ខណៈ​បច្ចេកវិទ្យា​ឌីជីថល​កំពុង​ចូលមក​ក្នុង​ជីវិត​ប្រចាំថ្ងៃ និង​ការងារ​របស់​ប្រជាជន ការទូទាត់​ឌីជីថល​កាន់តែ​មាន​ភាពពេញនិយម​ដោយសារ​វា​កាន់​តែ​មាន​ភាពងាយស្រួល ប្រសិទ្ធភាព និង​មាន​សុវត្ថិភាព​ជាង​ការ​កាន់​សាច់ប្រាក់​។

ប្រទេស​កម្ពុជា​កំពុង​ដើរ​យ៉ាង​រហ័ស​ឆ្ពោះ​ទៅរក​ការចាប់​យក​បច្ចេកវិទ្យា​ឌីជីថល​នេះ ជាពិសេស​ផ្នែក​ទូទាត់​ចល័ត​ដែល​គាំទ្រ​ដោយ​ការអភិវឌ្ឍ​យ៉ាង​រហ័ស​នៃ​បច្ចេកវិទ្យា​នវានុវត្តន៍ និង​ការគាំទ្រ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​។

លោក Vincent Ling អនុប្រធាន​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន UnionPay ទទួលបន្ទុក​តំបន់​អាស៊ីអាគ្នេយ៍​បាន​ជួប​សម្ភាស​ដោយ​លោក ម៉ៃ គុណមករា ការី​និពន្ធ​ព័ត៌មាន​សេដ្ឋកិច្ច​កាសែត​ភ្នំពេញ​ប៉ុស្ដិ៍​ដើម្បី​និយាយ​អំពី​អាជីវកម្ម​របស់​ក្រុមហ៊ុន និង​ដំណោះស្រាយ​អភិវឌ្ឍ​ការទូទាត់​ឌីជីថល​នៅ​កម្ពុជា​។

តើ​លោក​អង្កេត​ឃើញ​ការទូទាត់​ឌីជីថល​ដែល​រួមមាន QR កូដ និង​ការទូទាត់​ដោយ​មិន​ប្រើ​កាត (contactless payment) នៅ​កម្ពុជា​មាន​ដំណើរការ​យ៉ាង​ដូចម្ដេច​ដែរ​?

QR កូដ ពិត​ជា​មាន​ការងាយស្រួល​សម្រាប់​ប្រជាជន​កម្ពុជា ហើយ​យើង​សម្លឹង​ឆ្ពោះ​ទៅរក​ការធ្វើការងារ​ជាមួយ​ធនាគារ​កាន់តែច្រើន ដើម្បី​ចេញ​កាត QR កូដ និង​កាត contactless​។ ហេតុអ្វី​បាន​ជា​វា​កាន់តែ​ងាយស្រួល ដោយសារ​ការពិត​គឺថា​ការទូទាត់​ឌីជីថល​មាន​ភាពងាយស្រួល​ជាង​ការ​កាន់​សាច់ប្រាក់​។

ឧទាហរណ៍ ប្រសិន​បើ​អ្នក​ចង់​ទិញ​អ្វីៗ នៅពេល​នោះ​អ្នក​ត្រូវ​តម្រង់​ជួរ​នៅមុខ​ទូ​ម៉ាស៊ីន​អេធីអឹម​ដើម្បី​ដក​ប្រាក់ ដែល​ធ្វើឲ្យ​ចំណាយ​ពេលវេលា​។ យើង​នាំយក​ការទូទាត់​ឌីជីថល​ដែល​កាន់តែ​មាន​ភាពងាយស្រួល​ដល់​ប្រជាជន​កម្ពុជា ហើយ​អ្វី​កាន់តែ​សំខាន់​ជាង​នេះ​គឺថា វា​មិនគ្រាន់តែ​ជា​ការងាយស្រួល​ប៉ុណ្ណោះ​ទេ ខ្ញុំ​គិតថា​ការទូទាត់​ឌីជីថល​គឺ​រហ័ស​ផងដែរ​។

តើ​លោក​មើលឃើញ​យ៉ាងដូចម្តេច​ដែរ​ចំពោះ​ថា ក្រុមហ៊ុន UnionPay អាចរួមចំណែក​ដល់​ការអភិវឌ្ឍ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ (FinTech) នៅ​កម្ពុជា​?

ការវិវត្ត​ផ្នែក FinTech របស់​យើង​ត្រូវបាន​ពង្រីក​នៅក្នុង​តំបន់​ទាំងមូល​។ នៅ​អន្តរជាតិ FinTech មជ្ឈមណ្ឌល​ដ៏ធំ​គឺជា​តំបន់​អាស៊ីអាគ្នេយ៍​នោះ​ដែល​មាន​គំនិត​ផ្តួចផ្ដើម​ជាច្រើន​នៅក្នុង​ប្រទេស​សិង្ហបុរី ថៃ និង​កម្ពុជា​។​ល​។ ហើយ​ក្រុមហ៊ុន UnionPay បាន​ជួយ​បង្កើត​មូលដ្ឋានគ្រឹះ​នៃ​អន្តរ​ប្រតិបត្តិការ​ដ៏សំខាន់​បំផុត​របស់ FinTech ទាំងអស់​។

នៅពេល​យើង​ដាក់ QR តាម​ភ្នាក់ងារ អ្វី​កើតឡើង​គឺថា​យើង​កំពុង​យល់ព្រម​ឲ្យ​ភ្នាក់ងារ​ទាំងនោះ​ធ្វើ​ជា​តំណាង​ឲ្យ​ក្រុមហ៊ុន FinTech​។ ដូច្នេះ​ប្រសិនបើ FinTech ធ្វើជា​ដៃគូ​ជាមួយ​យើង ពួកគេ​នឹង​អាច​ប្រើប្រាស់​ជា​មូលដ្ឋាន​នូវ​កាបូប​ប្រាក់​ទូទាត់ ឬ​កាត​និម្មិត​របស់​ពួកគេ​នៅក្នុង​ទីតាំង​ណាមួយ​ទូទាំង​​ពិភពលោក​។

បច្ចុប្បន្ន​ក្រុមហ៊ុន UnionPay មាន​ភ្នាក់ងារ​ប្រើប្រាស់ QR ជាង ១៦លាន នៅ​ទូទាំង​ពិភពលោក​ដោយ​មិន​រាប់បញ្ចូល​ប្រទេស​ចិន​ដែល​អ្នក​អាច​ប្រើប្រាស់​កាត​បាន​។ ប៉ុន្តែ​អ្វី​ដែល​សំខាន់​គឺថា អ្នក​នៅក្នុង​ឧស្សាហកម្ម​បច្ចេកវិទ្យា FinTech ក៏​អាច​ប្រើប្រាស់​បណ្ដាញ contactless តាម​ភ្នាក់ងារ​របស់​យើង​ផងដែរ ដោយសារ​បច្ចុប្បន្ន​អ្នក​អាច​ធ្វើការ​ទូទាត់​ប្រាក់​បាន​ពីរបែប គឺ​តាមរយៈ QR កូដ និង​មួយទៀត​គឺ contactless​។

ហើយ​សម្រាប់ contactless យើង​មាន​ភ្នាក់ងារ​ចំនួន ១៩ លាន​ នៅ​ទូទាំង​ពិភពលោក នោះ​ជា​មូលហេតុ​ដែល​យើង​អាចជួយ​ដល់ FinTech​។ ដូច្នេះ​ប្រសិន​បើ​ពួកគេ​ធ្វើជា​ដៃគូ​ជាមួយ​ពួកយើង ពួកគេ​ទទួល​បាន​ការទទួល​យក​ភ្លាមៗ​ទូទាំង​ពិភពលោក និង​ឆ្លងកាត់​ព្រំដែន​។

រដ្ឋាភិបាល​កម្ពុជា​កំពុង​កែលម្អ​សេវា​ធ្វើដំណើរ​សាធារណៈ​តាមរយៈ​ផ្ដល់​ជម្រើស​ជាច្រើន​សម្រាប់​អ្នក​ដំណើរ​ដែល​ចូលចិត្ត​ធ្វើដំណើរ​តាម​រថយន្តក្រុង និង​រថភ្លើង​។ តើ​លោក​នឹង​សម្លឹងមើល​ឱកាស​ណាមួយ​ក្នុង​ការផ្ដល់ QR កូដ ឬ​ការទូទាត់ contactless ជាមួយ​នឹង​បណ្ដាញ​ទាំងនោះ​ដែរឬទេ​?

យើង​ពិតជា​ចង់​ធ្វើ​ដៃគូ​ជាមួយ​រដ្ឋាភិបាល​ក្នុង​ការជួយ​ពួកគេ​ផ្នែក​បច្ចេកវិទ្យា​ទូទាត់​នេះ ដើម្បី​ធ្វើឲ្យ​ការធ្វើ​ដំណើរ​តាម​មធ្យោបាយ​សាធារណៈ​មាន​ភាព​កាន់តែ​ងាយស្រួល និង​ប្រសិទ្ធភាព​។ យើង​សម្លឹង​ឆ្ពោះ​ទៅរក​គម្រោង​នេះ ប្រសិន​បើ​គម្រោង​ទាំងនេះ​កើតមានឡើង ហើយ​យើង​នឹង​ចាប់​អារម្មណ៍​ក្នុង​ការជួយ និង​គាំទ្រ​ហេដ្ឋារចនាសម្ព័ន្ធ​បច្ចុប្បន្ន​ដែល​មាន​រួចហើយ ដើម្បី​ធ្វើឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព ហើយ​យើង​ក៏​អាច​ទទួល​បាន​អតិថិជន​កាន់តែ​ច្រើន​ដែល​ជ្រើសរើស​យក​ការទូទាត់​ឌីជីថល​កាន់តែ​រហ័ស និង​កាន់តែ​លឿន ដូច្នេះ​ពួកគេ​អាច​រីករាយ​នឹង​អត្ថប្រយោជន៍​នៃ​ការទូទាត់​ឌីជីថល​។

តើ​លោក​យល់​យ៉ាងណា​ដែរ​ចំពោះ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ដើម្បី​គាំទ្រ​បច្ចេកវិទ្យា​ឌីជីថល​បែប​នោះ​នៅ​កម្ពុជា​?

យើង​តែងតែ​និយាយ​អំពី​ការទូទាត់​ឌីជីថល​។ ហេដ្ឋារចនាសម្ព័ន្ធ​បច្ចុប្បន្ន​នៅ​កម្ពុជា​គឺ​ត្រៀមខ្លួន​រួចហើយ​សម្រាប់​ការទូទាត់​ឌីជីថល​។ ប្រទេស​ កម្ពុជា​ បានចាប់ផ្ដើម​រួចហើយ​ក្នុង​ការប្រើប្រាស់ QR កូដ​។ នៅពេល​នេះ​យើង​មាន​ភ្នាក់ងារ​ជាង ៣០០ រួចហើយ​នៅ​កម្ពុជា ហើយ​វា​នឹង​កើនឡើង​តាមរយៈ​ដៃគូ​ពាណិជ្ជកម្ម​របស់​យើង ហើយ​នៅ​ថ្ងៃ​ណាមួយ អ្នក​នឹង​ដើរ​លឿន​ជាង​ទីផ្សារ​ផ្សេងទៀត​នៅក្នុង​តំបន់​។

នៅពេល​នេះ​យើង​សម្លឹង​ឆ្ពោះ​ទៅរក​ការបន្ត​ពង្រីក​ភ្នាក់ងារ QR កូដ​នៅ​ប្រទេស ​កម្ពុជា​។ ដោយសារ​ការទូទាត់​តាម QR កូដ​គឺ​មូលដ្ឋានគ្រឹះ​នៃ​ការទូទាត់​ឌីជីថល ទោះបី​ជា​ការទូទាត់ contactless នៅតែ​ជា​មធ្យោបាយ​មួយ​ដែល​ត្រូវ​ធ្វើដំណើរ​ទៅមុខ​ក្តី ខ្ញុំ​គិតថា QR កូដ​តំណាង​ឲ្យ​មធ្យោបាយ​នវានុវត្តន៍​មួយ​ក្នុង​ការធ្វើ​ដូច្នេះ​។

បច្ចេកវិទ្យា​នវានុវត្តន៍​របស់​កម្ពុជា​ស្ថិតនៅ​ពីក្រោយ​ប្រទេស​ជិតខាង​ផ្សេងទៀត​ដូចជា​ថៃ និង​វៀតណាម តើ​លោក​គិតថា កម្ពុជា​អាច​ក្លាយ​ជា​សមាជិក​បណ្ដាញ​ការទូទាត់​អាស៊ី (AP-N) ដែរឬទេ​? តើ​យើង​នឹង​ទទួលបាន​អ្វី​ពី​ការធ្វើជា​សមាជិក​នេះ​?

ពិត​ហើយ កម្ពុជា​មាន​ឱកាស​ដ៏ល្អ​ក្នុង​ការដើរ​លឿន​ជាង​អ្នក​ផ្សេងទៀត និង​ទីផ្សារ​ផ្សេងទៀត​លើ​ពិភពលោក​ដោយសារ​ការពិត​ដែលថា មិន​មាន​ប្រព័ន្ធ​កេរដំណែល​ឡើយ​ដែល​មានន័យថា មិន​មាន​ប្រព័ន្ធ​ចាស់​ដែល​អតិថិជន​ស៊ាំ​នោះទេ​។ ដូច្នេះ​អ្នក​អាច​ធ្វើ​ដំណើរ​ទៅ​ត្រង់​ឆ្ពោះ​ទៅ​រក​ការទូទាត់​ចល័ត ប៉ុន្តែ​លក្ខខណ្ឌ​មួយ​ចំនួន​ត្រូវតែ​ឆ្លើយតប ដើម្បី​ធ្វើឲ្យ​វា​កើតមាន​ឡើង​ពិតប្រាកដ​។

លក្ខខណ្ឌ​មួយ​ក្នុងចំណោម​នោះ​គឺថា យើង​ត្រូវតែ​ធានា​ថា កម្មវិធី​ទូទាត់​មាន​អន្តរ​ប្រតិបត្តិការ​ទូទាំង​ពិភពលោក និង​ក្នុង​ឧទាហរណ៍​នោះ ក្រុមហ៊ុន UnionPay ជា​ដៃគូ​ល្អ​បំផុត​មួយ​សម្រាប់​ធ្វើជា​ប្រតិបត្តិ​ការទូទាត់​នៅ​កម្ពុជា ដូច្នេះ​ពួកគេ​អាច​ផ្ដោត​លើ​ការចេញ​កាត​ទូទាត់ ហើយ​ពួកគេ​អាច​ធ្វើ​ការងារ​ជាមួយ​យើង ដើម្បី​ឲ្យ​មាន​ការទទួល​យក​កាត​ទូទាត់​នៅ​ទូទាំង​ពិភពលោក​។

លក្ខខណ្ឌ​តូច​មួយ​ផ្សេង​​ទៀត គឺ​ត្រូវតែ​ធ្វើជា​មួយ​ហេដ្ឋា​រចនាសម្ព័ន្ធ ប្រហែល​ជា​ទូរស័ព្ទ​ចល័ត និង​លក្ខខណ្ឌ​ផ្សេងទៀត​គឺ​ត្រូវ​សម្លឹង​មើលទៅ​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍ ឧទាហរណ៍ សេវា​នៅតាម​កន្លែង​មួយចំនួន​។ ប៉ុន្តែ​សំខាន់បំផុត​សម្រាប់​ខ្ញុំ និង​សម្រាប់​កម្ពុជា គឺ​ត្រូវ​ត្រៀមខ្លួន​ឲ្យ​ហើយ ដើម្បី​អប់រំ​ប្រជាជន​ឲ្យ​ចូលរួម​ក្នុង​ការទូទាត់​ឌីជីថល​៕ LA