
ទិដ្ឋភាពថតរូបអនុស្សាវរីយ៍របស់ថ្នាក់ដឹកនាំក្រោយពេលបញ្ចប់កិច្ចប្រជុំកាលពីម្សិលមិញ។ រូបថត សហការី
ភ្នំពេញៈ រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្មកម្ពុជាកាលពីថ្ងៃម្សិលមិញបានជំរុញឲ្យរដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្មរបស់ប្រទេសឥណ្ឌា និងរបស់ប្រទេសអាស៊ានចំនួន ៤ ដែលរួមមាន កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម (CLMV) ធ្វើការងាររួមគ្នាឲ្យកាន់តែជិតស្និទ្ធ ដោយសង្ឃឹមថាការសហការគ្នានេះនឹងជំរុញសេដ្ឋកិច្ច និងពាណិជ្ជកម្មបន្ថែមទៀត។
ថ្លែងនៅក្នុងកិច្ចប្រជុំពាណិជ្ជកម្មប្រចាំឆ្នាំលើកទី ៥ របស់ប្រទេសឥណ្ឌា និងក្រុមប្រទេស CLMV នៅក្នុងទីក្រុងភ្នំពេញ កាលពីម្សិលមិញ ដែលផ្ដោតលើកិច្ចសហការសមាហរណកម្មក្នុងតំបន់ លោក ប៉ាន់ សូរស័ក្តិ រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្មបានថ្លែងថា ឥណ្ឌា និង បណ្ដាប្រទេស CLMV ត្រូវតែធ្វើការងារឲ្យកាន់តែជិតស្និទ្ធបន្ថែមទៀតដើម្បីធ្វើសេរីភាវូបនីយកម្មសេដ្ឋកិច្ចបន្ថែមទៀត។
លោកបានថ្លែងថាប្រទេសទាំង ៥ នេះគួរតែចាំបាច់ធ្វើការងារដើម្បីទប់ស្កាត់គោលនយោបាយគាំពារនិយម ពង្រឹងប្រព័ន្ធពាណិជ្ជកម្មពហុភាគី និងលើកកម្ពស់ទំនាក់ទំនងរវាងក្រុមហ៊ុន និងក្រុមហ៊ុន (B2B)។
លោកថ្លែងថា៖ «សម្រាប់ការលើកកម្ពស់លំហូរពាណិជ្ជកម្ម និងចង្វាក់តម្លៃក្នុងតំបន់ អាស៊ាននិងឥណ្ឌាបានធ្វើសេរីភាវូបនីយកម្មជាង ៩០ ភាគរយនៃពន្ធនាំចូលសរុប»។ លោករដ្ឋមន្ត្រីបានបន្ថែមថា លំហូរវិនិយោគផ្ទាល់ពីបរទេស ពីប្រទេស ឥណ្ឌា មកកាន់តំបន់អាស៊ានបានកើនឡើងពី ៩៦០ លានដុល្លារកាលពីឆ្នាំ ២០១៥ ដល់ ១,០៥ ពាន់លានដុល្លារកាលពីឆ្នាំ ២០១៦។
នេះជាលើកដំបូងហើយដែលប្រទេសកម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំពាណិជ្ជកម្មរបស់ប្រទេសឥណ្ឌា និងក្រុមប្រទេស CLMV នេះ។ វាជាកិច្ចប្រជុំរយៈពេល ២ ថ្ងៃដែលសំដៅកំណត់ឱកាសគម្រោងជាក់លាក់ និងស្វែងរកដៃគូពាណិជ្ជកម្មនៅក្នុងតំបន់នេះ។ កិច្ចប្រជុំនេះក៏រួមមានកិច្ចប្រជុំរវាងក្រុមហ៊ុន និងក្រុមហ៊ុនផងដែរ។
លោក Suresh Prabhu រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម និងអាកាសចរណ៍ស៊ីវិលឥណ្ឌាបានថ្លែង កាលពីម្សិលមិញថា កម្ពុជាដែលជាប្រទេសមានសេដ្ឋកិច្ចរីកចម្រើនខ្លាំងគឺជាទិសដៅវិនិយោគដ៏ល្អមួយសម្រាប់ឥណ្ឌា ដោយសារសក្ដានុពលវិនិយោគរបស់ប្រទេសនេះដូចជាការវិនិយោគមិនប៉ះពាល់បរិស្ថានរបស់ខ្លួន សេដ្ឋកិច្ចពឹងលើប្រាក់ដុល្លារ និងគោលនយោបាយបើកចំហជាច្រើនផ្សេងទៀតដើម្បីទាក់ទាញការវិនិយោគ។
លោកបានមានប្រសាសន៍ថា៖ «យើងសម្លឹងឆ្ពោះមុខដើម្បីប្រកាសពីកិច្ចសហប្រតិបត្តិការវិនិយោគបន្ថែមទៀតជាមួយប្រទេសកម្ពុជា»៕ LA