវត្ត​ក្នុង​ការផលិតកម្ម និង​ការកែច្នៃ​បឋម​ដំណាំ​ស្បៀង​នឹង​ជួយ​ជំរុញ​ការដាំដុះ និង​ការប្រើប្រាស់​បន្លែ​ក្នុងស្រុក​បន្ថែម​ទៀត​។ លោកស្រី​ថ្លែងថា​៖ «​ខ្ញុំ​គិតថា​ជា​សញ្ញា​ល្អ​ដែល​រដ្ឋាភិបាល​ជំរុញ​ការដាំ​បន្លែ​សរីរាង្គ ដែល​វា​នឹង​អាច​ធ្វើឲ្យ​យើង​មាន​លទ្ធភាព​នាំចេញ​បន្លែ​សរីរាង្គ ដើម្បី​បំពេញតម្រូវការ​ទីផ្សារ​នៅពេល​អនាគត​»​។

លោកស្រី​បន្តថា គោលនយោបាយ​លើក​កម្ពស់​បន្លែ​សរីរាង្គ​នេះ​ក៏​នឹង​ជួយ​ឲ្យ​អ្នកប្រើប្រាស់​ងាក​មក​ទទួលទាន បន្លែ​ក្នុង​ស្រុក​ជំនួស​ឲ្យ​បន្លែ​នាំចូល​ពី​ប្រទេស​ជិតខាង​ផងដែរ​។

លោកស្រី​បញ្ជាក់ថា៖ «​ខ្ញុំ​គិតថា វា​នឹង​លើកទឹកចិត្ត​ឲ្យ​កសិករ​ពង្រីក​ការដាំ​បន្លែ​បន្ថែមទៀត ព្រោះ​បន្លែ​សរីរាង្គ​មាន​ទីផ្សារ​ល្អ និង​តម្លៃ​ខ្ពស់​។ បើទោះបី​ជា​យើង​កំពុង​បោះជំហាន​យឺតៗ​ក្នុង​ការលើកកម្ពស់​បន្លែ​សរីរាង្គ ដែល​វា​នឹង​ធ្វើឲ្យ​ទីផ្សារ​បន្លែ​របស់​យើង​កាន់តែ​រឹងមាំ​នៅពេល​ខាងមុខ​»​។

លោក ស្រី វុឌ្ឍី អ្នកនាំពាក្យ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ឲ្យ​ដឹង​កាលពី​សប្តាហ៍​មុន​ថា ដើម្បី​បំពេញ​តម្រូវការ​បន្លែ​ក្នុងស្រុក កម្ពុជា​ចាំបាច់​ត្រូវ​នាំចូល​បន្លែ​ពី​វៀតណាម និង​ថៃ​ប្រមាណ ៣២ ​ភាគរយ ខណៈ​កម្ពុជា​មាន​លទ្ធភាព​ក្នុង​ការផ្គត់ផ្គង​បន្លែ​ក្នុង​ស្រុក​ប្រចាំឆ្នាំ​ ២០២០ នេះ​បាន​ប្រមាណ ៧១៦ ១១៣ តោន​​ ស្មើនឹង ៦៨ ​ភាគរយ ​នៃ​តម្រូវការ​បន្លែ​សរុប​ជាង ១ ​លាន​តោន​។

កម្ពុជា​បាន​នាំចេញ​បន្លែ​ក្នុង​កម្រិត​តិចតួច​ប៉ុណ្ណោះ​គឺ​ចំនួន ៣៨,៦៣ ​តោន នៅក្នុង​រយៈពេល ៣ ​ខែ​ដំបូង​ ឆ្នាំ ២០២០ ទៅកាន់​ទីផ្សារ​ប្រទេស​បារាំង ឆែក និង​ហូឡង់​។ នេះ​បើ​យោងតាម​របាយការណ៍​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​៕ LA