ភ្នំពេញៈ កម្ពុជាបានបញ្ជាក់ពីការចូលរួមកិច្ចប្រជុំផ្សព្វផ្សាយស្តីពីពិព័រណ៍នាំចូលអន្តរជាតិចិនលើកទី ៣ ឆ្នាំ ២០២០ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី ៥-១០ ខែវិច្ឆិកា ឆ្នាំ ២០២០ នៅទីក្រុងស៊ាងហៃប្រទេសចិនដើម្បីចាប់យកឱកាសពង្រីកការនាំចេញ និងទាក់ទាញការវិនិយោគថ្មីៗបន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (CCFTA) នឹងត្រូវចុះហត្ថលេខានាពាក់កណ្តាលខែសីហានេះ។
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានលើកឡើងនៅក្នុងអំឡុងពេលដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្តីពីពិព័រណ៍នាំចូល អន្តរជាតិចិនលើកទី ៣ ឆ្នាំ ២០២០ រវាងកម្ពុជា-ចិនដែលប្រព្រឹត្តទៅតាមរយៈប្រព័ន្ធវីដេអូជាមួយនឹងលោក SUN Chenhai អគ្គនាយករងនៃការិយាល័យពិព័រណ៍នាំចូលអន្តរជាតិចិននៅទីស្តីការក្រសួងពាណិជ្ជកម្មកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។
លោក សូរស័ក្តិ បានលើកឡើងថា ពិព័រណ៍នាំចូលអន្តរជាតិចិននាពេលខាងមុខគឺពិតជាមានសារៈសំខាន់សម្រាប់បណ្តាប្រទេសចូលរួម ទាំងវិស័យសាធារណៈ និងវិស័យឯកជន។ លោកបន្តថា កម្ពុជាបានត្រៀមលក្ខណៈចូលរួមពិព័រណ៍ទំនិញនាំចូលអន្តរជាតិចិនលើកទី ៣ នេះរួចរាល់ហើយ ជាមួយនឹងក្ដីរំពឹងថា ស្ថានភាពនៃការរាតត្បាតជំងឺកូវីដ១៩ លើពិភពលោកនឹងត្រូវគ្រប់គ្រងបានព្រមទាំងមានជើងហោះហើរប្រក្រតីឡើងវិញ។
លោកថ្លែងថា៖ «ក្រសួងបានត្រៀមខ្លួនជាស្រេចដើម្បីរៀបចំពេលាជាតិកម្ពុជាមួយ និងការសម្របសម្រួលដឹកនាំវិស័យឯកជនទៅចូលរួមក្នុងព្រឹត្តិការណ៍នេះ ដូចការចូលរួម ២ លើកកន្លងទៅផងដែរ»។
លោក សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបានប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីថ្ងៃអាទិត្យថា លោកបានចូលរួមពិព័រណ៍នេះចាប់ពីឆ្នាំ ២០១៨ ដែលពិព័រណ៍នេះគឺជាវេទិកាស្វែងរកដៃគូពាណិជ្ជកម្ម និងការវិនិយោគ។ លោកបន្តថា៖ «ខ្ញុំនឹងចូលរួមពិព័រណ៍ពាណិជ្ជកម្មដ៏ធំនេះទៀត មកដល់ពេលនេះគឺពិព័រណ៍នេះត្រូវបានប្រារព្ធធ្វើ ៣ ឆ្នាំជាប់ៗគ្នា»។
លោកបន្ថែមថា៖ «នេះជាព្រឹត្តិការណ៍ដ៏ធំដោយវាមិនគ្រាន់តែអនុញ្ញាតឲ្យយើងដាក់តាំងស្រូវអង្ករយើងនោះទេ ប៉ុន្តែថែមទាំងជាសន្និសីទដែលផ្តល់ឱកាសឲ្យយើងអាចស្វែងរកដៃគូធុរកិច្ចផងដែរ»៕ LA