ភ្នំពេញ៖ ការ​នាំចេញ​កៅស៊ូ​របស់​កម្ពុជា​សម្រេច​បាន​ជិត​ ១០​ ម៉ឺន​តោន​​មាន​កំណើន​​ប្រមាណ ​១៧ ​ភាគរយ​ក្នុង​រយៈពេល​ ​៥ ខែ​​ដំបូង​ ឆ្នាំ​២០២០ ​ទោះបី​ជា​ជំងឺ​កូវីដ ​១៩ ​​បាន​រាតត្បាត​​ពិភព​​លោក​ធ្វើ​ឲ្យ​ប៉ះពាល់​​ដល់​រោងចក្រ​ឧស្សាហកម្ម និង​បង្ក​ឲ្យ​មាន​​វិបត្តិ​សេដ្ឋកិច្ច​​ក៏​ដោយ​។​

លោក ឃួង ផល្លា​ ប្រធាន​រដ្ឋបាល​ និង​នីតិកម្ម​នៃ​អគ្គ​នាយកដ្ឋាន​កៅស៊ូ​នៃ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់​ និង​នេសាទ​ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពី​ថ្ងៃ​អាទិត្យ​ថា ការ​នាំចេញ​កៅស៊ូ​របស់​កម្ពុជា​សម្រេច​បាន​ ៩៧ ១៧៥​ តោន​ ក្នុង​​អំឡុង​ពេល​នេះ​ កើន​ឡើង​ ១៧ ភាគរយ​ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​។

លោក ​ឃួង ផល្លា អះអាង​ថា ប្រទេស​ចិន ដែល​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​ទី២ ​ក្នុង​​ពិភព​លោក​​នៅ​តែ​ជា​ទីផ្សារ​ធំ​សម្រាប់​ស្រូប​យក​ផលិតផល​កៅស៊ូ​​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ​។

លោក​បន្ថែម​ថា តម្លៃ​កៅស៊ូ​នាំចេញ​ក្នុង​ខែ​ឧសភា ​​បាន​កើន​ឡើង​​​ប្រមាណ​​ ៥ ដុល្លារ ​ដែល​​មាន​តម្លៃ ​១ ១៩៣ ​ដុល្លារ ​ក្នុង ​១ ​តោន​ធៀប​នឹង​តម្លៃ​​កាល​ពី​ខែ​មេសា ​ប៉ុន្តែ​​តម្លៃ​នេះ​​នៅ​ទាប​ជាង​​​តម្លៃ​​មធ្យម​​ភាគ​​ក្នុង​រយៈពេល ​៥​ ខែ ​ដែល​មាន​តម្លៃ​ ​១​ ៣១៤ ​ដុល្លារ​ ក្នុង ​១ ​តោន​ ដោយសារ​​តម្លៃ​កៅស៊ូ​​ខ្ពស់​ជាង​កាល​ពី​ដើម​ឆ្នាំ​។​

លោក​បន្ត​ថា៖ «​យើង​ឃើញ​​ថា ​តម្រូវ​ការ​កៅស៊ូ​មិន​ទាន់​មាន​​ប្រែប្រួល​អ្វី​គួរ​ឲ្យ​កត់​សម្គាល់​ទេ​ក្នុង​អំឡុង​ពេល​នេះ ដែល​ជះឥទ្ធិពល​ដោយសារ​​​ជំងឺ​កូវីដ ​១៩​។ បន្ថែម​លើស​ពី​នោះ ការ​​បញ្ជា​ទិញ​​​ក៏​​មិន​ទាន់​មាន​អ្វី​ប្រែប្រួល​​ដែរ»។

លោក​អះអាង​ថា ​ស្ថានភាព​ពិភព​លោក​​បច្ចុប្បន្ន​​នេះ​មិន​មាន​អំណោយ​ផល​ដល់​ការ​កើន​​ឡើង​តម្លៃ​កៅស៊ូ​នា​ពេល​ខាង​មុខ​នោះ​ទេ។ ​​​​

បើ​យោង​តាម ​លោក ​ផល្លា​ បច្ចុប្បន្ន​ផ្ទៃ​ដី​ប្រមូល​ផល​កៅស៊ូ​​មាន​ចំនួន​ ២៥០​ ១០៧​ ហិកតា ​នៃ​ផ្ទៃ​ដី​ដាំ​ដុះ​សរុប​ ៤០៤​ ៧០១ ហិកតា​។​

លោក ហេង ស្រេង​ ប្រធាន​គ្រប់គ្រង​ទូទៅ​ក្រុមហ៊ុន​ Long Sreng International Co Ltd ជា​ក្រុមហ៊ុន​ដាំដុះ ​និង​នាំចេញ​កៅស៊ូ​ ក្រោម​ឈ្មោះ​ ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​បឹងកេត ​ប្រាប់​ភ្នំពេញ​ ប៉ុស្តិ៍​ថា ក្រុមហ៊ុន​លោក​នាំចេញ​កៅស៊ូ​​ជា​មធ្យម​ ១ ៧៥០ ​តោន ​ក្នុង​រយៈ​ពេល ​៥ ខែ​ដើម​ឆ្នាំ​នេះ​ទៅ​កាន់​ទីផ្សារ​​​ប្រទេស​​ចិន និង​វៀតណាម​។ ប៉ុន្តែ​​តម្លៃ​នាំចេញ​កៅស៊ូ​ពី​ក្រុមហ៊ុន​​របស់​លោក ហេង​ ស្រេង​ ហាក់​ទាប​ជាង​តម្លៃ​​ដែល​កត់ត្រា​ដោយ​​អគ្គនាយកដ្ឋាន​កៅស៊ូ​កម្ពុជា ដែល​មាន​តម្លៃ​​ចន្លោះ​ពី ១ ១០០ ​ដុល្លារ ​ទៅ ១ ៣០០ ​ដុល្លារ ​ក្នុង ​១ តោន​។

លោក​ថ្លែង​ថា៖ «​ការ​នាំចេញ​របស់​យើង​ដំណើរការ​ជា​ធម្មតា​ យើង​នាំចេញ​ប្រមាណ​ ៣៥០ ​តោន​ក្នុង ​១ ​ខែ ហើយ​តម្លៃ​កៅស៊ូ​មិន​មាន​អ្វី​ប្រែប្រួល​គួរ​ឲ្យ​កត់​សម្គាល់​ទេ​»។​​

កាល​ពី​ខែ​មីនា​កន្លង​ទៅ​រដ្ឋាភិបាល​បាន​សម្រេច​កាត់​បន្ថយ​​​ពន្ធ​លើ​ឧស្សាហកម្ម​​កៅស៊ូ ​ដោយសារ​ការ​ធ្លាក់​ចុះ​តម្លៃ​លើ​ពិភព​លោក​ដែល​រង​ផល​ប៉ះពាល់​អវិជ្ជមាន​យ៉ាង​ខ្លាំង​បណ្តាល​​​​មក​ពី​​ការ​រាត​ត្បាត​វីរុស​កូរ៉ូណា​ក្នុង​វិស័យ​ឧស្សាហកម្ម​នេះ​។​

អនុក្រឹត្យ​​ដែល​ចុះ​ហត្ថលេខា​ដោយ​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន​ កាល​ពី​ខែ​មីនា​ បាន​​កំណត់​​ថា​ ប្រសិន​បើ​តម្លៃ​នាំចេញ​កៅស៊ូ​នៅ​ក្រោម ​១ ៤០០ ​​ដុល្លារ ​ក្នុង ​១ តោន ​នឹង​មិន​តម្រូវ​ឲ្យ​បង់​ពន្ធ​នោះ​ទេ ​ប៉ុន្តែ​បើ​តម្លៃ​នាំចេញ​ចាប់​ពី ១​ ៤០០ ដុល្លារ​ដល់​ ៣ ៥០០ ដុល្លារ​ ​ក្នុង ​១ ​តោន​ នោះ​អ្នក​នាំចេញ​​នឹង​ជាប់​កាតព្វកិច្ច​បង់​ពន្ធ​ចន្លោះ​​ពី ​២៥ ដុល្លារ​ ទៅ ២០០ ដុល្លារ ​ក្នុង ​១ តោន​​។

របាយ​ការណ៍​​នាំចេញ​កៅស៊ូ​របស់​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់ ​និង​នេសាទ បាន​ឲ្យ​ដឹង​ថា ​ប្រទេស​កម្ពុជា ​បាន​នាំចេញ​កៅស៊ូ​ ២៨២ ០៧១ ​តោន កាល​ពី​ឆ្នាំ ​២០១៩ ​ដោយ​​​មាន​កំណើន​ ​៣០ ភាគរយ​ បើ​ធៀប​នឹង​បរិមាណ​នាំចេញ ​២១៧ ៥០១ ​តោន​ កាល​ពី​ឆ្នាំ ២០១៨​។​

ការ​នាំចេញ​កៅស៊ូ​មាន​តម្លៃ​ ៣៧៧ លាន​ដុល្លារ​ កាល​ពី​ឆ្នាំ ​២០១៩ ​កើន​ឡើង ​៣២ ​ភាគរយ​​ ធៀប​នឹង​ឆ្នាំ ២០១៨ ដែល​មាន​ តម្លៃ ​២៨៦ ​លាន​ដុល្លារ​៕ LA

វីដេអូ៖