ភ្នំពេញ៖ ការ​នាំចេញ​ទំនិញ​ពី​កម្ពុជា​ទៅ​ទីផ្សារ​ប្រទេស​កូរ៉េខាងត្បូង ក្នុង​ត្រីមាស​ទី១ ឆ្នាំ ២០២១ មាន​តម្លៃ​ជិត ១០០ លាន​ដុល្លារ កើន​ជាង ៥ ភាគរយ បើធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ ២០២០។ នេះ​បើ​យោង​តាម​ទិន្នន័យ​ពី​សមាគម​ពាណិជ្ជកម្ម​អន្តរជាតិ​កូរ៉េ (Kita)។

ទិន្នន័យ​ពី Kita បង្ហាញ​ថា ក្នុង​ត្រីមាសទី១ ឆ្នាំ ២០២១ កម្ពុជា​បាន​នាំ​ទំនិញ​ទៅ​ទីផ្សារ​កូរ៉េ​ក្នុង​តម្លៃ​សរុប ៩៩,០៧ លាន​ដុល្លារ កើន​ឡើង ៩៣,៨៥ លាន​ដុល្លារ ឬ​ស្មើ ៥,៦ ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ ២០២០។ ដោយ​ឡែក​ការ​នាំចូល​ទំនិញ​ពី​ប្រទេស​កូរ៉េ មក​កម្ពុជា​វិញ បាន​ធ្លាក់​ចុះ ០,៦ ភាគរយ ពី​ចំនួន ១៤៧,៨៤ លាន​ដុល្លារ មក​នៅ​ត្រឹម ១៤៦,៩៤ លាន​ដុល្លារ។

សម្រាប់​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំង ២ ក្នុង​ត្រីមាស​ទី១ ឆ្នាំ ២០២១ មាន​តម្លៃ​សរុប ២៤៦,០២ លាន​ដុល្លារ កើន​ឡើង ១,៧៨ ភាគរយ​ពី​ចំនួន ២៤១,៧០១ លាន​ដុល្លារ។

លោក ហុង វណ្ណៈ អ្នក​ស្រាវជ្រាវ​សេដ្ឋកិច្ច​អន្តរជាតិ​នៃ​វិទ្យាស្ថាន​ទំនាក់​ទំនង​អន្តរជាតិ​នៃ​កម្ពុជា (រាជបណ្ឌិត្យ​សភា​កម្ពុជា) បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាល​ពី​ថ្ងៃទី ១៨ ខែមេសា​ថា ទោះ​ក្នុង​ស្ថានភាព​បែប​ណា ក៏​គេ​សង្កេត​ឃើញ​ថា ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ប្រទេស​កូរ៉េ នៅ​តែ​បង្ហាញ​ភាព​វិជ្ជមាន ដែល​កំណើន​នេះ គឺ​មាន​ជាប់​ទាក់ទង​ទៅ​នឹង​ការ​ខិតខំ​របស់​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង ២ ក្នុង​ការ​បង្កើត​ឱ្យ​មាន​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី (FTA)។

លោក​បន្ត​ថា អ្វី​ដែល​ពិសេស​សម្រាប់​ទិន្នន័យ​ខាង​លើ គឺ​ការ​នាំចេញ​របស់​កម្ពុជា​​កើន​ឡើង ខណៈ​ការ​នាំ​ចូល​ធ្លាក់ចុះ ដែល​នេះជា​សញ្ញា​បង្ហាញ​ថា វិស័យ​ផលិតកម្ម​ក្នុង​ស្រុក​របស់​កម្ពុជា​កាន់តែ​មាន​ភាព​រឹងមាំ។

លោក​អះអាង​ថា៖ «ទោះបី​កំណើន​នេះ​នៅ​ក្នុង​កម្រិត​តិចតួច ប៉ុន្តែ​កំណើន​ក្នុង​អំឡុង​ពេល​នេះ (ការ​រីក​រាលដាល​ជំងឺ​កូវីដ ១៩ លើ​ពិភព​លោក) គឺ​សុទ្ធតែ​បង្ហាញ​ពី​ភាព​រឹងមាំ​របស់​វិស័យ​ផលិត​នៅ​កម្ពុជា»។

ទាក់ទង​នឹង​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ ១៩ នៃ​ព្រឹត្តិការណ៍​សហគមន៍​ ២០ កុម្ភៈ ដែល​តម្រូវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដាក់​ចេញ​នូវ​វិធានការ​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ (ខេត្ត​កណ្តាល) នៅ​ពេល​នេះ លោក វណ្ណៈ បាន​បញ្ជាក់​ថា ផល​ប៉ះពាល់​ប្រាកដ​ជា​មាន​ដោយ​ចៀស​មិន​ផុត។

អនុ​ប្រធាន​សភា​ពាណិជ្ជកម្ម លោក លឹម ហេង បាន​និយាយ​ថា កំណើន​នៃ​ការ​នាំចេញ​ទៅ​កូរ៉េ ក្នុង​ត្រីមាស​ទី១ បង្ហាញ​ពី​ភាព​រឹងមាំ​នៃ​ឧស្សាហកម្ម​ផលិត​នៅ​កម្ពុជា។ កម្ពុជា​មាន​ផលិតផល​កាន់​តែ​ច្រើន​ដែល​មាន​គុណភាព​ស្តង់ដា​នៃ​ការ​ចង់​បាន​របស់​អ្នក​បញ្ជា​ទិញ។

លោក​ថ្លែង​ថា៖ «ភាព​ល្អ​ប្រសើរ​នៃ​ទំនាក់ទំនង​អន្តរជាតិ និង​ទីផ្សារ ព្រម​ជាមួយ​នឹង​ការ​ធ្វើ​ពិពិធកម្ម​ជា​បន្តបន្ទាប់ បាន​ធ្វើ​ឱ្យ​កម្ពុជា​មាន​ផលិតផល​កាន់​តែ​ច្រើន​សម្រាប់​នាំចេញ​ទៅ​កាន់​ប្រទេស​នានា​លើ​ពិភព​លោក រួម​ទាំង​ប្រទេស​កូរ៉េ ផង​ដែរ»។

ទោះ​យ៉ាង​ណា លោក លឹម ហេង លើក​ឡើង​ថា កំណើន​នៃ​ការ​នាំចេញ​នេះ នឹង​មាន​ការ​ប្រែប្រួល​ក្នុង​ត្រីមាស​ទី២ នេះ ខណៈ​ការ​រីក​រាលដាល​ជំងឺ​កូវីដ ១៩ នៃ​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ កំពុង​ធ្វើ​ឱ្យ​រោងចក្រ​ជា​ច្រើន​នៅ​ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្តាល ត្រូវ​ផ្អាក​សកម្មភាព។ ការ​ចូលរួម​សហការ​ប្រយុទ្ធ​នឹង​ការ​ឆ្លង​រាលដាល គឺ​ពិត​ជា​មាន​សារៈសំខាន់​ណាស់។

ទំនិញ​សំខាន់ៗ​ដែល​កម្ពុជា​នាំ​ទៅ​កាន់​កូរ៉េខាងត្បូង រួម​មាន​សម្លៀក​បំពាក់ ស្បែក​ជើង ផលិតផល​ធ្វើ​ដំណើរ ភេសជ្ជៈ គ្រឿង​បន្លាស់​អេឡិចត្រូនិក កៅស៊ូ ថ្នាំ​ពេទ្យ និង​ផលិតផល​កសិកម្ម ហើយ​កម្ពុជា​នាំចូល​មក​វិញ​រួមមាន យានយន្ត គ្រឿង​អេឡិចត្រូនិក សម្ភារ​ផ្ទះបាយ ភេសជ្ជៈ ថ្នាំពេទ្យ និង​ផលិតផល​ប្លាស្ទិក។

ប្រទេស​កម្ពុជា និង​កូរ៉េ​ខាង​ត្បូង បាន​បញ្ចប់​ការ​ចរចា​ជាមួយ​គ្នា​លើកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី កាល​ពី​ដើម​ខែ​កុម្ភៈ ដោយ​ភាគី​ទាំង ២ គ្រោង​នឹង​ចុះ​ហត្ថលេខា​ជាមួយ​គ្នា​នៅ​ក្នុង​អំឡុង​ខែ​មិថុនា ឆ្នាំ ២០២១ នេះ៕