ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើតសាជីវកម្មធានាឥណទានកម្ពុជា (CGCC) ដើម្បីផ្ដល់មូលនិធិបន្ថែមដល់វិស័យឯកជនក្នុងការជួយជំរុញការស្ទុះងើបឡើងវិញនៃអាជីវកម្មរបស់ពួកគេក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ ១៩។
យោងតាមអនុក្រឹត្យដែលបានចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន កាលពីថ្ងៃទី ១ ខែកញ្ញា និងបានចេញផ្សាយជាសាធារណៈកាលពីថ្ងៃអាទិត្យ CGCC ស្ថិតក្រោមអាណាព្យាបាលបច្ចេកទេស និងហិរញ្ញវត្ថុរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងចុះបញ្ជីមូលធនចំនួន ២០០ លានដុល្លារ បានពីថវិការដ្ឋាភិបាល មានបេសកកម្មផ្ដល់កម្ចីប្រកបដោយវិជ្ជាជីវៈស្របតាមនិយាមអន្តរជាតិ ដើម្បីដោះស្រាយបញ្ហាប្រឈមនៅក្នុងទីផ្សារឥណទាន និងជំរុញបរិយាប័ន្នហិរញ្ញវត្ថុ។
បើយោងតាមអនុក្រឹត្យនេះបន្តថា៖ «CGCC មានភារកិច្ចផ្ដល់សេវាឥណទាន វាយតម្លៃកម្រិតហានិភ័យ និងគ្រប់គ្រងហានិភ័យ ត្រូវប្រតិបត្តិការជាមួយធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ និងដៃគូអភិវឌ្ឍន៍នានា ដែលផ្ដល់សេវាឥណទានផងដែរ»។
លោក មាស សុខសេនសាន អ្នកនាំពាក្យ MoEF បានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ កន្លងមកថា CGCC នឹងដើរតួនាទីដ៏សំខាន់នៅក្នុងការសម្របសម្រួលអាជីវកម្ម ដែលចង់ស្វែងរកមូលនិធិបន្ថែមពីគ្រឹះស្ថានហិរញ្ញវត្ថុ ដែលទទួលបានការធានាដោយរដ្ឋាភិបាលជាមួយនឹងគំនិតផ្ដួចផ្ដើមនេះ។
លោកថា៖ «គំនិតផ្ដួចផ្ដើមនេះ នឹងជួយវិស័យអាជីវកម្ម ដែលមានការពិបាកក្នុងការស្វែងរកប្រភពមូលនិធិសម្រាប់អាជីវកម្មរបស់ពួកគេ ពីវិស័យហិរញ្ញវត្ថុ រដ្ឋាភិបាលនឹងជួយទទួលយកការចែករំលែកហានិភ័័យជាមួយពួកគេសម្រាប់វិស័យហិរញ្ញវត្ថុ ដើម្បីបញ្ចេញកម្ចីបន្ថែមទៀត»។
លោក Shin Chang Moo ប្រធានធនាគារ PPCBank ក៏បានឱ្យដឹងក្នុងពេលថ្មីៗនេះថា MoEF កំពុងចែករំលែកគំនិត និងស្វែងរកធាតុចូលពីគ្រឹះស្ថានផ្ដល់កម្ចីស្ដីពីគំនិតផ្តួចផ្ដើម «ធានាឥណទាន» នៅក្នុងវគ្គសិក្សាជាច្រើន។
លោកបានពន្យល់ថា ផែនការធានាឥណទាន (CGS) ត្រូវបានប្រើប្រាស់ជាមធ្យោបាយដ៏ពេញនិយមក្នុងការបន្ធូរបន្ថយឧបសគ្គការផ្ដល់មូលនិធិសម្រាប់សហគ្រាសធុនតូច និងមធ្យម (SMEs) នៅតាមបណ្ដាប្រទេសជាច្រើនផ្សេងទៀត។ នៅប្រទេសកូរ៉េ រដ្ឋាភិបាលកំពុងដំណើរការផែនការធានាឥណទាន ៩០ ភាគរយ មួយផ្នែកសម្រាប់ SMEs ដែលរងផលប៉ះពាល់ដោយជំងឺកូវីដ ១៩។
លោកលើកឡើងថា៖ «ធនាគារ PPCBank កំពុងផ្សព្វផ្សាយផែនការធានាឥណទាន ១ ផ្នែកដែលហៅថា «ការចែករំលែកហានិភ័យ» ចាប់តាំងពីឆ្នាំ ២០១៩ ស្ថិតក្រោមការជួយឧបត្ថម្ភរបស់សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ»។
លោកថា៖ «CGS ដោយ MoEF ច្បាស់ណាស់នឹងជួយដល់ SMEs ដែលលទ្ធភាពទទួលបានឥណទានរបស់ខ្លួននៅមានកម្រិតដោយសារតែកង្វះទ្រព្យធានា ហើយក៏កាត់បន្ថយហានិភ័យពីការខាតបង់ឥណទានសម្រាប់ធនាគារផងដែរ។ ប៉ុន្តែនៅក្នុងរយៈពេលវែង ធនាគារ គួរតែអភិវឌ្ឍជំនាញវាយតម្លៃឥណទាន ដោយពឹងផ្អែកលើការជួយសម្រួលផ្នែកអាជីវកម្ម និងហិរញ្ញវត្ថុជាងការបន្ថែមតម្លៃទ្រព្យធានា ក្នុងការកាត់បន្ថយការខាតបង់ដែលមិនអាចចៀសផុតពីកម្ចី។ បើមិនអ៊ីចឹងទេ CGS នឹងមិនមែនជាដំណោះស្រាយប្រកបដោយចីរភាព សម្រាប់ការជំរុញហិរញ្ញវត្ថុរបស់ SME នោះទេ»។
បើយោងតាមលោក Shin បានឱ្យដឹងថា ផលបត្រកម្ចីរបស់ធនាគារ PPCBank បានកើនឡើងជាង ៥ ភាគរយ ក្នុងឆ្នាំ ២០២០ ហើយនៅតែរក្សាការបញ្ចេញកម្ចី។ លោកបន្តថា៖ «ខ្ញុំជឿជាក់ថា CGS នឹងបន្ធូរបន្ថយការពិបាករបស់ធនាគាររវាងសេចក្ដីស្នើតម្លៃសាធារណៈ និងឯកជន»។
អនុក្រឹត្យនេះបានឱ្យដឹងថា ការចាក់មូលនិធិបន្ថែមទៅក្នុង CGCC នឹងបានពីរដ្ឋាភិបាលដោយពឹងផ្អែកលើតម្រូវការពិតប្រាកដប្រាក់ចំណេញបានពីប្រតិបត្តិការ មូលនិធិបានពីដៃគូអភិវឌ្ឍន៍ វិស័យឯកជន ហើយក៏បានពីការខ្ចី ការចេញមូលបត្របំណុល និងប្រភពផ្សេងៗទៀត។
យោងតាមរបាយការណ៍ពីធនាគារជាតិនៃកម្ពុជា ចេញផ្សាយកាលពីខែកក្កដា វិស័យទេសចរណ៍ទទួលរងផលប៉ះពាល់យ៉ាងខ្លាំងដោយវីរុសកូរ៉ូណា ហើយវិស័យផលិតកម្មក៏បានធ្លាក់ចុះ ១១ ភាគរយផងដែរ។
រដ្ឋាភិបាលក៏បានដាក់ឱ្យដំណើរការធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា ដែលមានទឹកប្រាក់ ១០០ លានដុល្លារ ជាហិរញ្ញប្បទានរបស់រដ្ឋាភិបាលសម្រាប់កម្ចីដល់ SMEs ហើយកាលពីខែមេសា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានដាក់ចេញ «ផែនការហិរញ្ញប្បទានរួមសហគ្រាសធុនតូច និងមធ្យម (SME) ឆ្នាំ ២០២០» (SCFS) របស់ខ្លួន ជាការវិនិយោគរួមជាមួយ SME Bank និងគ្រឹះស្ថានហិរញ្ញវត្ថុមួយចំនួនរួមជាមួយនឹងការដាក់ឱ្យដំណើរការសាកល្បងរបស់ធនាគារនេះ»៕ LA