ភ្នំពេញ: ក្រុមហ៊ុនថៃ Ray Power Supply Co.,Ltd នឹងធ្វើការវិនិយោគក្នុងទឹកប្រាក់ជិត ៤០ លានដុល្លារ ដើម្បីសាងសង់ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព ៣០ មេហ្គាវ៉ាត់ នៅក្នុងខេត្តបន្ទាយមានជ័យ នាពេលឆាប់ៗនេះ។
ផែនការវិនិយោគនេះធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនទទួលបានការអនុម័តពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីថ្ងៃទី ២៥ ខែសីហា។ គម្រោងនេះមានទីតាំងស្ថិតនៅឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ជាមួយនឹងទុនវិនិយោគ ៣៩,៨ លានដុល្លារ។
លោក វ៉ិចទ័រ ហ្សូនា អគ្គនាយកនៃអគ្គនាយកដ្ឋានថាមពលក្រសួងរ៉ែ និងថាមពលបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ក្រុមហ៊ុននេះបានចុះកិច្ចព្រមព្រៀងក្នុងការទិញ-លក់ថាមពលជាមួយអគ្គិសនីកម្ពុជារួចរាល់ហើយក្នុងតម្លៃ ៧,៦ សេនសម្រាប់ ១ គីឡូវ៉ាត់ម៉ោង ដែលនេះជាតម្លៃសមរម្យអាចទទួលយកបាន។
លោកថ្លែងថា៖ «តាមផែនការគម្រោងនេះនឹងតភ្ជាប់ទៅកាន់បណ្តាញជាតិនៅឆ្នាំ ២០២១ ដូច្នេះនៅឆ្នាំនេះ ក្រុមហ៊ុននឹងរៀបចំដីធ្លី និងកុម្ម៉ង់សម្ភារដើម្បីដំណើរការគម្រោង»។
លោកបន្តថា គម្រោងថាមពលសូឡា ៣០ មេហ្គាវ៉ាត់នេះនឹងសាងសង់ជើងទម្រនៅលើផ្ទៃដីប្រហែល ៤០ ហិកតា។ លោកបញ្ជាក់ថា៖ «ការអនុវត្តគម្រោងថាមពលសូឡានាពេលនេះគឺជាការធ្វើពិពិធកម្មរបស់រដ្ឋាភិបាលក្នុងវិស័យថាមពល ដើម្បីសន្តិសុខថាមពលអគ្គិសនីនៅកម្ពុជា»។
ក្នុងឯកសារដាក់ទៅផ្សារហ៊ុនថៃកាលពីខែវិច្ឆិកា ក្រុមហ៊ុន B.Grimm Solar Power បានប្រកាសថា ក្រុមហ៊ុនបានចូលក្នុងកិច្ចព្រមព្រៀងទិញ លក់ជាមួយក្រុមហ៊ុន Ray Power Supply ក្នុងតម្លៃ ៣០ ម៉ឺនដុល្លារ លើគម្រោងដំឡើងបន្ទះថាមពលសូឡាដែលមានកម្លាំង ៣០ មេហ្គាវ៉ាត់នេះ។
កិច្ចព្រមព្រៀងនេះផ្ដល់ដល់ក្រុមហ៊ុន B. Grimm Solar Power នូវសិទ្ធិក្នុងការអភិវឌ្ឍគម្រោង PV ដោយអនុលោមតាមកិច្ចព្រមព្រៀងទិញថាមពល(PPA) រយៈពេល ២០ ឆ្នាំក្នុងកិច្ចព្រមព្រៀងជាមួយអគ្គិសនីកម្ពុជា ហើយការចែកចាយថាមពលអគ្គិសនីក្រុមហ៊ុននេះនឹងពិភាក្សាលម្អិតជាមួយអគ្គិសនីកម្ពុជា។
បើតាមលោក ហ្សូនា សព្វថ្ងៃរដ្ឋាភិបាលបានអភិវឌ្ឍគម្រោងថាមពលសូឡាដែលមានអានុភាពសរុប ៤៥០ មេហ្គាវ៉ា់ត់ ក្នុងនោះ ១៨០ មេហ្គាវ៉ាត់បានភ្ជាប់មកបណ្តាញជាតិរួចរាល់។
អគ្គិសនីកម្ពុជាបានឲ្យដឹងថា តម្រូវការថាមពលអគ្គិសនីក្នុងប្រទេសត្រូវរំពឹងថា នឹងកើនពី ១,៥ ជីហ្គាវ៉ាត់ក្នុងឆ្នាំ ២០១៩ ដល់ ២,៣ ជីហ្គាវ៉ាត់នៅក្នុងឆ្នាំ ២០២០ និង ២,៨ ជីហ្គាវ៉ាត់ត្រឹមឆ្នាំ ២០២១។
ថ្លែងក្នុងពេលធ្វើបទបង្ហាញស្ដីពីចក្ខុវិស័យថាមពលក្នុងឆ្នាំ ២០២០ របស់ប្រទេសកម្ពុជាកាលពីឆ្នាំមុន លោក កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជាបានឲ្យដឹងថា ប្រទេសកម្ពុជានឹងបង្កើនការវិនិយោគថាមពលសូឡាឲ្យបាន ១២ ភាគរយត្រឹមឆ្នាំ ២០២០ និងបង្កើនវារហូតដល់ ២០ ភាគរយក្នុងរយៈពេល ៣ ឆ្នាំបន្ទាប់។
លោកបានបន្តថា ថាមពលសូឡានឹងត្រូវប្រើប្រាស់ដើម្បីឆ្លើយតបនឹងកំណើនតម្រូវការអគ្គិសនីនៅក្នុងវិស័យឧស្សាហកម្ម និងពាណិជ្ជកម្ម។ លោកបញ្ជាក់ថា៖ «យើងចង់បង្កើតរោងចក្រពីថាមពលសូឡានៅទីតាំងជាច្រើនទៀត។ យើងជឿជាក់ថា ថាមពលសូឡានឹងផ្ដល់តម្លៃកាន់តែទាប»។
កាលពីខែមករា ឆ្នាំ ២០១៨ កម្ពុជា បានចេញច្បាប់ថ្មីសម្រាប់ការធ្វើសមាហរណកម្មថាមពលសូឡា ខណៈតម្រូវការថាមពលរបស់ប្រទេសនេះត្រូវបានគ្របដណ្ដប់ដោយវារីអគ្គិសនីប្រហែល ៤៨ ភាគរយ និងធ្យូងថ្មប្រហែល ៤៧ ភាគរយ។
កម្ពុជាគ្រោងចំណាយប្រាក់ឧបត្ថម្ភធនជាង ១០០ លានដុល្លារនៅឆ្នាំ ២០២១ ដើម្បីកាត់បន្ថយពន្ធអគ្គិសនីក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងបន្ថយបន្ទុកហិរញ្ញវត្ថុដល់អាជីវកម្ម និងគ្រួសារ៕