ភ្នំពេញៈ ប្រទេសចិនបានឲ្យកម្ពុជានាំចេញផ្លែស្វាយស្រស់ទៅកាន់ទីផ្សាររបស់ខ្លួនដោយផ្ទាល់ បន្ទាប់ពីរដ្ឋបាលគយចិនបានអនុម័តជាផ្លូវការទទួលស្គាល់ស្តង់ដាភូតគាមអនាម័យរោងចក្រវេចខ្ចប់ និងចម្ការស្វាយសរុប ៤២ កាលពីថ្ងៃទី ២៦ មេសា ឆ្នាំនេះ។
ការអនុម័តនេះបន្ទាប់ពីមន្ត្រីជំនាញនៃរដ្ឋបាលគយចិន (GACC) ប្រចាំខេត្តក្វាងស៊ីបានត្រួតពិនិត្យ ចម្ការស្វាយ និងរោងចក្រប្រព្រឹត្តកម្មលើសមាសភាពចង្រៃនៅលើផ្លែស្វាយ តាមរយៈប្រព័ន្ធវីដេអូកាលពីថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២១ កន្លងមក។
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឲ្យដឹងថា ជាលទ្ធផល បន្ទាប់ពីការចរចាបើកទីផ្សារអស់រយៈពេលជាង ៣ ឆ្នាំ រដ្ឋបាលគយចិនបានអនុម័តទទួលស្គាល់ជាផ្លូវការចម្ការស្វាយចំនួន ៣៧ និងរោងចក្រវេចខ្ចប់ចំនួន ៥ អាចនាំចេញផ្លែស្វាយស្រស់កម្ពុជាទៅកាន់ប្រទេសចិន។
រោងចក្រវេចខ្ចប់ទាំង ៥ នោះរួមមានក្រុមហ៊ុន Hyundai Mao Legacy Co., Ltd ក្រុមហ៊ុន Shangda Jian Hui International Agriculture Product and Logistic និង ក្រុមហ៊ុន Al Jazeeland Food Pte. Ltd ព្រមទាំងក្រុមហ៊ុន Long Wo Agriculture (Cambodia) Co., Ltd និងក្រុមហ៊ុន BoeungKet Fresh Fruits Co., Ltd ។
លោករដ្ឋមន្ត្រី ថ្លែងទៀតថាក្រសួងនឹងរៀបចំពិធីផ្លូវការនៃការនាំចេញផ្លែស្វាយនេះនៅសប្តាហ៍នេះដោយសហការជាមួយអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។
លោករដ្ឋមន្ត្រីឲ្យដឹងថា៖ «ក្នុងនាមថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ជាពិសេសឯកឧត្តមអគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានអនុញ្ញាតជាផ្លូវការក្នុងការនាំផ្លែស្វាយស្រស់ចេញពីកម្ពុជា»។
ផ្លែស្វាយស្រស់របស់កម្ពុជាគឺជាផលិតផលកសិកម្មទី ២ បន្ទាប់ពីផ្លែចេកស្រស់ត្រូវបាននាំចេញទៅប្រទេសចិនដោយផ្ទាល់។
លោករដ្ឋមន្ត្រីអះអាងថា អគ្គនាយកដ្ឋានកសិកម្មបានទទួលពាក្យស្នើសុំចុះបញ្ជីចម្ការស្វាយ និងទីតាំងវេចខ្ចប់សម្រាប់នាំចេញផ្លែស្វាយស្រស់កម្ពុជាទៅកាន់ប្រទេសចិនចំនួន ៥៥ ហើយអគ្គនាយកដ្ឋានកសិកម្មកំពុងបន្តទទួលពាក្យស្នើសុំចុះបញ្ជីចម្ការស្វាយជាបន្តបន្ទាប់ទៀត។
លោក ហ៊ុន ឡាក់ អគ្គនាយកក្រុមហ៊ុន រីចហ្វាម អេស៊ា ឯ.ក ដែលជាវិនិយោគលើចម្ការ បានស្វាគមន៍ចំពោះសមិទ្ធផលថ្មីនេះ ដែលជាការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលតាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
លោក ហ៊ុន ឡាក់ ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃអង្គារថា ការទទួលបានទីផ្សារនាំចេញផ្លែស្វាយស្រស់កម្ពុជាដោយផ្ទាល់ទៅចិននឹងជំរុញឲ្យម្ចាស់ចម្ការ និងអ្នកនាំចេញបន្តខិតខំប្រឹងប្រែងអភិវឌ្ឍចម្ការរបស់ខ្លួនពីលក្ខណៈគ្រួសារទៅជាលក្ខណៈពាណិជ្ជកម្ម។
លោកមានប្រសាសន៍ថា៖ «នេះមានន័យថា ផ្លែស្វាយនឹងមានគុណភាព ស្តង់ដាស្របតាមការនាំចេញតម្រូវ នៅពេលកម្ពុជាយើងទទួលបានការនាំចេញផ្លូវការដូចនេះ ម្ចាស់ចម្ការស្វាយទាំងអស់នៅទូទាំងប្រទេសនឹងមានការខិតខំប្រឹងប្រែងធ្វើយ៉ាងណាឲ្យផ្លែស្វាយត្រូវតាមស្តង់ដារបស់អគ្គរដ្ឋបាលគយចិន។
លោក ហ៊ុន ឡាក់ ឲ្យដឹងថា ភាគីទាំង ២ នឹងប្រារព្ធពិធីនាំចេញផ្លូវការនៅដើមខែឧសភាខាងមុខនេះ ដែលកម្ពុជានឹងអាចនាំចេញជាផ្លូវការនៅពេលនេះ។
លោកឲ្យដឹងទៀតថា៖ «រដូវស្វាយយើងអាចប្រមូលផលបានមួយលើកទៀតក្នុងខែឧសភានេះ ដែលអាចនាំចេញបានមួយចំនួនទៅទីផ្សារចិន»។
ស្ថានទូតចិនប្រចាំនៅកម្ពុជាបានសរសេរនៅទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន កាលពីថ្ងៃទី ២៧ មេសាថា ផ្លែស្វាយកម្ពុជានឹងអាចនាំចេញទៅកាន់ប្រទេសចិន បានហើយ បន្ទាប់ពីរដ្ឋបាលគយប្រទេសចិន បានប្រកាសជាផ្លូវការបញ្ជីឈ្មោះចម្ការដំណាំស្វាយ និងរោងចក្រវេចខ្ចប់ដែលបានចុះបញ្ជីក្នុងការនាំចេញផ្លែស្វាយពីកម្ពុជាទៅកាន់ប្រទេសចិន។
ស្ថានទូតចិនបានសរសេរថា៖ «នេះ គឺជាសមិទ្ធផលដ៏សំខាន់មួយទៀតសម្រាប់កិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងចិន និងកម្ពុជា ក្រោមស្ថានភាពនៃជំងឺវីរុសកូវីដ ១៩ នឹងជួយជំរុញកិច្ចសហប្រតិបត្តិការប្រកបដោយអត្ថប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំងពីរក្នុងវិស័យកសិកម្ម»។
លោករដ្ឋមន្ត្រីអះអាងថា អគ្គនាយកដ្ឋានកសិកម្មបានទទួលពាក្យស្នើសុំចុះបញ្ជីចម្ការស្វាយ និងទីតាំងវេចខ្ចប់សម្រាប់នាំចេញផ្លែស្វាយស្រស់កម្ពុជាទៅកាន់ប្រទេសចិន ចំនួន ៥៥ ហើយអគ្គនាយកដ្ឋានកសិកម្មកំពុងបន្តទទួលពាក្យស្នើសុំចុះបញ្ជីចម្ការស្វាយជាបន្តបន្ទាប់ទៀត។
កាលពីនៅថ្ងៃទី ៩ ខែ មិថុនា ឆ្នាំ ២០២០ កម្ពុជា និងចិនបានចុះហត្ថលេខាលើពិធីសារស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែស្វាយស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន៕