ភ្នំពេញៈ រដ្ឋាភិបាល​កម្ពុជា​នឹង​អនុញ្ញាត​បញ្ចេញ​ទំនិញ​ និង​សាច់​បង្កក​ចំនួន ៣៥ កុងតឺន័រ​ ដែល​បាន​នាំចូល​ពី​ប្រទេស​ឥណ្ឌា​ទៅលើ​ទីផ្សារ​ បន្ទាប់ពី​បានធ្វើ​តេស្ត​រកឃើញ​អវិជ្ជមាន​នៃ​ជំងឺ​កូវីដ១៩ ដោយ​អះអាងថា​អាហារ​ និង​សាច់​ទាំងនោះ​មាន​សុវត្ថិភាព​ក្នុង​ការ​ទទួលទាន។

លទ្ធផល​ធ្វើតេស្ត​នេះ​ត្រូវ​បាន​បង្ហាញ​នៅក្នុង​កិច្ចប្រជុំ​លើក​ទី ២ កាលពី​ថ្ងៃទី ១២ ឧសភា​របស់​គណៈកម្មការ​ចំពោះ​កិច្ច​ទប់ស្កាត់​ការរីករាលដាល​នៃ​ជំងឺឆ្លង​កូវីដ១៩​ពាក់ព័ន្ធ​នឹង​ការនាំចូល​ទំនិញ​មាន​ហានិភ័យ​ខ្ពស់​ដែលមាន​ប្រភពពី​ប្រទេស​មាន​ការរីករាលដាល​ខ្លាំង​ដែល​ដឹកនាំ​ដោយ​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា។

លោក ផាន អូន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការក្លែងបន្លំ (ក.ប.ប) បាន​ឲ្យ​ដឹងថា កាលពី​ថ្មី​នេះ គណៈកម្មាធិការ​ចំពោះ​កិច្ច​បានធ្វើ​តេស្ត​រក​មេរោគ​កូវីដ១៩ លើ​សម្បក​វេចខ្ចប់​សាច់​ដែល​បាន​នាំចូល​ពី​ប្រទេស​ឥណ្ឌា​ចំនួន ៣៥ កុងតឺន័រ​មកដល់​កំពង់ផែ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​ត្រូវបាន​រកឃើញ​អវិជ្ជមាន​ទាំងអស់។

លោក ផាន អូន ក៏​ជា​អនុប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ទប់ស្កាត់​ការរីករាលដាល​នៃ​ជំងឺ​កូវីដ១៩ បាន​ឲ្យ​ដឹង​ទៀតថា៖ «បន្ទាប់ពី​លទ្ធផល​អវិជ្ជមាន​ហើយ គណៈកម្មាធិការ​ចំពោះ​កិច្ច​នឹង​ស្វែងរក​យន្តការ​ក្នុងការ​ធ្វើយ៉ាងណា​ឱ្យ​ទំនិញ​ទាំងនោះ​អាច​បញ្ចេញ​តាម​នីតិវិធី​នាំចូល​ឱ្យបាន​ឆាប់រហ័ស​បំផុត»។

ការធ្វើ​តេស្ត​រក​មេរោគ​កូវីដ១៩​នេះ ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​កម្ពុជា​ផ្អាក​ការនាំ​ចូល​សាច់​បង្កក និង​មុខទំនិញ​បង្កក​ដែល​មាន​ហានិភ័យ​ខ្ពស់​មួយចំនួន​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ជា​បណ្តោះអាសន្ន​ដែល​បាន​អនុវត្ត​តាំងពី​ថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២១ តទៅ រហូត​ដល់​មាន​ការណែនាំ​ជាថ្មី។

ក្នុងករណី​រកឃើញថា ផលិតផល​ទាំងនោះ​មាន​ជាប់​ពាក់ព័ន្ធ និង​មាន​ផ្ទុក​វីរុស​កូវីដ១៩ កម្ពុជា​នឹង​អនុវត្ត​វិធានការ​ច្បាប់ រួមទាំង​កម្ទេច​ផលិតផល​សាច់​បង្កក និង​មុខទំនិញ​បង្កក​នាំចូល​ពី​ប្រទេស​ឥណ្ឌា ដូច្នេះ​ដើម្បី​ចៀសវាង​ការភាន់ច្រឡំ ក្រសួង​ពាណិជ្ជកម្ម​នឹង​ធ្វើការ​ពន្យល់​ទៅ​ភាគី​ឥណ្ឌា​តាម​ការទូត។

ការនាំចេញ​សាច់​ក្របី​ពី​ប្រទេស​ឥណ្ឌា​មក​ប្រទេស​កម្ពុជា​នៅក្នុង​រយៈពេល ២ ខែ​ដំបូង​ឆ្នាំ ២០២១ បាន​កើនឡើង​ដល់ ៩,៣២ លាន​ដុល្លារ​រួចហើយ និង​ត្រូវបាន​រំពឹងថា នឹង​មើលឃើញ​កំណើន​រហ័ស​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​ខាង​មុន។ នេះ​បើតាម​ស្ថានទូត​ឥណ្ឌា​ប្រចាំ​ទីក្រុង​ភ្នំពេញ។

ប្រទេស​កម្ពុជា​បាន​នាំចូល​សាច់​ក្របី​ពី​ប្រទេស​ឥណ្ឌា​ក្នុងតម្លៃ ១៧,៧ លាន​ដុល្លារ កាលពី​ឆ្នាំមុន កើនឡើង​ពី ៦,៤ លាន​ដុល្លារ​កាលពី​ឆ្នាំ ២០១៩ និង​កើនឡើង ១២,២៨ ភាគរយ​នៃ​ពាណិជ្ជកម្ម​ទ្វេភាគី​សរុប។

លោកស្រី DevyaniKhobragade អគ្គរាជទូត​ប្រទេស​ឥណ្ឌា បានលើកឡើង​អំពី​សាច់ និង​គំរូ​ការប្រើប្រាស់​ផលិតផល​សាច់​នៅក្នុង​ប្រទេស​កម្ពុជា គម្លាត​រវាង​ការផលិត​ក្នុងស្រុក និង​ការប្រើប្រាស់​ក្នុងស្រុក និង​ឱកាស​នាំចេញ​សម្រាប់​ក្រុមហ៊ុន​ប្រទេស​ឥណ្ឌា។

លោកស្រី​ថ្លែងថា៖ «ក្រុមហ៊ុន​ប្រទេស​ឥណ្ឌា​នឹង​អាច​ផ្គត់ផ្គង់​សាច់​មានគុណ​ភាពល្អ និង​ផលិតផល​សាច់​ដល់​ប្រទេស​កម្ពុជា​នៅក្នុង​តម្លៃ​កាន់តែ​ទាប និង​បង្កើន​ចំណែក​ទីផ្សារ​របស់ខ្លួន និង​រួមចំណែក​បន្ថែមទៀត​ក្នុងការ​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​នេះ»។

នៅ​ព្រឹក​ថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២១ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ដ្រីក្រសួង​ពាណិជ្ជកម្ម​បាន​ជួបប្រជុំ​តាម​ប្រព័ន្ធ​វីដេអូ​ជាមួយ​លោកស្រី Devyani Khobragade ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ប្រចាំ​នៅ​កម្ពុជា។ ភាគី​ទាំងពីរ​បានទទួល​ស្គាល់​អំពី​វឌ្ឍនភាព​នៃ​ការបង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា-ឥណ្ឌា ដែល​បច្ចុប្បន្ន ក្រុម​ការងារ​នៃ​ប្រទេស​ទាំងពីរ​កំពុង​សហប្រតិបត្តិការ​ជាមួយ​គ្នា​ក្នុង​ការបញ្ចប់​លក្ខខណ្ឌ​នៃ​សេចក្ដី​យោង​សម្រាប់​គណៈកម្មាធិការ​ចរចា​ពាណិជ្ជកម្ម​នៃ​កិច្ចព្រមព្រៀង​នេះ។

ភាគី​ទាំងពីរ​ក៏បាន​យល់ស្រប​គ្នា​ក្នុង​ការបង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ ដែល​ជា​សសរស្ដម្ភ​ដ៏សំខាន់​ក្នុង​ការពង្រឹង​ទំនាក់ទំនង​ទ្វេភាគី៕