
កម្ពុជានាំចេញសរុបឆ្នាំ ២០២០ សម្រេចបាន $១៦ ពាន់លាន កើនជាង ១៤ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ហេង ជីវ័ន
ភ្នំពេញៈ ការនាំចេញសរុបរបស់កម្ពុជាក្នុងឆ្នាំ ២០២០ នេះសម្រេចបានប្រមាណ ១៦ ពាន់លានដុល្លារកើនជាង ១៤ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ទោះបីជាការរីករាលដាលជំងឺកូវីដ១៩ បានធ្វើឱ្យអាក់ខានដល់ការផលិត និងបន្ថយល្បឿនចង្វាក់ផ្គត់ផ្គង់ពិភពលោកក៏ដោយ។
ទិន្នន័យបឋមពីលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ដែលបានថ្លែងនៅក្នុងសន្និសីទព័ត៌មានផ្សាយផ្ទាល់ពិសេសកាលពីថ្ងៃអង្គារបង្ហាញថា ទំហំពាណិជ្ជកម្មសរុបមាន ៣២ ពាន់លានដុល្លារក្នុងនោះការនាំចេញពីកម្ពុជាមានប្រហែល ១៦ ពាន់លានដុល្លារ។
លោកបានបន្តថា កម្ពុជាទទួលបានកំណើនខ្លាំងផ្នែកផលិតផលកសិកម្មសំខាន់ៗទាំង ៧ ដែលមានតម្លៃ សរុប ៣,៨១ ពាន់លានដុល្លារក្នុងនោះការនាំចេញអង្ករមាន ៦៧៥ ០០០ តោនកើនឡើង ១១,១១ ភាគរយ ឬមានតម្លៃ ៥១៤ លានដុល្លារ ដំឡូងមីជាង ៧ លានតោន តម្លៃជាង ១ ពាន់លានដុល្លារ ស្វាយចន្ទី ២១៨ ៨៨៤ តោន តម្លៃ ២៨៨ លានដុល្លារ ស្វាយ ៨៥០ ០០០ តោន តម្លៃ ៤៧៣ លានដុល្លារ ចេកអំបូងលឿង ៣១៣ តោនតម្លៃ ៥៥១ លានដុល្លារ មៀនប៉ៃលិន ១៧៤ តោន តម្លៃ ៥៧ លានដុល្លារ ម្រេចតម្លៃ ២៥ លានដុល្លារ។
លោកថ្លែងថា៖ «ទោះបី (យើងទទួលរងផលប៉ះពាល់) ដោយសារការរីករាលដាលជំងឺកូវីដ-១៩ ក៏ការនាំចេញរបស់យើងនៅតែមានដំណើរការល្អ។ យើងទទួលបានការកើនឡើងជាច្រើនផ្នែកផលិតផលកសិកម្ម»។
លោកនាយករដ្ឋមន្ដ្រីបានពន្យល់ថា៖ «សម្រាប់ទីផ្សារនាំចេញរបស់យើងគឺបន្តពង្រីកទីផ្សារ ខណៈទីផ្សារកសិកម្មរបស់យើងកំពុងកើនឡើង។ ជាមួយគ្នានេះកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) បានចុះហត្ថលេខារួចហើយដែលនឹងមានទីផ្សារផ្សេងទៀតដូចជា ជប៉ុន អូស្ដ្រាលី ចិន នូវែលសេឡង់។ល។ យើងក៏បានធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន ហើយយើងនឹងមានកិច្ចព្រមព្រៀងជាមួយប្រទេសកូរ៉េខាងត្បូង និងជាមួយប្លុកសហភាពសេដ្ឋកិច្ចអឺរ៉ូអាស៊ី (Eurasia) ផងដែរ»។
លោក ខែន លូ អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជាឱ្យដឹងថា ការនាំចេញសម្លៀកបំពាក់ និងស្បែកជើងសរុបបានធ្លាក់ចុះប្រមាណ ១០ ភាគរយក្នុងរយៈពេល ១០ ខែដំបូងឆ្នាំនេះ។ លោកបន្ថែមថា៖ «ខ្ញុំមិនមានទិន្នន័យរយៈពេលពេញ ១ ឆ្នាំទេ ប៉ុន្តែក្នុងរយៈពេល ១០ ខែដំបូងការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរធ្លាក់ចុះប្រហែល ១០ ភាគរយ»។
លោកលើកឡើងថា៖ «និន្នាការសម្រាប់ឆ្នាំ ២០២១ នឹងពឹងផ្អែកលើស្ថានការណ៍ជំងឺកូវីដ ១៩ នៅក្នុងទីផ្សាររៀងៗខ្លួន។ យើងមិនអាចធ្វើអ្វីបានច្រើនទេនៅពេលនេះ»។
ទិន្នន័យធនាគារជាតិនៃកម្ពុជាបង្ហាញថា ទំហំការនាំចូល និងការនាំចេញសរុបរបស់កម្ពុជាមានតម្លៃ ៣៦,៧ ពាន់លានដុល្លារកាលពីឆ្នាំ ២០១៩។
ការនាំចេញមានចំនួន ១៤,៥៣ ពាន់លានដុល្លារ កើនឡើង ១២,៧ ភាគរយ និងការនាំចូលមានចំនួន ២២,១៩ ពាន់លានដុល្លារ កើនឡើង ១៨,៦ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៨។ ទោះជាយ៉ាងណាឱនភាពពាណិជ្ជកម្មរបស់កម្ពុជាជាមួយនឹងបណ្ដាប្រទេសផ្សេងទៀតនៃពិភពលោកបន្តកើនឡើងកាលពីឆ្នាំមុនដល់ ៧,៦៦ ពាន់លានដុល្លារ កើនឡើង ៣១,៦ ភាគរយ ធៀបនឹងឆ្នាំ ២០១៨។
អាមេរិកគឺជាទីផ្សារធំជាងគេរបស់កម្ពុជាដោយមានចំនួន ២៩,៦ ភាគរយនៃការនាំចេញសរុបកាលពីឆ្នាំមុន។
ការនាំចូលរបស់កម្ពុជាភាគច្រើនមកពីប្រទេសចិនដែលមាន ៤៣,១ ភាគរយនៃចំនួនសរុបកាលពីឆ្នាំ ២០១៩។ ថៃជាប្រទេសទី ២ មានចំនួន ១៥,៥ ភាគរយ វៀតណាម ១៣,៦ ភាគរយ ជប៉ុនចំនួន ៤,៧ ភាគរយ និងប្រទេសកូរ៉េខាងត្បូង ៣,៤ ភាគរយ៕ LA