ភ្នំពេញ: ប្រទេស​កម្ពុជា ​បាន​នាំចេញ​ផលិតផល​ពី​ដំឡូងមី​ជិត ៣ ​លាន​តោន​ ទៅកាន់​ទីផ្សារ​អន្តរជាតិ​យ៉ាងហោច​ ១០ ​ប្រទេស​នៅ​ទ្វីបអាស៊ី និង​អឺរ៉ុប ដោយមាន​កំណើន​ជិត​ ៤៩ ​ភាគរយ​ ក្នុង​រយៈពេល​ ៩ ​ខែ​ដើម ឆ្នាំ​ ២០២០ ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។

របាយការណ៍​របស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បានឱ្យ​ដឹងថា ក្នុង​រយៈពេល​នេះ​កម្ពុជា​បាន​នាំចេញ​ដំឡូងមី​ស្រស់​ចំនួន​ជាង​ ១,៧៨ លាន​តោន និង​ចំណិត​ដំឡូងមី​ក្រៀម​ចំនួន​ជាង​ ១,២ ​លាន​តោន​ ទៅកាន់​ទីផ្សារ​ប្រទេស​វៀតណាម និង​ថៃ និង​ការនាំចេញ​ម្សៅដំឡូ​មី​ចំនួន ១២ ០០០ តោន​ ទៅកាន់​ទីផ្សារ​នៃ​ប្រទេស​ឥណ្ឌា ចិន បែលហ្ស៊ិក ហូឡង់ ប៉ាគីស្ថាន សាធារណរដ្ឋ​ឆែក ក្រូ​អាស៊ី និង​អ៊ីតាលី​។

ក្រសួងពាណិជ្ជកម្ម​ក្រោម​ជំនួយ​បច្ចេកទេស និង​ហិរញ្ញវត្ថុ​របស់​កម្មវិធី​អភិវឌ្ឍន៍​អង្គការ​សហប្រជាជាតិ (UNDP) ​កាលពី​ឆ្នាំ​ ២០១៨ បានដាក់​ចេញ​នូវ​គោលនយោបាយ​ជាតិ​ដំឡូងមី​ដំបូង​បំផុត​ដែលមាន​បំណង​ប្រែក្លាយ​កម្ពុជា​ទៅជា​ទីតាំង​ឧស្សាហកម្ម​កែច្នៃ និង​ផ្គត់ផ្គង់​ដំឡូងមី​សម្រាប់​ទីផ្សារ​ពិភពលោក​។

លោក គឹម ហួត ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តបាត់ដំបង​ដែលមាន​ព្រំប្រទល់​ជាប់​ប្រទេស​ថៃ​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ កាលពី​ថ្ងៃ​អង្គារ​ថា ក្នុង​រយៈពេល​ ៩ ​ខែ​ដំឡូងមី​របស់​ខេត្ត​នេះ​ត្រូវបាន​នាំ​ចេញ​ទៅ​ប្រទេស​ថៃ​ សរុប​ចំនួន ១២៦ ២៥០ តោន​។ ក្នុងនោះ​ដំឡូងមី​ក្រៀម​ចំនួន ១១៥ ០០០ តោន និង​ដំឡូងមី​ស្រស់​ចំនួន ១១ ២៥០ ​តោន​។

លោក​បន្តថា ក្នុងអំឡុង​ពេលនេះ​ដំឡូងមី​ស្រស់​មានតម្លៃ​ចន្លោះ​ពី ១៦៩ ​ទៅ​ ២៨៦ ​រៀល​ ក្នុង​ ១ ​គីឡូក្រាម និង ដំឡូងមី​ក្រៀម​មាន​តម្លៃ​ចន្លោះ​ពី ៥៥៨ ទៅ​ ៨២០ ​រៀល​ក្នុង​ ១ ​គីឡូក្រាម​។

ការដាំដុះ​ដំណាំ​ដំឡូងមី​របស់​ប្រជាកសិករ​ក្នុង​ខេត្ត​បាត់ដំបង​រហូត​មកដល់​ពេលនេះ​សម្រេចបាន​លើ​ផ្ទៃដី​ចំនួន ១៤១ ១៣២ ហិកតា​ ដោយ​ទិន្នផល​តាម​ការប៉ាន់ស្មាន​ជា​មធ្យម ២៦,៤៣ តោន​ ក្នុង​ ១ ​ហិកតា ខណៈ​ដែល​ផ្ទៃដី​ប៉ះពាល់ និង​ខូចខាត​ដំឡូងមី​ដោយ​ទឹកជំនន់​ប្រហែល​ ៨០ ​ភាគរយ ​នៃ​ផ្ទៃ​ដាំដុះ​សរុប​អំឡុង​ពេលនេះ​។ នេះ​បើ​តាម​លោក ហួត​។

អ្នកស្រី សុខ ហុក កសិករ​ដាំ​ដំឡូងមី​នៅ​ស្រុក​សំពៅលូន ខេត្តបាត់ដំបង​ដែល​ដាំ​ដំឡូងមី​លើ​ផ្ទៃដី​ ១០ ​ហិកតា​ ដោយ​ ២ ​ហិកតា​ ទទួលរង​ជំនន់​ទឹកភ្លៀងបាន​ឱ្យ​ដឹងថា អ្នកស្រី​នឹង​ចាប់ផ្តើម​ប្រមូលផល​ដំឡូងមី​នៅក្នុង​ខែមករា​ឆ្នាំក្រោយ ដោយ​រំពឹង​ថា​នឹង​ប្រមូលផល​ចន្លោះ​ពី​ ១០០ ​ទៅ​ ២០០ ​តោន​។

អ្នកស្រី​និយាយ​៖ «​ទិន្នផល​អាច​ថយ​ជាង​ឆ្នាំមុន ព្រោះ​ទឹកភ្លៀង​បាន​ជន់​លិច​ចម្ការ​របស់ខ្ញុំ​ប៉ះពាល់​ជាង​ ២ ​ហិកតា​។ ឥឡូវ​ទឹក​ស្រក​វិញ​បន្តិច​ហើយ ប៉ុន្តែ​ប្រសិនបើ​ទឹកជំនន់​បន្ត​អូសបន្លាយ​រហូត​ដល់​ចុងខែ​តុលា វា​នឹង​ធ្វើ​ឱ្យ​ដំឡូងមី​រលួយ​អស់​មួយចំនួន​»​។

អ្នកស្រី​រំពឹងថា ដំឡូងមី​ក្រៀម​នឹងមាន​តម្លៃ​ប្រហែល​ឆ្នាំមុន​គឺ​ចន្លោះ​ពី ៦០០ ​ទៅ​ ៧០០ ​រៀល ​ក្នុង​ ១ ​គីឡូក្រាម ដោយ​បញ្ជាក់ថា​៖ «​ដាំ​ឡូងមី​មាន​ទីផ្សារ​ និង​តម្លៃ​ល្អ​ជាង​ដំណាំ​ពោត​»​។

ដំឡូងមី ត្រូវបាន​គេ​ដាំដុះ​ក្នុង​ខែឧសភា​ និង​ចាប់​ប្រមូលផល​ពី​ខែវិច្ឆិកា​រហូតដល់​ខែ​កុម្ភៈ​ក្នុង​ឆ្នាំ​នីមួយៗ​។

កាលពី​ខែ​សីហា ឆ្នាំនេះ រដ្ឋាភិបាល​បានអនុម័ត​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​គោលនយោបាយ​ជាតិ​ដំឡូងមី​ ២០២០-២០២៥ បន្ទាប់ពី​ក្រសួង​ពាណិជ្ជកម្ម​និង​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ​​រួមគ្នា​អភិវឌ្ឍ​ឯកសារ​គោល​រយៈពេល​ ២ ​ឆ្នាំ​។ គោលនយោបាយ​ជាតិ​ដំឡូងមី​នេះ​បាន​កំណត់​គោលដៅ​សំខាន់ៗ​ចំនួន​ ៣ រួមមានៈ ទី ១ ការផ្លាស់ប្តូរ​ពី​ផលិតកម្ម​ដំឡូងមី​បែប​ប្រពៃណី ឬ​គ្រួសារ​ឱ្យ​ទៅ​ជា​ផលិតកម្ម​ដំឡូងមី​បែប​ពាណិជ្ជកម្ម និង​ការអនុវត្ត​តាម​គោលការណ៍​បច្ចេកទេស​កសិកម្ម​ដែល​កសិករ​អាច​ទទួល​បាន​ប្រាក់ចំណូល​ខ្ពស់ ការប្រើប្រាស់​ដី​ប្រកប​ដោយ​ចីរភាព និង​កសិកម្ម​វៃឆ្លាត​ដែល​ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ​។

ទី​ ២ ​គឺ​គាំទ្រ​ដល់​អ្នក​កែច្នៃ​ផលិតផល​ដំឡូងមី​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់ ដើម្បី​កែច្នៃ​ផលិតផល​ដំឡូងមី​ដែលមាន​តម្លៃបន្ថែម​សម្រាប់​ផ្គត់ផ្គង់​ក្នុង​ទីផ្សារ​ក៏ដូចជា​ទាក់ទាញ​ការវិនិយោគ​បន្ថែម​ក្នុង​ដំណាំ​កសិឧស្សាហកម្ម​នេះ និង​ទី​ ៣ ការលើក​កម្ពស់​ភាពប្រកួតប្រជែង​ពាណិជ្ជកម្ម​តាមរយៈ​ការជ្រៀតចូល និង​ចាប់យក​ចំណែក​ទីផ្សារ ព្រមទាំង​កែលម្អ​កិច្ចសម្រួល​ពាណិជ្ជកម្ម កាត់បន្ថយ​ចំណាយ​ដែល​មិនចាំបាច់ និង​សម្របសម្រួល​ជាមួយ​អន្តរវិស័យ​ដែល​ពាក់ព័ន្ធ​ការនាំចេញ​។

របាយការណ៍​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់​ និង​នេសាទ​បង្ហាញថា កម្ពុជា​នាំចេញ​ដំឡូងមី​ជាង ៣,២៩ លាន​តោន​ កាលពី​ឆ្នាំ​ ២០១៩ កើនឡើង​ ២៧ ​ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០១៨ ដែល​មាន ២,៥៩ លាន​តោន​៕LA