ភ្នំពេញៈ ​កម្ពុជា​ផលិត​ដំឡូង​មី​បាន​ជាង ១៣ ​លាន​តោន​កាល​ ពី​ឆ្នាំ​មុន ​​គឺ​ធ្លាក់​ចុះ​ជិត ​១ ​ភាគរយ​ធៀប​នឹង​ឆ្នាំ ​២០១៧ ទោះ​បី​ជា​ទំហំ​នៃ​ការ​ដាំដុះ​បាន​កើន​ ៦​​ ភាគរយ​ ដល់​ ៦៥០ ​៥១០ ​ហិកតា​នៅ​ទូទាំង​ប្រទេស​ក៏​ដោយ​។​ នេះ​បើ​​តាម​​តួលេខ​បាន​ពី​ក្រសួង​កសិកម្ម​ រុក្ខា​​ប្រមាញ់ ​និង​នេសាទ​។​​

ទិន្នន័យ​បាន​បង្ហាញ​ថា ​កាល​ពី​ឆ្នាំ ​២០១៨ ​បរិមាណ​ផល​ដំឡូង​មី​នៅ​កម្ពុជា​​មាន​ចំនួន ​១៣ ៧៥០ ០៧៦ ​តោន ​ធ្លាក់​ចុះ​បន្តិច​ពី​ ១៣ ៨១៧ ២៦២ ​តោន​កាល​ពី​ឆ្នាំ ​២០១៧​។ ការ​ដាំដុះ​ ​កើន ៦ ភាគរយ​ពី ៦១​២ ៨៦១ ​ហិកតា ​ដល់ ​៦៥០ ​៣១០ ​ហិកតា​។​

មន្ដ្រី​ក្រសួង​កសិកម្ម​រំពឹង​ថា ការ​ផលិត​នឹង​មើល​ឃើញ​កំណើន​ចាប់​ពី​ឆ្នាំ​នេះ​ទៅ​ ខណៈ​រោងចក្រ​កែច្នៃ​ដំឡូង​មី​​ថ្មី​នៅ​ខេត្ត​ក្រចេះ ​នឹង​ត្រូវ​បញ្ចប់​នៅ​ខែ​ឧសភា ឆ្នាំ​នេះ​។​

លោក​ កែ​ មុន្ធីវុធ ​ប្រធាន​នាយកដ្ឋាន​ការពារ​ដំណាំ ​អនាម័យ ​និង​ភូតគាម​​អនាម័យ​ នៅ​ក្រសួង​កសិកម្ម ​ឲ្យ​ដឹង​ថា ​ការ​ធ្លាក់ចុះ​ទិន្នផល​គឺ​ដោយសារ​តែ​ការ​ប្រែប្រួល​អាកាសធាតុ​ និង​ការ​ខូចខាត​ដោយ​សត្វ​ល្អិត​​។​

ប៉ុន្តែ​ ដោយ​មាន​ការ​ចូល​មក​ថ្មីៗ​របស់​ក្រុម​វិនិយោគិន ​ឧស្សាហកម្ម​នេះ​ទាំង​មូល ​នឹង​មើល​ឃើញ​ការ​ផ្លាស់​ប្តូរ​ជា​​មួយ​នឹង​ផលិតកម្ម​នឹង​កាន់​តែ​ខ្ពស់​។​

លោក​ថ្លែង​ថា៖ «​ការ​ប្រែប្រួល​អាកាសធាតុ​ និង​ការ​បំផ្លាញ​ដោយ​ជំងឺ​បាន​​​ធ្វើ​ឲ្យ​ធ្លាក់​ចុះ​ទិន្នផល​»។​ លោក​បន្ត​​ថា៖ «ប៉ុន្តែ​វិនិយោគិន​ថ្មី​នឹង​ចូល​មក​​ឧស្សាហកម្ម​របស់​យើង​ ​វា​នឹង​ជួយ​ផ្ដល់​គ្រាប់​ពូជ​ដែល​ធន់​នឹង​អាកាសធាតុ​​ ​ជា​មួយ​នឹង​ការ​ផ្តល់​ទិន្នផល​ខ្ពស់​ និង​ប្រឆាំង​នឹង​សត្វ​ល្អិត​»។​ ​លោក​បន្ថែម​​ថា៖ «​ខណៈ​យើង​មាន​រោងចក្រ​កែច្នៃ​ក្នុង​ស្រុក ​តម្លៃ​ដំឡូងមី​របស់​យើង ​នឹង​កាន់​តែ​មាន​ស្ថិរភាព ហើយ​វា​នឹង​​មិន​មាន​ការ​ប្រែប្រួល​ច្រើន​ដោយ​​ពឹង​ផ្អែក​តែ​លើ​ទីផ្សារ​ជិត​ខាង​ទេ»​​។​

ក្រុមហ៊ុន​ Green Leader Holding Group មាន​មូលដ្ឋាន​នៅ​ទីក្រុង​ហុងកុង ​និង​កម្មវិធី​អភិវឌ្ឍន៍​អង្គការ​សហ​ប្រជាជាតិ ​(UNDP) ​បាន​ចុះ​កិច្ច​ព្រមព្រៀង​ចែក​រំលែក​តម្លៃ​កាល​ពី​ខែ​សីហា​មុន ដើម្បី​អនុវត្ត​គម្រោង​មាន​តម្លៃ ​៨០០ ​០០០ ​ដុល្លារ​ លើ​ការ​បង្កើន​ល្បឿន​ទីផ្សារ​ដំឡូងមី​។​

គម្រោង​នេះ​នឹង​ត្រូវ​ការ​រយៈពេល​ជិត ​៣ ​ឆ្នាំ​កន្លះ​ ដែល​ទឹក​ប្រាក់​ ៥០០ ​​០០០ ​ដុល្លារ​ត្រូវ​បាន​ផ្តល់​ដោយ​ Green Leader ​និង ​៣០០ ​០០០ ​ដុល្លារ​ដោយ ​UNDP។​

លោក ​Michael Tse អគ្គនាយក​ក្រុមហ៊ុន ​Green​ Holding បាន​ឲ្យ​ដឹង​ថា ​វិស័យ​ដំឡូងមី​របស់​ប្រទេស​នេះ កំពុង​បង្ហាញ​សក្ដានុពល​កំណើន ​ដោយ​សារ​តែ​កិច្ច​សហ​ប្រតិបត្តិការ​ជាមួយ​ UNDP ​ដែល​ធ្វើ​ការងារ​ជា​មួយ​​ផែន​​ការ​ថ្មី​មួយ​ ជា​ការ​ធ្វើ​កសិកម្ម​តាម​កិច្ចសន្យា ​និង​ការ​ផ្ដល់​បច្ចេកវិទ្យា​ ព្រម​ទាំង​ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​​។​

បច្ចុប្បន្ន ​Green​ Leader កំពុង​​សាងសង់​រោងចក្រ​កែច្នៃ​ដំឡូងមី​តម្លៃ​ ២០ ​លាន​ដុល្លារ ​នៅ​លើ​ផ្ទៃដី​ទំហំ ២០​ ហិកតា ​នៅ​ស្រុក​ស្នួល​ខេត្ត​ក្រចេះ ​ដែល​នឹង​ត្រូវ​បញ្ចប់​នៅ​ខែ​ឧសភា ​រោងចក្រ​នេះ​នឹង​មាន​សមត្ថភាព​កែច្នៃ​ម្សៅ​ដំឡូងមី​​បាន​ ១០០​ ០០០ ​តោន​ក្នុង ​១ ​ឆ្នាំ​ ជា​ចំនួន​មួយ​ដែល​នឹង​ត្រូវការ​ដំឡូងមី​ស្រស់ ​៤០០​ ០០០ ​តោន​ពី​កសិករ​ក្នុង​ស្រុក​។​ ​

លោក​បន្ត​ថា៖ «​យើង​កំពុង​បង្កើត​សហករណ៍​កសិករ ​២៧ ​ជុំវិញ​រោងចក្រ​នេះ ​យើង​ជួយ​កសិករ​មិន​គ្រាន់​តែ​ការ​ទិញ​ដំឡូងមី​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ថែម​ទាំង​បង្រៀន​ពួក​គេ​ពី​របៀប​ក្នុង​ការ​ដាំដុះ​ និង​បង្កើន​ទិន្នផល​ផង​ដែរ»។​

លោក ​ផន ​រក្ស ​កសិករ​មាន​ផ្ទៃ​ដី​ទំហំ ​៣០ ​ហិកតា នៅ​ខេត្ត​ប៉ៃលិន​ បាន​ឲ្យ​ដឹង​ថា ទីផ្សារ​នៅ​តំបន់​ជាប់​ព្រំដែន​ថៃ​បច្ចុប្បន្ន​គឺ​ល្អ​ដែល​ស្ថិត​ក្នុង​តម្លៃ​ ២៥០ រៀល​ក្នុង ​១ គីឡូ​ក្រាម​សម្រាប់​​ដំឡូង​ស្រស់ ​និង​ ៧០០ រៀល​ក្នុង​ ​១ ​គីឡូ​ក្រាម​សម្រាប់​ដំឡូង​ស្ងួត។​

លោក​ថ្លែង​ថា​៖ «​​យើង​អាច​​រក​ប្រាក់​ចំណេញ​បាន​បន្តិចបន្តួច​ ​ប៉ុន្តែ​យើង​នៅ​តែ​ពឹង​លើ​ទីផ្សារ​ថៃ»។ ​លោក​បន្ថែម​ថា៖ «​ប៉ុន្តែ​​បើ​មាន​​តម្រូវ​ការ​​ក្នុង​ស្រុក​សម្រាប់​កែច្នៃ ​វា​នឹង​ធានា​​តម្លៃ​របស់​យើង​ ហើយ​យើង​ជា​កសិករ​​នឹង​មិន​បារម្ភ​ខ្លាំង​​អំពី​ទីផ្សារ​ទៀត​​នោះ​ទេ​»៕​LA​