ភ្នំពេញ: រដ្ឋាភិបាល​បាន​រក​ចំណូល​ពី​ការប្រមូល​ពន្ធគយ និង​ពន្ធដារ​បាន​ប្រមាណ​ ៤ ៥៦៧ ​លាន​ដុល្លារ​ ក្នុង​រយៈពេល​ ៩ ​ខែ​ឆ្នាំ​ ២០១៩ នេះ​។

យោងតាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​ដែល​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ពុធ​បង្ហាញ​ថា អគ្គនាយកដ្ឋាន​ពន្ធដារ​ប្រមូល​ពន្ធអាករ​គ្រប់​ប្រភេទ​បាន ២ ១៨៣ លាន​ដុល្លារ ខណៈ​លោក​នាយករដ្ឋមន្ត្រី​បានប្រកាស​ថា ការប្រមូល​ពន្ធគយ​ក្នុង​រយៈពេល​នេះ​មាន​ចំនួន ២ ៣៨៤ លាន​ដុល្លារ​អាមេរិក​។

យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​អគ្គនាយកដ្ឋាន​ពន្ធដារ​ការប្រមូល​ពន្ធអាករ​គ្រប់​ប្រភេទ​របស់​អគ្គនាយកដ្ឋាន​ក្នុង​រយៈពេល​ ៩ ​ខែ ឆ្នាំ​ ២០១៩ ​នេះ​បាន​កើនឡើង​ជិត​៣០​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០១៨ ដែល​មាន​ជាង ១ ៦៩០ ​លាន​ដុល្លារ​។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​ពុធ​បាន​ឲ្យ​ដឹងថា គិត​ត្រឹម​ខែកញ្ញា ឆ្នាំនេះ​រដ្ឋាភិបាល​ប្រមូល​ចំណូល​ពី​ពន្ធគយ​សរុប ២ ៣៨៤ លាន​ដុល្លារ​។ លោកនាយក​រដ្ឋមន្ត្រី​រំពឹងថា ចំណូល​ពន្ធគយ​នឹង​ទទួលបាន​លើស​ផែនការ​កំណត់​ប្រមាណ ៨០០ ​លាន​ដុល្លារ​ នៅ​ឆ្នាំនេះ​។

លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា វិស័យ​សំណង់ និង​កំណើន​អ្នកវិនិយោគ​នៅ​ប្រទេស​កម្ពុជា​បានរួម​ចំណែក​ជួយ​ឲ្យ​មាន​កំណើន​ប្រាក់ចំណូល​នៅក្នុង​វិស័យ​ពន្ធដារ​។ លោក​ថ្លែងថា​៖ «​ផ្នែក​សំណង់​ប្រមូល​បាន​ច្រើន ព្រោះ​សំណង់​រីកដុះដាល​ច្រើន ហើយ​ការប្រមូល​ពន្ធ​ពី​ផ្នែក​អាជីវកម្ម និង​ការវិនិយោគ​ក៏​ច្រើន ធ្វើឲ្យ​មាន​កំណើន ដូច្នេះ​វា​ឆ្លុះបញ្ចាំង​ពី​សេដ្ឋកិច្ច​យើង​វា​ដើរ​ជាង​មុន​»​។

លោក​បាន​បន្ថែមថា ការកែទម្រង់​ក្នុង​វិស័យ​ពន្ធដារ​ក៏​ជា​ផ្នែក​មួយ​ជួយ​ឲ្យ​មាន​កំណើន​ផងដែរ​។ លោក​បន្តថា​៖ «​កន្លងមក​ការនាំចេញ​នាំចូល​ទំនិញ​មាន​ការលំបាក តែ​ពេលនេះ​មាន​ការកាត់បន្ថយ​ច្រើន​ដូចជា​ការស្នើសុំ​នាំចេញ-ចូល យើង​អាច​សុំ​តាម​ប្រព័ន្ធ​អនឡាញ​បាន​»​។

លោក​បាន​បន្តថា ទោះបី​បែប​នេះ​ក្តី​អាជ្ញាធរ​ត្រូវ​រឹតបន្តឹង​បន្ថែមទៀត​ក្នុង​ការបង្ក្រាប​លើ​ការគេចពន្ធ ខុសច្បាប់​ដែល​ធ្វើឲ្យ​បាត់បង់​ចំណូល​ពន្ធ​មួយផ្នែក​ពី​វិស័យនេះ​។

ទោះ​យ៉ាងនេះ​ក្តី​យោង​តាម​ឯកសារ​សិក្សា​ស្រាវជ្រាវ​របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ (IMF) ​ដែល​បានចេញ​ផ្សាយ​កាលពី​ខែ​មុន ការប្រមូល​ចំណូល​ពន្ធ​នៅក្នុង​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​នៅមាន​អត្រា​ទាប​បើ​ធៀប​នឹង​បណ្តា​ប្រទេស​ក្នុង​តំបន់​ដែល​មាន​ត្រឹមតែ ០,១ ​ភាគរយ​ប៉ុណ្ណោះ​ នៃ​ផលិតផល​ក្នុងស្រុក​សរុប​។

រដ្ឋាភិបាល​កាលពី​ឆ្នាំ​ ២០១៨ ទទួលបាន​ប្រាក់ចំណូល​ពន្ធ​ចុះបញ្ជី ៩៧ ​លាន​ដុល្លារ​ ពី​ការផ្ទេរសិទ្ធិ​កាន់កាប់ និង​សិទ្ធិ​អចលនទ្រព្យ​នៅក្នុង​ទីក្រុង​ភ្នំពេញ​។ នេះ​បើតាម​ទិន្នន័យ​ពី​អគ្គនាយកដ្ឋាន​ពន្ធដារ​បង្ហាញ​នាពេល​កន្លងមក​។

លោក គង់ វិបុល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​ឲ្យ​ដឹង​នៅក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថា កត្តា​សំខាន់​ដែល​នាំ​ឲ្យ​ចំណូល​មានការ​កើនឡើង​ក្នុង​រយៈពេល​កន្លងមក​នេះ​គឺ​ការខិតខំ​ប្រឹងប្រែង​អនុវត្តតាម​យុទ្ធសាស្ត្រ​ចតុកោណ និង​យុទ្ធសាស្ត្រ​កៀរគរ​ចំណូល​របស់​រដ្ឋាភិបាល​ដែល​ផ្តោត​សំខាន់​លើ​ការពង្រឹង​ការធ្វើ​កំណែទម្រង់​រដ្ឋបាល​សារពើពន្ធ​។

លោក​ថ្លែងថា​៖ «​ការធ្វើ​ទំនើបកម្ម​រដ្ឋបាល​សារពើពន្ធ​លើ​មុខងារ​ស្នូល និង​គាំទ្រ​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​ដូចជា​ការដាក់​ប្រព័ន្ធ E-VAT ការពង្រឹង​ការចុះបញ្ជី​ពន្ធដារ ការពង្រឹង​ការធ្វើ​សវនកម្ម ការរៀបចំ​កម្មវិធី​សវនកម្ម​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន ការផ្សព្វផ្សាយ​វប្បធម៌​បង់ពន្ធ​ដល់​អ្នក​ជាប់ពន្ធ ការពង្រឹង​ធនធាន​មនុស្ស ហើយ​និង​កំពុង​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​វិធានការ​ក្នុង​ការគ្រប់គ្រង​ប្រមូល​បំណុល​ពន្ធដារ​ផងដែរ​»​។

ឯកសារ​សិក្សា​ស្រាវជ្រាវ​របស់ IMF បង្ហាញ​ថា​ការ​កៀរគរ​ប្រាក់ចំណូល​របស់​កម្ពុជា​បាន​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​។ ការសិក្សា​បង្ហាញ​ថា​កាលពី​ឆ្នាំ​ ២០១៧ ប្រាក់ចំណូល​ពន្ធ​មាន​ចំនួន​តិចជាង​ ១០ ​ភាគរយ ​នៃ GDP ខណៈ​កាលពី​ឆ្នាំ​ ២០១៧ បាន​កើនឡើង​ដល់​ប្រហែល​ ១៧ ​ភាគរយ​ ដែល​ស្ថិតក្នុង​កម្រិត​ខ្ពស់​បំផុត​នៅក្នុង​អាស៊ាន​៕ LA