ភ្នំពេញៈ កម្ពុជា​បានក្លាយ​ជា​ប្រទេស​ផលិត​ប្រេង​មួយ​នៅលើ​ពិភពលោក និង​ជា​ប្រទេស​ទី​ ៨ ក្នុង​តំបន់​អាស៊ាន (​លើកលែង​ប្រទេស​ឡាវ និង​សិង្ហបុរី​) ​បន្ទាប់ពី​ក្រុមហ៊ុន​រុករក​ប្រេង និង​ឧស្ម័ន KrisEnergy Ltd របស់​សិង្ហបុរី​បាន​ទាញយក​តំណក់​ប្រេង​ជា​លើកដំបូង​ក្នុង​ប្លុក A ពី​បាសាំង​ខ្មែរ​កាលពី​ថ្ងៃទី​ ២៨ ខែធ្នូ​។

ក្រុមហ៊ុន KrisEnergy កាលពី​ថ្ងៃ​ទី​ ២៩ ខែធ្នូ បានប្រកាស​ជា​ផ្លូវការ​នូវ​តំណក់​ប្រេង​លើក​ដំបូង​របស់​ប្រទេស​កម្ពុជា​នៅ​សមុទ្រ​ក្នុង​តំបន់​សម្បទាន​ប្លុក​ A ដែល​បាន​ចាប់ផ្ដើម​ផលិតកម្ម​កាលពី​ថ្ងៃទី​ ២៨ ធ្នូ ឆ្នាំ​ ២០២០​។

ក្រុមហ៊ុន​បានឱ្យដឹងថា អណ្ដូងប្រេង​អប្សរា​បាន​ចាប់ផ្ដើម​បង្ហូរ​ប្រេង​ពី​អណ្ដូង​អភិវឌ្ឍន៍​តែមួយគត់ ហើយ​អត្រា​លំហូរ​ត្រូវការ​ពេលវេលា​យ៉ាងហោចណាស់​ ២៤ ​ម៉ោង​ដើម្បី​ធ្វើឱ្យ​មាន​ស្ថិរភាព​។ «​ការផលិត​នឹង​កើនឡើង​ដល់​កម្រិត​ខ្ពស់បំផុត​ដោយសារ​តែ​អណ្ដូងប្រេង​បន្ថែម ៤ ​ទៀត​ត្រូវ​បានបញ្ចប់ និង​ដំណើរការ​ជា​បន្តបន្ទាប់​»​។

លោក Kelvin Tang អគ្គនាយក និង​ជា​ប្រធាន​ផ្នែក​ប្រតិបត្តិការ​នៅ​កម្ពុជា​របស់​ក្រុមហ៊ុន KrisEnergy បានឱ្យ​ដឹងថា តំណក់​ប្រេង​ជា​លើកដំបូង​នៃ​អណ្ដូងប្រេង​អប្សរា គឺ​បង្ហាញ​ពី​ដំណើរការ​អស់​រយៈពេល ១០ ​ឆ្នាំ​ចាប់តាំងពី​ពេល​ក្រុមហ៊ុន KrisEnergy បាន​ក្លាយជា​ដៃគូ​មួយ​នៅក្នុង​ប្លុក A​។

លោក Kelvin ថ្លែងថា​៖ «​វា​មាន​រយៈពេល ៣ ​ឆ្នាំ​ ចាប់តាំងពី​យើង​បាន​ចុះ​កិច្ចព្រមព្រៀង​ប្រេងឥន្ធនៈ​ជាមួយ​រដ្ឋាភិបាល ដើម្បី​ដំណើរការ​គម្រោង​នេះ និង​មានការ​សិក្សា​យ៉ាង​លម្អិត​សម្រាប់​ភាគី​ពាក់ព័ន្ធ​នៅក្នុង​អ្វី​ដែលជា​ព្រឹត្តិការណ៍​ដ៏សំខាន់​មួយ​សម្រាប់​ប្រជាជន​កម្ពុជា និង​ជា​ព្រឹត្តិការណ៍​ជា​យុទ្ធសាស្ដ្រ និង​ប្រតិបត្តិការ​ដ៏សំខាន់​មួយ​សម្រាប់ KrisEnergy»​។

លោក Kelvin បានឱ្យដឹងថា ក្នុង​បរិបទ​ការរីក​រាលដាល​ជំងឺ​កូវីដ ​១៩ ក្នុង​ឆ្នាំ​ ២០២០ នេះ​គឺមាន​ការរីកចម្រើន​ដ៏គួរ​ឱ្យ​កត់សម្គាល់​រហូត​ឈាន​ទៅ​ដល់​ការទាញ​យក​តំណក់​ប្រេង​លើកដំបូង​។ នេះ​គឺជា​សមិទ្ធផល​ដ៏អស្ចារ្យ​មួយ និង​ជា​សក្ខីកម្ម​ចំពោះ​ការប្ដេជ្ញាចិត្ត​របស់​ក្រុម​ការងារ​ក្រុមហ៊ុន KrisEnergy និង​កិច្ចសហប្រតិបត្តិការ​ដ៏រឹងមាំ​នៃ​ក្រុមហ៊ុន​ម៉ៅការ និង​ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​។

លោក Kelvin លើកឡើង​ថា​៖ «​ខ្ញុំ​សូម​បង្ហាញ​ការកោតសរសើរ​ដ៏ស្មោះ​របស់ខ្ញុំ​ដល់​ក្រសួង និង​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់​សម្រាប់​ជំនួយ​គាំទ្រ កិច្ចសហការ និង​ការលះបង់​របស់​ពួកគេ​ដើម្បី​ទទួល​បាន​នូវ​ការអភិវឌ្ឍ​អណ្ដូងប្រេង​អប្សរា​។ ក្រុមហ៊ុន KrisEnergy មាន​កិត្តិយស​ក្នុង​ការក្លាយ​ជា​ផ្នែក​មួយ​នៃ​ឱកាស​ជា​ប្រវត្តិសាស្ដ្រ​នេះ​»​។

លោក Kelvin បាន​បន្ថែមថា​៖ «​នៅពេល​នេះ​ភារកិច្ច​របស់​យើង​នឹង​បញ្ចប់​ការខួង​ប្រេង​ក្នុងចំណោម​អណ្ដូងប្រេង​នៅសល់​ចំនួន​ ៤ ​ទៀត​ ដែល​ធ្វើឱ្យ​មាន​ស្ថិរភាព​ផលិតកម្ម និង​ការត្រួតពិនិត្យ​ប្រតិបត្តិការ ដើម្បី​យើង​អាច​វាយតម្លៃ​ដ៏ល្អ​បំផុត​ឆ្ពោះ​ទៅ​មុខ និង​ដើម្បី​បង្កើន​ការផលិត​ប្រេង​របស់​កម្ពុជា និង​តម្លៃ​ទ្រព្យសកម្ម​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​ខាងមុខ​»​។

លោកនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន កាលពី​ថ្ងៃទី​ ២៩ ខែធ្នូ​ បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​លោក​ថា ការចាប់​ផ្ដើម​ផលិតកម្ម​ប្រេង​ដំបូង​ក្លាយជា​សមិទ្ធផល​ថ្មី​មួយទៀត និង​ជា​ប្រភព​ថ្មី​នៃ​មូលនិធិ​សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ចកម្ពុជា​អនុវត្ត​តាម​នយោបាយ​ឈ្នះ-ឈ្នះ​របស់​រដ្ឋាភិបាល​។

សកម្មភាព​ដំឡើង​ស្ថានីយ​បូមប្រេង​របស់ KrisEnergy​។ សហការី

លោក​បាន​សរសេរ​ថា​៖ «​ក្នុងនាម​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​មាន​សេចក្ដី​សោមនស្ស​រីករាយ​ក្រៃលែង​ក្នុង​ការជម្រាប​ជូន​បងប្អូន​ជន​រួមជាតិ​ទាំងអស់​អំពី​ការចាប់ផ្ដើម​ផលិតកម្ម​ប្រេង​ដំបូង​របស់​កម្ពុជា​ពី​អណ្ដូងប្រេង A-0ID នៃ​ផ្លាតហ្វម A នៅក្នុង​ប្លុក​នៃ​ឈូង​សមុទ្រ​កម្ពុជា​ក្នុង​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​ ២៩ ខែ ធ្នូ ឆ្នាំ​ ២០២០ ដោយ​ក្រុមហ៊ុន​រុករក​ប្រេង និង​ឧស្ម័ន KrisEnergy របស់​ប្រទេស​សិង្ហបុរី​»​។

លោក​បាន​មានប្រសាសន៍​ថា​៖ «​ដោយ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល និង​ការចូលរួម​យ៉ាងសកម្ម​ពី​ក្រុមហ៊ុន KrisEnergy ដែល​ជា​ប្រតិបត្តិករ​នៃ​គម្រោង​នេះ​មកដល់​ពេល​នេះ​យើង​សម្រេចបាន​នូវ​ការបញ្ចប់​ដោយ​ជោគជ័យ​ជា​ស្ថាពរ​នូវ​ការសាងសង់ ការបំពាក់​គ្រឿង​សម្ភារ និង​បរិក្ខារ​នៃ​បណ្ដា​ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់​នានា សម្រាប់​ដំណើរ​ការផលិតកម្ម​ធនធាន​រ៉ែ​ប្រេង​របស់​យើង​»​។

លោក ជៀប សួរ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ប្រេងកាត​នៃ​ក្រសួង​រ៉ែ និង​ថាមពល បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្ដិ៍​ កាលពី​ថ្ងៃ​អង្គារ​ថា ក្រុមហ៊ុន​នេះ​នឹង​ខួង​អណ្ដូងប្រេង ៤ ​ទៀត​នៅក្នុង​ចំណោម​អណ្ដូងប្រេង ៥ នៅក្នុង​អណ្ដូងប្រេង A-01D ​នៃ​ផ្លាតហ្វម​។ នៅពេល​អណ្ដូងប្រេង​ទាំង ៥ ​នេះ​ត្រូវ​បានបញ្ចប់ ក្រុមហ៊ុន​នេះ​អាច​ផលិត​ប្រេង​បាន ៧ ៥០០ ​បារ៉ែល ​ក្នុង​ ១ ​ថ្ងៃ​។

លោក​ថ្លែងថា​៖ «​ជាមួយ​នឹង​វឌ្ឍនភាព​វិជ្ជមាន​នេះ យើង​នឹង​ទាញ​ក្រុមហ៊ុន​កាន់តែច្រើន​ចូលក្នុង​វិស័យ​ប្រេង និង​ឧស្ម័ន​»​។

កម្ពុជា​បាន​ក្លាយ​ជា​ប្រទេស​ផលិត​ប្រេង​។ នេះ​ជា​ព័ត៌មាន​ដ៏ល្អ​ដើម្បី​ទាក់ទាញ​ក្រុមហ៊ុន​បរទេស​កាន់តែ​ច្រើន​ថែមទៀត​មក​អភិវឌ្ឍ​វិស័យនេះ​។

លោកនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន បាន​បញ្ជាក់ថា ការចាប់ផ្ដើម​ផលិតកម្ម​ប្រេង​នេះ គឺជា​ពរជ័យ​សម្រាប់​កម្ពុជា​។

លោក​ថ្លែងថា​៖ «​នេះ​ជា​ការចាប់ផ្ដើម​ជំហាន​ដំបូង​ដ៏សំខាន់​សម្រាប់​កម្ពុជា​ឆ្ពោះ​ទៅ​បង្កើត​បាន​នូវ​សមត្ថភាព​ជាតិ និង​ខឿន​ឧស្សាហកម្ម​ប្រេងកាត ឧស្ម័ន និង​ថាមពល​នៅ​កម្ពុជា​។ ផលប្រយោជន៍​សំខាន់ៗ រួមមាន​ចំណូល​ថវិកាជាតិ សេដ្ឋកិច្ច​ទទួលបាន​ពី​ការធ្វើ​ពិពិធកម្ម​ខឿន​ឧស្សាហកម្ម​ក្នុង​វិស័យ​ប្រេងកាត និង​ការកសាង​សមត្ថភាព​ជាតិ​ក្នុង​វិស័យនេះ​»​។

ហេដ្ឋារចនាសម្ព័ន្ធ​ផលិតកម្ម​ប្រេង​សំខាន់ៗ​ដែល​បាន​សាងសង់ ​ដំឡើង និង​រៀបចំ​រួចរាល់​ជា​ស្ថាពរ​នៅក្នុង​តំបន់​ប្លុក A សម្រាប់​ដំណើរការ​ផលិតកម្ម រួមមាន ផ្លាតហ្វម​អណ្ដូងប្រេង ផលិត​នៅ​កោះ​បាតាង ប្រទេស​ឥណ្ឌូនេស៊ី ចាប់ផ្ដើម​សាងសង់​នៅ​អំឡុង​ខែធ្នូ​ឆ្នាំ​ ២០១៩ និង​បានបញ្ចប់​នៅក្នុង​ខែសីហា ឆ្នាំ​ ២០២០​។ ផ្លាត​ហ្វម​នេះ​បាន​ដឹក​ចូល​មកដល់​តំបន់​ប្លុក A ប្រទេស​កម្ពុជា និង​បាន​បញ្ចប់​ការដំឡើង​រួចរាល់​ជា​ស្ថាពរ​នៅ​ថ្ងៃទី​ ៧ ខែ​កញ្ញា ឆ្នាំ​ ២០២០​។

កប៉ាល់​ផលិតកម្ម​ប្រេង​បាន​ដំឡើង ជួសជុល និង​បំពាក់​សម្ភារ បរិក្ខារ​រួចរាល់​នៅ​ខែកញ្ញា​ឆ្នាំ​ ២០២០ នៅ​ប្រទេស​សិង្ហបុរី និង​បាន​ដឹក​មកដល់ និង​ដំឡើង​រួចរាល់​នៅ​ប្លុក A កាលពី​ថ្ងៃទី​ ១៨ ខែតុលា ឆ្នាំ​ ២០២០​។ កប៉ាល់​ស្ដុក​ប្រេង​បានរៀបចំ និង​ត្រៀមចាំ​រួចរាល់​នៅ​ប្លុក A នៅ​ថ្ងៃទី​ ៩ ខែ​វិច្ឆិកា ឆ្នាំ​ ២០២០​។

អណ្ដូងប្រេង​ទី​ ១ បានបញ្ចប់​ការសាងសង់​នៅ​ថ្ងៃទី​ ២៣ ខែធ្នូ ឆ្នាំ​ ២០២០ និង​បានចាប់ផ្ដើម​ផលិត​ចេញ​ប្រេង​ដំបូង​នៅ​ថ្ងៃទី​ ២៨ ខែធ្នូ ឆ្នាំ​ ២០២០​។ ក្រៅពីនេះ​មាន​អណ្ដូងប្រេង​ចំនួន​ ២ ​ទៀត​ក៏បាន​ខួង​ជម្រៅ​ដល់​ស្រទាប់​ជម្រក​រ៉ែ​ប្រេង​រួចហើយ​ដែរ​៕ LA

វីដេអូ៖