ភ្នំពេញៈ អ្នក​ក្នុង​វិស័យ​វារីវប្បកម្ម​បាន​សាទរ​ចំពោះ​ការសម្រេច​ផ្អាក​នាំចូល​ប្រភេទ​ត្រី​ដែល​វារីវប្បកម្ម​ផលិត​បាន​មួយចំនួន ដោយ​រំពឹង​ថា នឹង​ធ្វើឱ្យ​ប្រជាកសិករ​ចិញ្ចឹម​ត្រី​មាន​ទំនុកចិត្ត​ក្នុង​ការចិញ្ចឹម និង​អាច​កាត់បន្ថយ​ផលិតផល​នាំចូល​ដែល​មិន​មាន​គុណភាព​ល្អ​ផងដែរ​។

ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​កាលពី​ថ្ងៃទី​ ៨ ខែ ​មករា ឆ្នាំ​ ២០២១ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ​សម្រេច​ផ្អាក​ការនាំ​ចូល​ត្រី​មួយចំនួន​ដែល​វារីវប្បករ​ផលិត​បាន​ច្រើន​ដូចជា ត្រីប្រា ត្រីពោ ត្រី​អណ្តែង និង​ត្រីឆ្តោ ព្រមទាំង​ត្រី​មួយចំនួន​ទៀត​ដែល​អាច​ចិញ្ចឹម​បាន​ក្នុងស្រុក​។

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក វេង សាខុន បាន​និយាយ​ថា ការផ្អាក​នាំចូល​ត្រី​មួយចំនួន​ក្នុង​ពេលនេះ គឺ​ដើម្បី​លើកកម្ពស់​ទីផ្សារ​ផលិតផល​ក្នុងស្រុក​។ លោក​បន្តថា ទន្ទឹម​នឹង​ការជំរុញ​ឱ្យ​មាន​វារីវប្បកម្ម​កាន់តែ​ច្រើន​នោះ បច្ចុប្បន្ន​អាជ្ញាធរ​ក៏​កំពុង​ជំរុញ និង​លើក​ទឹកចិត្ត​ដល់​អ្នកវិនិយោគ​ឱ្យ​វិនិយោគ​លើ​រោងចក្រ​ផលិត​ចំណី​សម្រាប់​វិស័យ​វារីវប្បកម្ម​នៅ​កម្ពុជា​ផងដែរ​។

លោក​ថ្លែងថា​៖ «​ការសម្រេច​ផ្អាក​នាំចូល​នៅពេល​នេះ គឺ​ដើម្បី​លើកកម្ពស់​ទីផ្សារ​ក្នុង​ស្រុក ប៉ុន្តែ​យើង​នឹង​បើក​ការ​នាំចូល​ឡើងវិញ​នៅពេល​ដែលមាន​តម្រូវការ​ខ្ពស់​»​។

លោក​លើកឡើង​ថា ការបង្កើន​ការវិនិយោគ​លើ​វារីវប្បកម្ម នឹង​មិន​ត្រឹម​ជួយ​លើកកម្ពស់​ប្រាក់ចំណូល​ដល់​អ្នក​ចិញ្ចឹម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​នឹង​ជួយ​ដល់​អ្នក​នៅក្នុង​វិស័យ​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត​ដូចជា រោង​ម៉ាស៊ីនកិនស្រូវ និង​ម្ចាស់​ផលិតកម្ម​មួយ​ចំនួន​ឱ្យ​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការយក​ផលិតផល​ទាំងនោះ​ទៅ​ចូលក្នុង​រោងចក្រ​ដើម្បី​កែច្នៃ​ជា​ផលិតផល​ចំណី​ត្រី​ទៀតផង​។

លោក សុខ រ៉ាដែន ប្រធាន​សមាគម​វារីវប្បករ​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ទី​ ១០ ខែមករា ថា ចំណាត់ការ​របស់​អាជ្ញាធរ​ក្នុង​ការសម្រេច​ឱ្យ​ផ្អាក​ការ​នាំចូល​ប្រភេទ​ត្រី​មួយចំនួន​ពី​ក្រៅប្រទេស​នឹង​ផ្តល់​ផល​វិជ្ជមាន​ច្រើន​សម្រាប់​អ្នក​ចិញ្ចឹម​ក្នុងស្រុក ខណៈ​ការ​នាំចូល​បានធ្វើឱ្យ​អ្នក​ចិញ្ចឹម​ក្នុងស្រុក​ជួបនឹង​ផលវិបាក​ជាច្រើន ពិសេស​នៅពេល​ប្រមូលផល​។

លោក​បន្តថា ការនាំ​ចូល​ផល​វារីវប្បកម្ម​មិន​ត្រឹមតែ​ធ្វើឱ្យ​អ្នក​ចិញ្ចឹម​ក្នុងស្រុក​ជួប​បញ្ហា​ទីផ្សារ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ផលិតផល​មួយចំនួន​ក៏​មិនមាន​អនាម័យ គុណភាព និង​ប្រភព​នាំចូល​ដែល​អាច​ធ្វើឱ្យ​មាន​បញ្ហា​ដល់​សុខភាព​អ្នក​បរិភោគ​ផងដែរ​។

លោក​ថ្លែងថា​៖ «​ក្នុងនាម​សមាគម​វារីវប្បករ​កម្ពុជា ខ្ញុំ​ពិតជា​រីករាយ និង​គាំទ្រ​ចំពោះ​ការសម្រេច​ផ្អាក​នាំចូល​ត្រី​មួយចំនួន​ដែល​កំពុង​ចិញ្ចឹម​ច្រើន​នៅ​កម្ពុជា ដែល​នេះ​ជា​ផ្នែក​មួយ​ក្នុង​ការធ្វើឱ្យ​កម្ពុជា​អាច​ធានា​បាន​សន្តិសុខ​ស្បៀង​សម្រាប់​ប្រទេស​»​។

លោក​បន្តថា​៖ «​ផល​វារីវប្បកម្ម​ក្នុងស្រុក​គឺជា​ផលិតផល​ដែលមាន​គុណភាព​ល្អ ព្រោះ​ចំណី​ដែល​ផ្តល់ឱ្យ​ត្រី​សុទ្ធតែ​មាន​គុណភាព និង​មាន​ការផលិត​ត្រឹមត្រូវ ខណៈ​ផលិតផល​នាំចូល​មួយចំនួន​ត្រូវគេ​ដឹងថា មិនមាន​ការត្រួតពិនិត្យ​ទៅលើ​ទីតាំង​ចិញ្ចឹម និង​ការផ្តល់​ចំណី​ត្រឹមត្រូវ​នោះទេ​»​។

ទោះបី​យ៉ាងណា​លោក​ក៏បាន​អំពាវនាវ​ឱ្យ​អាជ្ញាធរ​នៅតាម​ព្រំដែន​បង្កើន​ការត្រួតពិនិត្យ​ត្រី​នាំចូល​ឱ្យ​បាន​ហ្មត់ចត់​ផងដែរ​។

លោក​បន្ថែមថា ការបង្កើន​កិច្ចអន្តរាគមន៍​របស់​រដ្ឋាភិបាល​តាមរយៈ​ការផ្តល់​ប្រាក់កម្ចី​ក្នុង​អត្រា​ការប្រាក់​ទាប​ពី​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម​ (ARDB) ក៏​កំពុង​ចូលរួម​ចំណែក​យ៉ាងច្រើន​ក្នុង​ការលើកកម្ពស់​ការធ្វើ​វារីវប្បកម្ម​ (​ការចិញ្ចឹម​ត្រី និង​កង្កែប​...) ​ក្នុង​ស្រុក​ផងដែរ​។

ខណៈ​និន្នាការ​នៃ​ការធ្វើ​វារីវប្បកម្ម​ទាំង​លក្ខណៈ​គ្រួសារ និង​អាជីវកម្ម​កំពុង​កើនឡើង​ជា​បន្តបន្ទាប់ លោក រ៉ាដែន និយាយថា កម្ពុជា​ចង់ឃើញ​មាន​អ្នកវិនិយោគ​លើ​ការផលិត​ចំណី​ត្រី និង​ការបញ្ចុះ​តម្លៃ​អគ្គិសនី​បន្ថែមទៀត​។ លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​ពិតជា​ចង់ឃើញ​អ្នកវិនិយោគ​ច្រើន​ចូល​បណ្តាក់ទុន​លើ​ការផលិត​ចំណី​សត្វ​នៅ​កម្ពុជា ព្រោះ​ការចំណាយ​ប្រាក់​ទិញ​ចំណី​ពី​ក្រៅប្រទេស​មិន​បាន​ផ្តល់ប្រាក់​ចំណូល​សម្រាប់​សេដ្ឋកិច្ច​កម្ពុជា​ឡើយ​»​។

លោក សុង សីហា ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ត្រី​នៅ​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ បាន​ប្រាប់ថា ការទប់ស្កាត់​ការនាំ​ចូល​ត្រី​ដែលមាន​ចិញ្ចឹម​ច្រើន​នៅ​កម្ពុជា នឹង​ជួយ​ធ្វើឱ្យ​អ្នក​ចិញ្ចឹម​មាន​ទំនុកចិត្ត និង​អាច​បង្កើន​ការវិនិយោគ​។ លោក​អះអាងថា​៖ «​ការផ្អាក​ការនាំ​ចូល​នឹង​ធ្វើឱ្យ​អ្នក​ចិញ្ចឹម​ក្នុងស្រុក​កាន់តែ​មាន​ទំនុកចិត្ត​លើ​ទីផ្សារ​។ ការចិញ្ចឹម​ក៏​អាច​មាន​សម្ទុះ​ឡើង​ដែរ​»​។

ទិន្នន័យ​ពី​ក្រសួង​កសិកម្ម បង្ហាញ​ថា​ក្នុង​ឆ្នាំ​ ២០២០ ការប្រមូលផល​ពី​វារីវប្បកម្ម​សម្រេច​បាន ៤០០ ៤០០ ​តោន កើនឡើង ២៧,៧៩ ​ភាគរយ​ពី​ចំនួន ៣០៧ ៤០៨ ​តោន​ កាលពី​ឆ្នាំ​ ២០១៩៕

វីដេអូ៖