ភ្នំពេញ: ការនាំចេញ​សរុប​របស់​កម្ពុជា​ទៅ​ប្រទេស​ចិន​ បាន​កើនឡើង​តិចតួច​កាលពី​ឆ្នាំ​ ២០២០ ទោះបីជា​មាន​ការរំខាន​ដល់​ខ្សែចង្វាក់​ផលិត និងផ្គត់ផ្គង់​ដែល​រង​ផលប៉ះពាល់​ដោយ​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩​ក៏ដោយ​។

យោងតាម​តួលេខ​ចុងក្រោយ​បាន​ពី​ក្រសួង​ពាណិជ្ជកម្ម ការនាំចេញ​សរុប​របស់​កម្ពុជា​ទៅ​ប្រទេស​ចិន​ បាន​កើនឡើង​ជាង​ ៨ ​ភាគរយ​​ សម្រេច​បាន​ ១,០៨៦ ​ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ​ ២០២០ បើ​ធៀប​នឹង ១,០០៤ ​ពាន់​លាន​ដុល្លារ​។ ទោះយ៉ាងណា ការនាំ​ចូល​សរុប​ពី​ប្រទេស​ចិន បាន​ធ្លាក់ចុះ​តិចតួច​ប្រហែល​ ១០ ភាគរយ​ មានតម្លៃ​ជាង​ ៧ ​ពាន់​លាន​ដុល្លារ​។

លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​បាន​ឱ្យ​ដឹងថា ទោះបី​ជា​ការរីករាលដាល​វីរុស​កូរ៉ូណា​កំពុង​រារាំង​ដល់​សេដ្ឋកិច្ច​លើ​ពិភពលោក និង​ក្នុង​តំបន់​ក៏ដោយ ក៏​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា និង​ចិន​នៅតែ​រឹងមាំ​ដដែល​។

លោក​លើកឡើង​ថា​៖ «​យើង​មិន​បដិសេធ​ទេ​ថា មាន​ការអាក់ខាន​ផលិតកម្ម​មួយចំនួន​ដោយសារ​តែ​ផលប៉ះពាល់​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ មកលើ​ការនាំចេញ​របស់​យើង​ទៅ​ប្រទេស​ចិន ឬ​ទៅ​បណ្ដា​ប្រទេស​ផ្សេងៗ​ទៀត​កាលពី​ឆ្នាំមុន​។ ​ប៉ុន្តែ​ជាមួយនឹង​ទំនាក់ទំនង​ជិតស្និទ្ធ​រវាង​ប្រទេស​ទាំង​ ២ យើង​នៅតែ​បង្កើន​ការនាំចេញ​របស់​យើង​ទៅ​ប្រទេស​ចិន​កាលពី​ឆ្នាំមុន​»​។

ប្រទេស​កម្ពុជា និង​ចិន​ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កាលពី​ថ្ងៃទី​ ១២ ខែ តុលា ឆ្នាំ​ ២០២០ ដែល​នឹង​អាច​ឲ្យ​ប្រទេស​កម្ពុជា​ នាំចេញ​ទំនិញ​មួយចំនួន​ទៅ​ប្រទេស​ចិន ដោយ​អត្រា​តម្លៃ​ពន្ធ​សូន្យ​ភាគរយ​។

យោងតាម​លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម ដែល​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្ដិ៍​ នៅពេល​ថ្មីៗ​នេះ​ថា ប្រទេស​កម្ពុជា​ បាន​រៀបចំ​ទំនិញ​ប្រហែល​ ៥០ ​ប្រភេទ ដើម្បី​បង្កើន​ការនាំចេញ​នៅក្នុង​ក្របខ័ណ្ឌ FTA​។ លោក​បាន​បន្តថា ក្រុមការងារ​ក្រសួង​បាន​ទទួល​ភារកិច្ច​ក្នុង​ការព្រាង​ការអភិវឌ្ឍ​ចំនួន ៥០ ក្នុង​ការវិភាគ​បច្ចេកទេស និង​របាំង​ពន្ធ និង​ការអនុគ្រោះ​ពន្ធ​ដែល​បាន​មកពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា និង​ចិន (CCFTA) ជា​គំរូ​នៃ​ការសិក្សា​សម្រាប់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​នានា​នៅពេល​អនាគត​។

លោក​បន្តថា ក្រុមការងារ​ថ្នាក់​ក្រសួង​កំពុង​ពិនិត្យ​ទីផ្សារ​ចិន ដើម្បី​កំណត់​ផលិតផល​អ្វី​ដែល​ប្រទេស​នេះ​អាច​ស្រូបយក និង​អ្វីដែល​តម្រូវការ​ទីផ្សារ​ពិភពលោក​នៅ​មិនទាន់​បាន​បំពេញ​។

លោក សុវិជាតិ ថ្លែងថា​៖ «​យើង​មាន​ទំនិញ​កសិកម្ម​សំខាន់ៗ​ដែល​រួមមាន បន្លែ ផ្លែឈើ គ្រាប់​ធញ្ញជាតិ សត្វ​រស់ សាច់​។​ល​។ ដែល​ជា​ទិសដៅ​របស់​យើង​សម្រាប់​ការនាំ​ចេញ​ទៅ​ទីផ្សារ​ប្រទេស​ចិន ខណៈ​ដែល​ផលិតផល​ទាំងនេះ ត្រូវ​បាន​គិត​ពន្ធ​សូន្យ​តាមរយៈ CCFTA»​។

លោក​បញ្ជាក់ថា សក្ដានុពល​ដែល​មិនទាន់​ប្រើប្រាស់​នៃ​ទំនិញ​កម្ពុជា​នៅ​លើ​ទីផ្សារ​អន្តរជាតិ ដែល​រួមមាន ស្បែកជើង សម្លៀកបំពាក់ និង​ផលិតផល​ធ្វើដំណើរ​។

លោក លឹម ហេង បាន​ឲ្យ​ដឹងថា ការសម្រេច​បាន CCFTA នឹង​លើកកម្ពស់​បន្ថែមទៀត​ដល់​ពាណិជ្ជកម្ម និង​លំហូរ​ការវិនិយោគ​ពី​ប្រទេស​ចិន​ មក​ប្រទេស​កម្ពុជា ​នៅ​ឆ្នាំ​នេះ​។

លោក​ថ្លែងថា​៖ «​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ប្រទេស​ចិន​ នឹង​ជួយ​ដល់​ពួកយើង​ក្នុង​ការពង្រីក​ការផលិត​របស់​យើង បង្កើន​ការនាំចេញ​ផលិតផល​កសិកម្ម ខណៈ​ដែល​យើង​ក៏​នឹង​មើលឃើញ​លំហូរ​វិនិយោគ​មកពី​ប្រទេស​ចិន​ ទៅក្នុង​វិស័យ​កែច្នៃ​ម្ហួបអាហារ​នេះ​គឺ​ពិតជា​ល្អ សម្រាប់​វិស័យ​កសិកម្ម​»​។

លោក​បន្តថា ទន្ទឹម​នឹង​នេះ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ចិន និង​អាមេរិក​មិន​បាន​បញ្ចប់​នៅឡើយ​ទេ វា​បង្កើត​ឱកាស​សម្រាប់​ប្រទេស​កម្ពុជា​ ក្នុង​ការទាក់ទាញ​ការវិនិយោគ​កាន់តែ​ច្រើន​សម្រាប់​ការនាំចេញ​ត្រឡប់​ទៅ​ទាំង​ប្រទេស​ចិន និង​អាមេរិក​។

លោក​បន្ថែមថា​៖ «​ខ្ញុំ​គិតថា ចាប់ពី​ឆ្នាំនេះ​ទៅ​យើង​នឹង​មើលឃើញ​លំហូរ​វិនិយោគ​មិន​គ្រាន់តែ​មកពី​ប្រទេស​ចិន​ ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បាន​ពី​បណ្ដា​ប្រទេស​នានា​ផងដែរ​។ នៅពេល​នេះ​ប្រទេស​ជាច្រើន​ផ្សេងៗ​ទៀត ដែល​រួមទាំង​កម្ពុជា​បាន​ចាក់​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូវីដ ១៩ ដល់​ប្រជាជន​នេះ​នឹង​ជា​រឿង​ដ៏ល្អ​មួយ ដែល​ប្រទេស​កម្ពុជា​ អាច​ទាក់ទាញ​ការវិនិយោគ​កាន់តែច្រើន​»​។

ការនាំចេញ​សរុប​របស់​កម្ពុជា​បាន​កើនឡើង​ដល់​ ១៦ ​ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ​ ២០២០ ដែល​បង្ហាញ​ការកើនឡើង​ជាង​ ១៤ ​ភាគរយ​ ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ ២០១៩ លោកនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន បាន​ថ្លែង​នៅក្នុង​សន្និសីទ​ខ្លី​បន្ត​ផ្ទាល់​មួយ​កាលពី​ថ្ងៃទី​ ២៩៕ LA