កំពតៈ កម្ពុជា​បាន​នាំចូល​អំបិល​ពី​ប្រទេស​ឥណ្ឌា​ក្នុង​បរិមាណ​ប្រហែល ៥ ០០០ តោន​ ហើយ​មកដល់​ពេលនេះ ខណៈ​បរិមាណ​អំបិល​ក្នុង​ស្តុក​ស្ទើរ​អស់ទាំង​ស្រុង​ទៅហើយ​។ នេះ​បើតាម​សហប្រធាន​សហគមន៍​ផលិត​អំបិល កំពត​កែប (SPCKK)​។

នេះ​ជា​លើក​ទី ១ ​ហើយ​ដែល​កម្ពុជា​បាន​នាំចូល​អំបិល​ពី​ប្រទេស​ ឥណ្ឌា ​មក​បំពេញ​តម្រូវការ​ប្រើប្រាស់​ក្នុងស្រុក ខណៈ​កន្លងមក​បាន​នាំចូល​មកពី​ប្រទេស​ចិន​ចំនួន​ ២ ​ដង​។

កត្តា​អាកាសធាតុ​មិន​អំណោយផល​នៅតែ​ជា​ហេតុផល​ចម្បង​ដែល​អ្នក​នៅក្នុង​វិស័យ​ផលិត​អំបិល​អះអាងថា ធ្វើឲ្យ​ទិន្នផល​អំបិល​នៅ​កម្ពុជា​ធ្លាក់​ចុះ​ចំនួន​ ៣ ​ឆ្នាំ​ចុង​ក្រោយនេះ​។

លោក ប៊ុន បារាំង សហប្រធាន​សហគមន៍​ផលិត​អំបិល កំពត​កែប SPCKK បាន​ប្រាប់​ភ្នំពេញ ប៉ុស្ដិ៍ កាលពី​ម្សិលមិញ​ថា រហូត​មក​ដល់​ពេល​នេះ​កម្ពុជា​បាន​នាំចូល​អំបិល​ពី​ប្រទេស​ឥណ្ឌា​ប្រហែល ៥ ០០០ ​តោន​ហើយ ខណៈ​អំបិល​ក្នុង​ស្តុក​នៅ​សល់​ពី ​៥០០-៦០០ ​តោន​តែប៉ុណ្ណោះ​។

លោក​បន្តថា កម្ពុជា​បាន​ផ្លាស់ប្តូរ​ទៅ​នាំចូល​ពី​ប្រទេស​ឥណ្ឌា ដោយសារ​កន្លែង​ផលិត​អំបិល​នៅ​ប្រទេស​ចិន ជួប​គ្រោះទឹកជំនន់​ដែល​ធ្វើឲ្យ​ការផលិត​របស់​ពួកគេ​ធ្លាក់ចុះ និង​មានតម្លៃ​ខ្ពស់​ជាង​មុន​។ លោក​ថ្លែងថា​៖ «​អំបិល​នាំចូល​ពី​ប្រទេស​ឥណ្ឌា គឺមាន​គុណភាព​ល្អ និង​តម្លៃ​សមរម្យ​»​។ តម្លៃ​អំបិល​នាំចូល​មិន​បាន​ធ្វើឲ្យ​ប៉ះពាល់​ដល់​ទីផ្សារ​អ្នក​ផលិត​ក្នុងស្រុក​ទេ​»​។

បច្ចុប្បន្ន​អំបិល​នាំចូល​ពី​ឥណ្ឌា​មាន​តម្លៃ​ប្រមាណ​ ៩៥ ​ដុល្លារ​ ក្នុង​ ១ ​តោន ដែល​ជា​តម្លៃ​ប្រហាក់ប្រហែល​នឹង​អំបិល​ផលិត​ក្នុងស្រុក​។ នេះ​បើតាម​លោក បារាំង​។

លោក​បន្តថា ការ​នាំចូល​អំបិល​ពី​ប្រទេស​ឥណ្ឌា​នឹង​ត្រូវ​បញ្ឈប់​ភ្លាម​នៅពេល​ដែល​កម្ពុជា​អាច​ផលិត​បាន​ឡើងវិញ​។ លោក​បញ្ជាក់ថា​៖ «​រហូត​មក​ដល់​ពេលនេះ ខ្ញុំ​មិនទាន់​ហ៊ាន​សន្និដ្ឋាន​ថា ការ​នាំចូល​អំបិល​ក្នុង​ឆ្នាំ​ ២០១៩ នេះ​នឹង​មាន​បរិមាណ​ប៉ុន្មាន​នោះទេ ខណៈ​ពេល​នេះ​កសិករ​ស្រែអំបិល​បាន​ចាប់ផ្តើម​ការងារ​នេះ​ជា​បណ្តើរៗ​វិញ​ហើយ​»​។

ទិន្នន័យ​ពី​សហគមន៍​ផលិត​អំបិល កំពតកែប បាន​ឲ្យ​ដឹងថា ក្នុង​រយៈពេល​ ៣ ​ឆ្នាំ​ចុងក្រោយ​នេះ ការផលិត​អំបិល​នៅក្នុង​ខេត្តកំពត និង​កែប​បាន​ប្រហែល​ជាង ៣០ ០០០ ​តោន​ ក្នុង​ ១ ​ឆ្នាំ ខណៈ​តម្រូវការ​ប្រើប្រាស់​សរុប​ក្នុងប្រទេស​មាន​ចន្លោះ​ពី ៨ ​ម៉ឺន ទៅ ១០ ​ម៉ឺន​តោន​ក្នុង​ ១ ​ឆ្នាំ​។

បច្ចុប្បន្ន​ក្នុង​ខេត្តកំពត និង​កែប​មាន​ផ្ទៃដី​ផលិត​អំបិល​ប្រហែល​ ៤ ៥០០ ​ហិកតា​។ ប្រសិន​បើ​អាកាសធាតុ​អំណោយផល​ក្នុង​ ១ ​ហិកតា គេ​អាច​ផលិត​អំបិល​បាន​ជាង ២០ ​តោន​ សម្រាប់​រយៈពេល​ ១ ​ឆ្នាំ​ ដោយ​គិត​ចាប់ពី​ខែ​មករា​ដល់​ខែឧសភា​។

កាលពី​ឆ្នាំ​ ២០១៨ កម្ពុជា​បានសម្រេច​នាំចូល​អំបិល​ពី​ប្រទេស​ ចិន ៣០ ០០០ តោន ហើយ​កាលពី​ឆ្នាំ ២០០៩ ​កម្ពុជា​បាន​ចំណាយ ២,២ លាន​ដុល្លារ​ ដើម្បី​នាំចូល​អំបិល​ ២០ ០០០ តោន ពី​ចិន​ជា​លើកដំបូង​។

លោក ប៊ុន ណារិន អ្នកបច្ចេកទេស​សហគមន៍​ផលិត​អំបិលកំពត-កែប​ បាន​និយាយ​ថា ស្រែអំបិល​នៅក្នុង​ខេត្ត​កំពត-កែប ត្រូវ​បាន​ប្រជាកសិករ​រៀបចំ​ដី​តាំងពី​ពាក់កណ្តាល​ខែតុលា​មក​ម្ល៉េះ ប៉ុន្តែ​មកដល់​ពេល​នេះ​មិន​ទាន់​មាន​ស្រែ​ណា​អាច​ប្រមូល​ផល​បានទេ​។ លោក​បន្តថា ជាទូទៅ​ការប្រមូលផល​នឹង​ចាប់ផ្តើម​ពី​ដើម​ខែ​មករា​ទៅ​។

បើ​តាម​លោក ណារិន បច្ចុប្បន្ន​អំបិល​ដែល​សហគមន៍​ផលិត​អំបិល កំពត-កែប ផលិត​បាន​មាន​តម្លៃ​ប្រហែល ៩០ ​ដុល្លារ​ក្នុង ១ ​តោន​។

ទិន្នន័យ​ផលិត​របស់ SPCKK បង្ហាញ​ថា​អំបិល ៣៣ ០០០ តោន​ ត្រូវ​បាន​ផលិត​នៅក្នុង​ខេត្ត​ ២ ​នេះ​កាលពី​ឆ្នាំ​ ២០១៧៕