ភ្នំពេញៈ ការនាំចេញ​ឧបករណ៍​អគ្គិសនី គ្រឿង​ម៉ាស៊ីន និង​ឧបករណ៍​មេកានិច​ (Electrical Equipments, Parts thereof, Machinery and Mechanical Appliances) ​ពី​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ក្នុង​រយៈពេល ៤ ​ខែ​ដំបូង​ក្នុង​ឆ្នាំ​ ២០២០ មាន​តម្លៃ​ប្រមាណ​ជិត ២៦៥ ​លាន​ដុល្លារ​កើនឡើង​ជាង ៣៣ ​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​ ២០១៩​។ នេះ​បើ​យោងតាម​ទិន្នន័យ​ពី​ក្រសួង​ពាណិជ្ជកម្ម​។

ទិន្នន័យ​នាំចេញ​របស់​អគ្គនាយកដ្ឋាន​ពាណិជ្ជកម្ម​ក្នុង​ប្រទេស​នៃ​ក្រសួង​ពាណិជ្ជកម្ម​ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួលបាន​ចុង​សប្តាហ៍​មុន​បង្ហាញថា ក្នុង​រយៈពេល​ ៤ ​ខែ​ដើម​ឆ្នាំ​ ២០២០ ការនាំចេញ​ឧបករណ៍​អគ្គិសនី គ្រឿង​ម៉ាស៊ីន និង​ឧបករណ៍​មេកានិច​មាន​តម្លៃ​សរុប ២៦៤,៨៩ ​លាន​ដុល្លារ​កើន ៣៣,៤ ​ភាគរយ​ពី​ចំនួន ១៩៨,៥១ ​លាន​ដុល្លារ​កាលពី​រយៈពេល​ដូចគ្នា​ក្នុង​​ឆ្នាំ​ ២០១៩​។ ប្រទេស​ដែល​នាំចូល​ផលិតផល​ឧបករណ៍​អគ្គិសនី គ្រឿង​ម៉ាស៊ីន និង​ឧបករណ៍​មេកានិច​ពី​កម្ពុជា​ច្រើន​ជាង​គេ​រួមមាន ប្រទេស​ថៃ ចិន ជប៉ុន និង​អាមេរិក​។

យោងតាម​ទិន្នន័យ​ខាងលើ​មាន​ឧបករណ៍​អគ្គិសនី គ្រឿង​ម៉ាស៊ីន និង​ឧបករណ៍​មេកានិច សរុប ៧២ ​មុខ​ដែល​ត្រូវបាន​នាំចេញ​ក្នុង​រយៈពេល​នេះ ដោយ​ស្មើនឹង​ទម្ងន់​សរុប ២៧ ២៧៣ ​តោន​។

ឧបករណ៍​ទាំងនោះ​មានដូចជា ខ្សែចម្លង​អគ្គិសនី​, យ៉ូត​, ត្រង់ស៊ីស្ទ័រ​, ឧបករណ៍​បឺតខ្យល់​, ម៉ូទ័រ​អគ្គិសនី ម៉ាស៊ីន​ជនិតាអគ្គិសនី (​មិន​រាប់បញ្ចូល​ម៉ាស៊ីនភ្លើង​), ឧបករណ៍​មេកានិច​អគ្គិសនី​ប្រើប្រាស់​ក្នុងផ្ទះ​ដែល​មាន​ភ្ជាប់​ម៉ូទ័រ​អគ្គិសនី និង​សៀគ្វី​អេឡិចត្រូនិក​ចម្រុះ​ជាដើម​។

លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​បាន​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​កាលពី​ថ្ងៃអាទិត្យ​ថា បើទោះបី​ជា​លោក​កំពុង​ជួបប្រទះ​នឹង​ការរីករាលដាល​ជំងឺ​កូវីដ​១៩ ប៉ុន្តែ​ការនាំចេញ​ឧបករណ៍​អគ្គិសនី គ្រឿង​ម៉ាស៊ីន និង​ឧបករណ៍​មេកានិច​ផលិត​នៅ​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ​មិនបាន​ធ្លាក់ចុះ​ទេ​ក្នុង​រយៈពេល ៤ ​ខែ​ដំបូង​ឆ្នាំ​ ២០២០ ដោយ​មាន​កំណើន​ជាង ៣៣ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០១៩​។

លោក​បន្ត​ថា ការនាំចេញ​ក្នុង​វិស័យ​នេះ​មិន​បាន​ទទួលរង​ផលប៉ះពាល់​ដូច​វិស័យ​កាត់ដេរ និង​វាយនភណ្ឌ​ឡើយ បើ​ទោះបី​ភាគច្រើន​នៃ​ប្រទេស​ដែល​ជា​គោលដៅ​នាំ​ចេញ​ពី​កម្ពុជា​កំពុង​ស្ថិត​ក្នុង​កាលៈទេសៈ​បិទ​ប្រទេស​ដោយសារ​កូវីដ​១៩ ក៏ដោយ​។

លោក​ថ្លែង​ថា​៖ «​ជារួម​ការនាំចេញ​គ្រឿង​ផ្គុំ​អេឡិចត្រូនិក​របស់​យើង គឺ​សម្រាប់​ផ្គត់ផ្គង់​ដល់​រោងចក្រ​សហគ្រាស​ផលិត​ឧបករណ៍​អេឡិចត្រូនិក​នៅ​បរទេស ដែល​មាន​កិច្ចសន្យា​ទិញ​គ្រឿង​ផ្គុំ ឬ​ជួល​ឲ្យ​រោងចក្រ​នៅ​កម្ពុជា​ផលិត​គ្រឿង​ផ្គុំ​ឲ្យ​ខ្លួន ហើយ​ដែល​កិច្ចសន្យា​ទាំងនោះ​នៅ​ជា​ធរមាន​នៅឡើយ​។ ម្យ៉ាងទៀត រោងចក្រ​ផលិត​របស់​យើង​ដែល​ទទួល​កិច្ចសន្យា​ផលិត​រួចហើយ ក៏​នៅ​បន្តសកម្មភាព​ផលិត និង​នាំចេញ​របស់​ខ្លួន​ជាធម្មតា ទោះបី​ក្នុង​កាលៈទេសៈ​កូវីដ ១៩ នេះ​ក្ដី​»​។

លោក​ប្រាប់ទៀត​ថា ការវិនិយោគ​នៅក្នុង​វិស័យ​ផលិត​ឧបករណ៍​អគ្គិសនី គ្រឿង​ម៉ាស៊ីន និង​ឧបករណ៍​មេកានិច​នៅ​កម្ពុជា​ត្រូវ​រំពឹង​ថា នឹង​មាន​កំណើន​បន្ថែម​ទៀត​នៅពេល​ខាង​មុខ ខណៈ​រដ្ឋាភិបាល​កំពុង​មាន​យុទ្ធសាស្ត្រ​ក្នុង​ការលើកស្ទួយ​ឧស្សាហកម្ម​ស្រាល ពិសេស​ឧស្សាហកម្ម​រៀបចំ​ផ្គុំ ដំឡើង ឧស្សាហកម្ម​ផលិត​គ្រឿង​ផ្គុំ ដែល​ជា​ផ្នែក​មួយ​នៃ​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​នៅ​កម្ពុជា​។

លោក​អះអាង​ថា​៖ «​រាជរដ្ឋាភិបាល​លើកទឹកចិត្ត​ឲ្យ​មាន​ការធ្វើ​វិនិយោគ​កាន់តែ​ច្រើន​ចំពោះ​វិស័យ​ដែល​នាំមក​នូវ​ការផ្ទេរ​បច្ចេកវិទ្យា និង​ការច្នៃ​ប្រឌិត​ថ្មីៗ​ដើម្បី​លើកកម្ពស់​កម្រិត​ជំនាញ​របស់​កម្មករ ពលករ​យើង និង​ដើម្បី​ត្រៀមខ្លួន​សម្រាប់​ការឈាន​ទៅ​រក​ឧស្សាហកម្ម ៤.០ ​ផងដែរ​»​។

លោក លឹម ហេង អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​បាន​និយាយថា ភាពទាក់ទាញ​នៃ​គោលនយោបាយ​វិនិយោគ​របស់​កម្ពុជា​ព្រម​ជាមួយ​ការកើត​មាន​ជម្លោះ​ពាណិជ្ជកម្ម​រវាង​ចិន និង​អាមេរិក​ដែល​បណ្តាល​ឲ្យ​ប្រទេស​ទាំង​ ២ បង្កើន​ការយកពន្ធ​ពី​ទំនិញ​នាំចូល​រវាង​ខ្លួន​កំពុង​តែ​ផ្តល់​ឱកាស​ឲ្យ​កម្ពុជា​ស្រូប​អ្នកវិនិយោគ​លើ​វិស័យ​ផលិត​ឧបករណ៍​អគ្គិសនី គ្រឿង​ម៉ាស៊ីន និង​ឧបករណ៍​មេកានិច​ជាច្រើន​ចូល​មក​បណ្តាក់ទុន​នៅ​កម្ពុជា​។

លោក​និយាយ​ថា​៖ «​ខ្ញុំ​មាន​ជំនឿ​ថា ការវិនិយោគ និង​ការនាំចេញ​របស់​កម្ពុជា​លើ​គ្រប់​វិស័យ​នឹង​មាន​កំណើន​ជា​បន្តបន្ទាប់​នៅពេល​អនាគត​»​។

កាលពី​ឆ្នាំ​ ២០១៩ កម្ពុជា​បាន​នាំចេញ​ឧបករណ៍​អគ្គិសនី គ្រឿង​ម៉ាស៊ីន និង​ឧបករណ៍​មេកានិច​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​មាន​តម្លៃ​សរុប ៦៩០,១៨ ​លាន​ដុល្លារ​។ នេះ​បើ​យោង​តាម​ទិន្នន័យ​ក្រសួង​ពាណិជ្ជកម្ម​៕ LA