ភ្នំពេញ: ព្រឹទ្ធសភា​កាលពី​ថ្ងៃ​ចន្ទ​បាន​អនុម័ត​លើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី «​មូលបត្រ​រដ្ឋ​» ដែល​ជា​ការបើកផ្លូវ​ឱ្យ​រដ្ឋាភិបាល​ក្នុង​ការរៀបចំ​ចេញ​បោះផ្សាយ ជួញដូរ និង​គ្រប់គ្រង ដើម្បី​ប្រមូល​មូលនិធិ​ពី​សាធារណជន​សម្រាប់​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​។ អ្នក​នៅក្នុង​ឧស្សាហកម្ម​នេះ​សង្ឃឹមថា រដ្ឋាភិបាល​នឹង​ប្រកាស​ឱ្យ​ប្រើប្រាស់​ច្បាប់​នេះ​នៅ​ឆ្នាំក្រោយ​។

សមាជិក​ព្រឹទ្ធសភា​ចំនួន ៥៧ ​រូប​បាន​អនុម័ត​ទាំងស្រុង​ទៅលើ​សំណើ​ច្បាប់​នេះ​ក្នុង​សម័យប្រជុំ​ព្រឹទ្ធសភា​លើក​ទី​ ៦ នីតិកាល​ទី​ ៤ បន្ទាប់ពី​សំណើ​ច្បាប់​នេះ​ត្រូវ​បាន​ផ្ដល់​ការយល់ព្រម​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ដ្រី ក្រោម​អធិបតីភាព លោកនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន កាលពី​ដើម​ខែកញ្ញា​។

មូលបត្រ​រដ្ឋ​គឺជា​ឧបករណ៍​ហិរញ្ញវត្ថុ​ដ៏សំខាន់​មួយ​សម្រាប់​រដ្ឋាភិបាល​ក្នុង​ការប្រមូល​ហិរញ្ញប្បទាន​ពី​វិស័យ​ឯកជន​ទាំង​ក្នុងស្រុក និង​ពី​បរទេស​យកទៅ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​។

«​ច្បាប់​នេះ​មាន​គោលបំណង​ផ្ដល់​នូវ​ក្របខ័ណ្ឌ​រួម​សម្រាប់​គ្រប់គ្រង​ការបោះ​ផ្សាយ ការជួញដូរ និង​ការគ្រប់គ្រង​មូលបត្រ​រដ្ឋ​ប្រកប​ដោយ​តម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព និង​ស័ក្ដិសិទ្ធិភាព​»​។ នេះ​បើ​តាម​សេចក្តី​ព្រាង​ច្បាប់​ចុងក្រោយ​ដែល​ ភ្នំពេញ ប៉ុស្ដិ៍ ​ទទួល​បាន​កាលពី​ថ្ងៃ​ចន្ទ​។

សំណើ​ច្បាប់​នេះ​បាន​ឱ្យដឹង​ទៀត​ថា​៖ «​ព្រមទាំង​ធានាបាន​នូវ​ចីរភាព​នៃ​ការគ្រប់គ្រង​បំណុល​សាធារណៈ​សំដៅ​រួមចំណែក ពង្រឹង​ការគ្រប់គ្រង​តម្រូវការ​សាច់ប្រាក់​របស់​រាជរដ្ឋាភិបាល​ឆ្លើយតប​ទៅនឹង​តម្រូវការ​ហិរញ្ញប្បទាន​សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម អភិវឌ្ឍ​ទីផ្សារ​មូលបត្រ និង​ទីផ្សារ​ហិរញ្ញវត្ថុ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា និង​គាំទ្រ​គម្រោង​អាទិភាព និង​ចាំបាច់​ផ្សេងទៀត​»​។

លោក ស៊ូ សុជាតិ អគ្គនាយក​នៃ​គណៈកម្មការ​មូលបត្រ​កម្ពុជា​បាន​ឱ្យដឹង​កន្លង​មក​ថា មូលបត្រ​រដ្ឋាភិបាល​គឺជា​ឧបករណ៍​ហិរញ្ញវត្ថុ​ថ្មី​មួយ​ដែល​លោក​ជឿថា នឹងត្រូវ​ចុះបញ្ជី​នៅ​ក្រុមហ៊ុន​ផ្សារមូលបត្រ​កម្ពុជា​ ( CSX)​។

លោក​ថ្លែងថា​៖ «​នៅពេល​ចុះបញ្ជី​នៅលើ​ក្រុមហ៊ុន​ផ្សារមូលបត្រ​កម្ពុជា វា​នឹង​អាចឱ្យ​ទីផ្សារ​នេះ​មាន​ឧបករណ៍​បំពេញបន្ថែម​ថ្មី​ផ្សេងទៀត​សម្រាប់​ការជួញដូរ ដោយសារ​តែ​បណ្ដា​ប្រទេស​ជិតខាង​របស់​យើង ជាពិសេស​វៀតណាម​ដែល​ការជួញដូរ​មូលបត្រ​បំណុល​របស់​រដ្ឋ​គឺ​កំពុង​ត្រូវបាន​ជួញដូរ​យ៉ាងសកម្ម​»​។ លោក​បាន​បន្ថែមទៀត​ថា​៖ «​យើង​សង្ឃឹមថា រដ្ឋាភិបាល​នឹង​សម្រេចចិត្ត​ចុះបញ្ជី​វា​នៅលើ CSX ដែល​អាចឱ្យ​វិនិយោគិន​សាធារណៈ​ទាំងអស់​អាច​វិនិយោគ​បាន​»​។

លោក Jong Weon Ha អនុប្រធាន CSX បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា ការអនុម័ត​លើ​សេចក្តី​ព្រាងច្បាប់​ស្ដីពី​មូលបត្រ​រដ្ឋាភិបាល​ដោយ​ព្រឹទ្ធសភា បង្ហាញពី​ការប្ដេជ្ញាចិត្ត​ដោយ​ស្ថាប័នព្រឹទ្ធសភា​ឆ្ពោះ​ទៅ​រក​ការអភិវឌ្ឍ​វិស័យ​មូលបត្រ​នៅក្នុង​ប្រទេស​កម្ពុជា​។

លោក​ថ្លែងថា​៖ «​យើង​មើលឃើញ​ថា ភាគី​ពាក់ព័ន្ធ​ទាំងអស់​បាន​ធ្វើការងារ​ដោយ​មិន​ខ្លាច​នឿយហត់​ក្នុង​ការនាំយក​សេចក្ដី​ព្រាងច្បាប់​នេះ​ទៅ​ដាក់​លើ​តុ ហើយ​នៅពេល​នេះ​សេចក្ដី​ព្រាង​ច្បាប់​នេះ​ត្រូវបាន​អនុម័ត​រួចហើយ​។ យើង​រំពឹងថា ច្បាប់​នេះ​នឹងត្រូវ​បាន​ប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​ក្នុង​ឆ្នាំ​ ២០២១ ​ខាងមុខ​នេះ​ដែល​មានន័យថា យើង​នឹងមាន​ជម្រើស​វិនិយោគ​ដ៏សំខាន់​បន្ថែមទៀត​សម្រាប់​ទាំង​ក្រុម​វិនិយោគិន​បុគ្គល និង​វិនិយោគិន​ស្ថាប័ន​»​។

លោក​លើកឡើង​ថា​៖ «CSX ជា​ភាគី​ពាក់ព័ន្ធ​ដ៏សំខាន់​មួយ​ក្នុងចំណោម​ភាគី​ពាក់ព័ន្ធ​ជាច្រើន​នៅក្នុង​ទីផ្សារ​មូលបត្រ គឺ​ពិតជា​មាន​សេចក្ដី​រីករាយ​សម្រាប់​ព័ត៌មាន​ដ៏ល្អ​នេះ ហើយ​យើង​សង្ឃឹមថា ព្រឹត្តិការណ៍​ដ៏សំខាន់​នេះ​នឹង​ដើរតួនាទី​ដ៏ល្អ​នៅពេល​អនាគត​នៃ​ទីផ្សារ​នេះ​ទាំងមូល​»​។

លោក​ពន្យល់ថា មូលបត្រ​រដ្ឋ ​គឺជា​ប្រភេទ​នៃ​មូលបត្រ​ដែល​ត្រូវ​បានផ្ដល់​ដោយ​រដ្ឋាភិបាល ដើម្បី​ប្រមូល​មូលនិធិ​ពី​សាធារណជន​សម្រាប់​គម្រោង​អភិវឌ្ឍន៍​រដ្ឋាភិបាល​។ លោក​បន្ថែមថា មូលបត្រ​ប្រភេទ​នេះ​គឺមាន​ហានិភ័យ​ទាប បើ​ធៀប​នឹង​មូលបត្រ​ផ្សេងទៀត ហើយ​ក្រុម​វិនិយោគិន​ជាច្រើន​ដូចជា​មូលនិធិ​សោធន មូលនិធិ​មូលបត្រ ក្រុមហ៊ុន​ធានារ៉ាប់រង និង​ធនាគារពាណិជ្ជ​កំពុង​ស្វែងរក​ការវិនិយោគ ដោយសារ​តែ​វា​ត្រូវបាន​គាំទ្រ​ដោយ​រដ្ឋាភិបាល និង​តំណាងឱ្យ​សេដ្ឋកិច្ច​នៃ​ប្រទេស​ទាំងមូល​។

លោក Ha បាន​ថ្លែងថា​៖ «​មូលបត្រ​រដ្ឋ​នឹង​ដើរតួនាទី​សំខាន់​ក្នុង​ការធានា​លំហូរ​សាច់ប្រាក់​រដ្ឋាភិបាល ហើយ​នឹង​ក្លាយជា​ប្រភព​មូលនិធិ​ផ្សេង​មួយទៀត ដើម្បី​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​រដ្ឋាភិបាល ដែល​ជួយ​កាត់បន្ថយ​ការពឹង​ផ្អែកលើ​ប្រភព​ដែល​មាន​ស្រាប់​ដូចជា​ការខ្ចី​ពី​បរទេស​»​។

បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ចុះបញ្ជី​ ១៣ ​នៅ​កម្ពុជា​ក្នុង​ចំណោម​នោះ​ក្រុមហ៊ុន ៧ ​ចុះបញ្ជី​ភាគហ៊ុន និង​ក្រុមហ៊ុន​ ៦ ​ចុះបញ្ជី​សញ្ញា​បណ្ណ​សាជីវកម្ម​។ ក្រុមហ៊ុន​ទាំង​ ១៣ នេះ​បាន​ប្រមូល​មូលនិធិ​រួម​ប្រហែល​ ២៥៣ ​លាន​ដុល្លារ​៕ LA