ភ្នំពេញៈ កម្ពុជា និង​ប្រទេស ​កាតា បាន​​ពិភាក្សា​គ្នា​ស្តីពី​កិច្ច​សហ​​ប្រតិបត្តិការ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម ដើម្បី​ជំរុញ និង​ការ​ការពារ​ការ​វិនិយោគ​ទៅ​វិញ​ទៅ​មក​។

នៅ​ក្នុង​ជំនួប​រវាង​លោក ម៉ូហាម៉េត អ៊ីស្មែល អាល់​អេម៉ាឌី ឯកអគ្គ​រដ្ឋទូត​​កាតា និង​លោក កឹម ស៊ីថន រដ្ឋមន្ត្រី​ស្តីទី​ក្រសួង​ពាណិជ្ជកម្ម កាល​ពី​​​ម្សិលមិញ ភាគី​ទាំង ​២ បាន​ពិភាក្សា​ពន្លឿន​​ការ​ពិនិត្យ​នៃ​ខ្លឹមសារ​ក្នុង​កិច្ច​ព្រមព្រៀង​ទាំង ​២ ​ដើម្បី​ឈាន​ដល់​សេចក្តី​សម្រេច។

សេចក្តី​ព្រាង​កិច្ច​ព្រមព្រៀង​ចំនួន ​២ គឺ​កិច្ច​ព្រមព្រៀង​ស្តីពី​សហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម និង​បច្ចេកទេស និង​​កិច្ច​ព្រមព្រៀង​ស្តីពី​ការ​ជំរុញ និង​ការ​ការពារ​ទៅ​វិញ​ទៅ​មក​នៃ​ការ​វិនិយោគ​ដើម្បី​ពង្រឹង​ទំនាក់​ទំនង​ទ្វេ​ភាគី។

ឯក​អគ្គ​រដ្ឋទូត​កាតា​​​ បញ្ជាក់​ថា៖ ​«​ប្រទេស​ ​កាតា ​មាន​បំណង​​នាំចូល​ផលិតផល​កសិកម្ម​ពី​ប្រទេស ​កម្ពុជា»។

លោក​បន្ត​ថា កាតា​គ្រោង​នឹង​អញ្ជើញ​មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា​ទៅ​​ចូល​រួម​កិច្ច​ប្រជុំ​គណៈកម្មការ​ចម្រុះ​កាតា និង​កម្ពុជា​ដែល​គ្រោង​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី ១១-១២ ខែ កញ្ញា ឆ្នាំ ២០១៩ នៅ​ប្រទេស ​កាតា។

លោក កឹម ស៊ីថន បាន​សន្យា​ថា​នឹង​ពន្លឿន​ពិនិត្យ​មើល​លើ​ខ្លឹមសារ​កិច្ច​ព្រមព្រៀង​នេះ ហើយ​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ទៅ​ទស្សនកិច្ច​សិក្សា​នៅ​វេទិកា​ជំនួប​ធុរកិច្ច​នៅ​កាតា។

លោក​ក៏​បាន​ស្នើ​កាតា​ឲ្យ​ជួយ​​បញ្ជា​ទិញ​អង្ករ​ក្រអូប​ខ្មែរ និង​ជំរុញ​ឲ្យ​ប្រជាជន​កាតា​ធ្វើ​ដំណើរ​​មក​កម្ពុជា​ផង​ដែរ។ លោក​បញ្ជាក់ថា៖ «​[យើង]​ស្នើ​ឲ្យ​ឯកអគ្គ​រដ្ឋទូត​កាតា​បង្កើន​ការ​នាំចូល​ទំនិញ​កសិកម្ម​កម្ពុជា​បន្ថែម​​ទៀត ពិសេស​អង្ករ​ក្រអូប និង​ជួយ​ជំរុញ​ប្រជាជន​កាតា​ចូល​មក​កម្សាន្ត​នៅ​កម្ពុជា»។

បើ​តាម​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា ទំហំ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​បាន​សម្រេច​បាន​ជាង ២ លាន​ដុល្លារ​ប៉ុណ្ណោះ ក្នុង​រយៈពេល ​៣ ​ឆ្នាំ ​ចុង​ក្រោយ​នេះ ចាប់​ពី​ឆ្នាំ ២០១៦ មក៕ LA