ភ្នំពេញ: លោក ប៉ុល សុផា អគ្គនាយកនៃអគ្គនាយកដ្ឋានកៅស៊ូ ស្វាគមន៍ការបង្កើតរោងចក្រកែច្នៃសម្បកកង់យានយន្ត ដែលវិនិយោគដោយក្រុមហ៊ុន Cart Tire Co.,Ltd នៅក្រុងបាវិត ខេត្តស្វាយរៀង ដែលជាការរួមចំណែករក្សាលំនឹងទីផ្សារថ្លៃនៃជរ័កៅស៊ូកម្ពុជា និងកាត់បន្ថយការនាំចូលសម្បកកង់យានយន្តពីបរទេស។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីសប្តាហ៍មុនបានយល់ព្រមឱ្យក្រុមហ៊ុន Cart Tire Co.,Ltd វិនិយោគទឹកប្រាក់ ១៥ លានដុល្លារ ក្នុងការបង្កើតរោងចក្រកែច្នៃសម្បកកង់យានយន្ត ដែលមានទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេសឈីលូបាវិតក្នុងខេត្តស្វាយរៀង។
លោក សុផា បានឱ្យដឹងថា វត្តមានរបស់ក្រុមហ៊ុន Cart Tire company នឹងស្រូបយកការទិញផលិតកម្មកៅស៊ូដែលមិនទាន់កែច្នៃ នៅក្នុងប្រទេសនេះ ខណៈដែលកៅស៊ូភាគច្រើនត្រូវបាននាំចេញ។ លោកបន្តថា៖ «វាជាព័ត៌មានដ៏ល្អមួយដែលមានរោងចក្រកែច្នៃសម្បកកង់រថយន្តនៅក្នុងប្រទេសរបស់យើង»។
លោកលើកឡើងថា៖ «យើងបានធ្វើការផ្សព្វផ្សាយអំពីការរីកចម្រើននៃឧស្សាហកម្មកៅស៊ូរបស់យើង និងអំពាវនាវដល់ក្រុមវិនិយោគិនមកវិនិយោគលើការកែច្នៃកៅស៊ូរបស់យើងទៅជាប្រភេទទំនិញផ្សេងៗនៃឧស្សាហកម្មសម្បកកង់យានយន្ត»។
លោកបន្តថា៖ «ជាមួយនឹងការបង្កើតរោងចក្ររបស់ក្រុមហ៊ុន Cart Tire company នឹងមិនគ្រាន់តែរួមចំណែកដល់វត្ថុធាតុដើមកៅស៊ូនៅក្នុងប្រទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ដល់តម្លៃបន្ថែម ការបង្កើតការងារ និងការកាត់បន្ថយការនាំចូលសម្បកកង់យានយន្ត និងលំហូរចេញមូលធនទៅក្រៅប្រទេសផងដែរ»។
លោក សុផា បានបញ្ជាក់ថា៖ «យើងជឿជាក់ថា ជាមួយនឹងការបង្កើតរោងចក្រកែច្នៃសម្បកកង់យានយន្តនៅក្នុងប្រទេស តម្លៃកៅស៊ូក្នុងស្រុក នឹងមានស្ថិរភាពដែលយើងតែងតែ ពឹងផ្អែកលើតម្លៃនៅក្នុងប្រទេសក្រៅប្រទេស»។
លោក សុផា ឱ្យដឹងថា កាលពីឆ្នាំមុនប្រទេសកម្ពុជាបានផលិត និងនាំចេញជ័រកៅស៊ូប្រហែល ៣៥០ ០០០ តោន ដែលការនាំចេញភាគច្រើនប្រទេសវៀតណាម ម៉ាឡេស៊ី ចិន សិង្ហបុរី និងបណ្ដាប្រទេសផ្សេងៗទៀត ខណៈដែលតម្លៃដឹកទំនិញទៅដល់ទីក្រុងហូជីមិញមានតម្លៃ ១ ៨០០ ដុល្លារ ក្នុង ១ តោន។ រហូតមកដល់ពេលនេះ ប្រទេសកម្ពុជាមានផ្ទៃដីប្រហែល ៤០០ ០០០ ហិកតា។
ភ្នំពេញ ប៉ុស្ដិ៍ មិនអាចទាក់ទងក្រុមហ៊ុន Cart Tire ដើម្បីព័ត៌មានលម្អិតនៃការវិនិយោគនេះបានទេ ដើម្បីដឹងថា តើប្រភេទសម្បកកង់យានយន្តអ្វីដែលក្រុមហ៊ុនមួយនេះនឹងផលិតសម្រាប់ទីផ្សារក្នុងស្រុក ឬក៏ទីផ្សារក្រៅប្រទេសនោះទេ។
យោងតាមទិន្នន័យបានពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករប្រទេសកម្ពុជាបាននាំចូលយានយន្តប្រហែល ៤១៤ ៧២៥ គ្រឿង មានតម្លៃ ៦៣៤,៩៨ លានដុល្លារ នៅឆមាសទី១ កាលពីឆ្នាំមុន។ ក្នុងនោះ ការនាំចូលម៉ូតូ ១៨០ ៥៩០ គ្រឿង មានតម្លៃ ៩៩ លានដុល្លារ កង់ ១៩២ ៣៩៧ គ្រឿង មានតម្លៃ ៤,៣៥ លានដុល្លារ និងរថយន្ត ២៥ ៤៨៣ គ្រឿងមានតម្លៃ ២៨០,៦៥ លានដុល្លារ។
ហើយការនាំចូលរថយន្តដឹកអ្នកដំណើរដែលផ្ទុកចំណុះមនុស្សពី ១០ នាក់ ឬលើសពីនេះចំនួន ១ ២១២ គ្រឿងមានតម្លៃ ១៧,៤៤៨ លានដុល្លារ រថយន្តដឹកទំនិញ ១៣ ៨១២ គ្រឿង មានតម្លៃ ១៩៤,៤៧ លានដុល្លារ និងយានយន្តផ្សេងទៀតចំនួន ១ ២៣១ គ្រឿងមានតម្លៃ ៣៥,៨៤ លានដុល្លារ។
ភ្នំពេញ ប៉ុស្ដិ៍ មិនអាចស្វែងរកតួលេខនៅឆមាសទី១ កាលពីឆ្នាំមុននោះទេ ប៉ុន្តែប្រទេសកម្ពុជាបាននាំចូលរថយន្ត ១ ១២៤ ២១០ គ្រឿង មានតម្លៃ ១,៨៨២ ពាន់លានដុល្លារក្នុងរយៈពេលពេញ ១ ឆ្នាំ ២០១៩ បើបែងចែកតាមប្រភេទ កម្ពុជាបាននាំចូលម៉ូតូ ៥១១ ៤៣៤ គ្រឿង មានតម្លៃ ២៧៨,២៨ លានដុល្លារ កង់ចំនួន ៤៦៦ ១១២ គ្រឿង មានតម្លៃ ១០,៤ លានដុល្លារ និងរថយន្តចំនួន ៩៥ ០៦៧ គ្រឿង មានតម្លៃ ៨២៧,៤៤ លានដុល្លារ៕ LA