
ក្រុមកម្មករកំពុងសម្អាតសម្បុកត្រចៀកកាំ។ ហេង ជីវ័ន
ភ្នំពេញៈ កម្ពុជាត្រូវការពង្រីកការវិនិយោគបន្ថែមលើរោងចក្រកម្រិតស្តង់ដាកែច្នៃផលិតផលពីសត្វត្រចៀកកាំសម្រាប់ការនាំចេញ ខណៈដែលឯកសារភាគីចិនផ្ញើមកឱ្យកម្ពុជាបំពេញដើម្បីបើកផ្លូវឈានទៅការនាំចេញទៅប្រទេសចិន ជាផ្លូវការអាចនឹងរួចរាល់នៅដំណាច់ឆ្នាំនេះ។
អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ងិន ឆាយ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នាថ្ងៃអាទិត្យថា ដោយសារកម្ពុជាចង់មានឯកសារ និងការសិក្សាលម្អិតច្បាស់លាស់ ហេតុនេះក្នុងចំណោមសំណួរដែលភាគីចិនបញ្ជូនឱ្យមកបំពេញប្រមាណ ៣០០ នាពេលកន្លងមកគឺមិនទាន់រួចរាល់អាចផ្ញើត្រឡប់ទៅឱ្យភាគីចិនវិញបានទេ។ លោកបន្តថា ទន្ទឹមនឹងកង្វះខាតព័ត៌មានមួយចំនួនសម្រាប់បំពេញឱ្យទៅប្រទេសចិនកម្ពុជាក៏មានបញ្ហាទាក់ទងនឹងរោងចក្រកែច្នៃកម្រិតស្តង់ដាប្រទេសចិនផងដែរ។
លោកលើកឡើងថា៖ «សព្វថ្ងៃយើងមិនទាន់មានរោងចក្រកែច្នៃទឹកមាត់ត្រចៀកកាំកម្រិតស្តង់ដាដែលអន្តរជាតិទទួលស្គាល់ជាផ្លូវការទេ ដោយការកែច្នៃភាគច្រើនត្រូវបានធ្វើឡើងជាលក្ខណៈគ្រួសារតែប៉ុណ្ណោះ។ នេះជាចំណុចមួយដែលពិបាក ដោយយើងនៅមានការខ្វះខាតច្រើន»។
ទោះជាយ៉ាងណាលោកប្រាប់ថា បច្ចុប្បន្នក្រុមការងារជំនាញ និងផ្នែកពាក់ព័ន្ធកំពុងធ្វើការងារនេះយ៉ាងសស្រោកសស្រាំដោយរំពឹងថា សំណួរទាំងជិត ៣០០ នឹងត្រូវបញ្ចប់ទាំងស្រុងនៅដំណាច់ឆ្នាំនេះ។ លោកបន្តថា៖ «យើងមិនចង់ប្រញាប់ពេកក្នុងការផ្ញើឯកសារទៅភាគីចិនទេ ព្រោះយើងមិនចង់ឱ្យអ្វីដែលផ្ញើទៅគេ Reject (បដិសេធ) ចោលទេ។
សម្រាប់ការវិនិយោគលើផ្ទះត្រចៀកកាំ លោក ងិន ឆាយ ប្រាប់ថា សកម្មភាពការពង្រីកការចិញ្ចឹមត្រចៀកកាំកំពុងមានចលនាកើនឡើង ជាមួយក្តីរំពឹងថា ការមកដល់នៃពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា និងចិននឹងធ្វើឱ្យកម្ពុជាមានទីផ្សារនៅចិនកាន់តែធំ។
គុណភាពសម្បុកត្រចៀកកាំកម្ពុជាត្រូវបានគេទទួលស្គាល់ជាអន្តរជាតិថា មានគុណភាពល្អ ព្រោះកម្ពុជាមានតំបន់ធម្មជាតិច្រើនដោយមិនសូវមានឧស្សាហកម្មធំៗដែលបញ្ចេញផ្សែងនាំឱ្យសម្បុកត្រចៀកកាំមិនល្អ។
លោក ណាង សុធី ប្រធានសហព័ន្ធសម្បុកត្រចៀកកាំកម្ពុជាទទួលស្គាល់ថា នៅកម្ពុជាបច្ចុប្បន្នពិតជាមិនទាន់មានរោងចក្រកែច្នៃទឹកមាត់ត្រចៀកកាំកម្រិតស្តង់ដាអន្តរជាតិទេ ប៉ុន្តែបើទីផ្សារនេះមានទំហំកាន់តែធំ ពិសេសមានការនាំចេញផ្លូវការទៅប្រទេសចិននោះ ការវិនិយោគលើរោងចក្រកែច្នៃនឹងកើតមានជាបន្តបន្ទាប់។ លោកនិយាយថា ដោយសារសម្បុក និងទឹកមាត់សត្វត្រចៀកកាំមានតម្លៃខ្ពស់នៅលើទីផ្សារអន្តរជាតិ ហេតុនេះកំណើននៃការវិនិយោគលើវិស័យនេះនឹងមានសម្ទុះច្រើននៅពេលអនាគត។
លោកនិយាយថា៖ «ការវិនិយោគលើរោងចក្រកែច្នៃផលិតផលពីសត្វត្រចៀកកាំមិនមានបញ្ហាទេ ប៉ុន្តែអ្វីជាឧបសគ្គពេលនេះគឺទីផ្សារ»។
បើតាមលោក សុធី បច្ចុប្បន្នសម្បុកត្រចៀកកាំមិនទាន់សម្អាតមានតម្លៃជាចន្លោះពី ៥០០-៨០០ ដុល្លារ ក្នុង ១ គីឡូក្រាម ចំណែកសម្បុកសម្អាតរួចមានតម្លៃចន្លោះពី ១ ៨០០ ដុល្លារ ដល់ ៣ ៥០០ ដុល្លារ។ តម្លៃនេះមានភាពប្រហាក់ប្រហែលគ្នាបើធៀបទៅនឹងឆ្នាំមុន។
ជាមួយនឹងផ្ទះអភិរក្សត្រចៀកកាំប្រមាណ ៣ ០០០ ខ្នង លោក សុធី បាននិយាយថា ក្នុង ១ ខែកម្ពុជាអាចប្រមូលផលសម្បុកត្រចៀកកាំបានយ៉ាងតិចចន្លោះពី ១ ០០០ ទៅ ១ ៥០០ គីឡូក្រាម៕ LA