ភ្នំពេញៈ ក្រុមហ៊ុនកម្ពុជាតេលាដែលធ្វើអាជីកម្មលើការចែកចាយប្រេងឥន្ធនៈដ៏ធំនៅកម្ពុជាបានទិញសិទ្ធិដំណើរការម៉ាកយីហោភោជនីយដ្ឋានល្បី «The Habit Burger Grill» មកពីសហរដ្ឋអាមេរិកដើម្បីបម្រើសេវាអាហាររហ័សនៅកម្ពុជា ដោយបើកដំណើរការសាខាដំបូងនេះថ្ងៃនេះនៅតំបន់ទួលគោក រាជធានីភ្នំពេញ។
លោក យី សុផល ប្រធានប្រតិបត្តិ The Habit Burger Grill បានឱ្យដឹងថា ដោយមើលឃើញនិន្នាការរបស់ប្រជាពលរដ្ឋកម្ពុជាចូលចិត្តទទួលទាន Burger ដូច្នេះហើយបានជាក្រុមហ៊ុនកម្ពុជាតេលាដែលតែងតែគិតគូរលើគុណភាពផលិតផលជាចម្បងបានទិញហ្វ្រេនឆាយយីហោរបស់អាមេរិក The Habit Burger Grill មកបម្រើដល់អតិថិជននៅកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Fresh news កាលពីថ្ងៃម្សិលមិញ។
បើតាមលោក សុផល The Habit Burger Grill សាខាទី ១ នៅទីតាំងខណ្ឌទួលគោក ជិតស្ពានអាកាស ៥ មករា តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ីហើយក្រុមហ៊ុនមានផែនការបើកសាខាទី ២ លើមហាវិថីម៉ៅសេទុងទល់មុខស្ថានទូតចិននៅខែក្រោយនេះ និងសាខាបន្តបន្ទាប់ទៀតនៅពេលក្រោយ។
លោក ជី សិលា សហគ្រិនកម្ពុជាដែលធ្លាប់បើកដំណើរការសេវាម្ហូបអាហារជាច្រើននៅកម្ពុជាតាមរយៈការទិញយីហោបរទេស និងការបង្កើតយីហោក្នុងស្រុកបានកត់សម្គាល់ថា អាហារទាន់ចិត្តជាប្រភេទអាហារពេញនិយមនៅកម្ពុជា ជាពិសេសចំណោមយុវវ័យ។
លោក ជី សិលា បញ្ជាក់ថា៖ «ខ្ញុំគិតថាទីផ្សារអាហាររហ័សនៅតែល្អនៅកម្ពុជា ដែលប្រជាជននៅតែចូលចិត្តវាខ្លាំងណាស់»៕ LA