ភ្នំពេញៈ រដ្ឋាភិបាល​កម្ពុជា​ប្រមូលប្រាក់​ចំណូល​ពន្ធ​បាន​ប្រមាណ ១,៤ ​ពាន់​លាន​ដុល្លារ​នៅ​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០២០ នេះ​កើន​ជាង​ ២៤ ​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំមុន​ដែល​មាន​ប្រមាណ ១,១ ​ពាន់​លាន​ដុល្លារ​។ ការកើនឡើង​ប្រាក់ចំណូល​ពន្ធ​នេះ​កើតឡើង​មុនពេល​ប្រទេស​ទទួលរង​ផលប៉ះពាល់​ដោយសារ​ការរីក​រាលដាល​ជំងឺ​កូវីដ​១៩ ដែល​បាន​រំខាន​ដល់​តម្រូវការ និង​ចង្វាក់​ផលិតកម្ម​នៅ​ជុំវិញ​ពិភពលោក​។

យោងតាម​តួលេខ​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ឲ្យ​ដឹងថា ចំណូល​ពី​អគ្គនាយកដា្ឋន​ពន្ធដារ​មាន​ប្រមាណ​ ៤៤៥ ​លាន​ដុល្លារ ចំណែក​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​មាន​ជាង ៧២៩ ​លាន​ដុល្លារ​។ ប្រាក់ចំណូល​បាន​ពី​អគ្គនាយកដ្ឋាន​ទ្រព្យសម្បត្តិ​រដ្ឋ និង​ចំណូល​មិនមែន​សារពើពន្ធ​សម្រេចបាន ១៧៦ ​លាន​ដុល្លារ​ចំណូល​បាន​ពី​អគ្គនាយកដ្ឋាន​ឧស្សាហកម្ម​ហិរញ្ញវត្ថុ​មាន ៣០,៥ ​លាន​ដុល្លារ និង​ប្រាក់ចំណូល​សារពើពន្ធ​ផ្សេងទៀត​មាន​ ៥ ​លាន​ដុល្លារ​។

លោក មាស សុខសែនសាន អ្នក​នាំពាក្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា ក្នុង​អំឡុង​​ត្រីមាស​ទី​ ១ ឆ្នាំនេះ​ប្រទេស​លើ​ពិភពលោក រួមទាំង​កម្ពុជា​មិន​បាន​រងផលប៉ះពាល់​ខ្លាំង​ដោយ​ការរីករាលដាល​ជំងឺ​កូវីដ​១៩​ទេ ព្រោះ​សកម្មភាព​ការនាំចូល និង​ការនាំចេញ​នៅ​តែ​មាន​។

លោក​ថ្លែងថា​៖ «​នៅ​ត្រីមាស​ទី​ ១ ​ផលប៉ះពាល់​ដោយសារ​កូវីដ​១៩ មិន​ធ្ងន់ធ្ងរ​ខ្លាំងពេក​ទេ ដែល​នេះ​ជា​មូលហេតុ​ធ្វើឲ្យ​ការប្រមូល​ប្រាក់ចំណូល​របស់​យើង​បាន​ច្រើន​។ ទោះយ៉ាងណា វា​បាន​ចាប់ផ្ដើម​រង​ផលប៉ះពាល់​ខ្លាំង​ចាប់ពី​ដើម​​ត្រីមាស​ទី​ ២ ដូច្នេះ​យើង​នឹង​មាន​ការធ្លាក់ចុះ​នៅ​ត្រីមាស​ទី​ ២ នេះ​»​។

ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ (ADB) បាន​ឲ្យ​ដឹង​កាលពីពេល​ថ្មីៗ​នេះ​ថា នៅក្នុង​សេណារីយោ​ករណី​ល្អ​បំផុត​បន្ទាប់ពី​ការហាមឃាត់​ការធ្វើ​ដំណើរ​រយៈពេល​ ២ ​ខែ និង​ការធ្លាក់ចុះ​ខ្លាំង​តម្រូវការ​ក្នុង​ស្រុក ដោយសារ​ការរីករាលដាល​ជំងឺ​កូវីដ​១៩ កម្ពុជា​អាច​ប្រឈម​ផលប៉ះពាល់ ១,១៥ ​ភាគរយ​ដល់​ផលិតផល​ក្នុងស្រុក​សរុប​ (GDP) ​របស់​ខ្លួន​ដែលមាន​ចំនួន ២៨៣,៣ ​លាន​ដុល្លារ ហើយ​បើ​ការរីក​រាលដាល​បន្ត​រយៈពេល ៦ ​ខែ ផលប៉ះពាល់​នឹង​មាន ៧១១,៤ ​លាន​ដុល្លារ​។ សម្រាប់​ករណី​អាក្រក់​បំផុត​បង្ហាញ​ថា ការខាតបង់​សេដ្ឋកិច្ច​នឹង​មាន​តម្លៃ​ជិត ១ ​ពាន់​លាន​ដុល្លារ​នៅក្នុង​ព្រឹត្តិការណ៍​ដែល​កម្ពុជា​ជួបប្រទះ​ការរីករាលដាល​លើសពី​រយៈពេល​ ៦ ​ខែ​។

លោក សែនសាន បាន​ប្រាប់​ទៀត​ថា វិស័យ​សំខាន់​ ២ ​របស់​ប្រទេស​កម្ពុជា​ក្នុងចំណោម​វិស័យ​សំខាន់ៗ ៣ ​ដែល​គាំទ្រ​ដល់​កំណើន​សេដ្ឋកិច្ច គឺ​ឧស្សាហកម្ម និង​សេវា​បាន​រង​ផលប៉ះពាល់​ខ្លាំង​ដោយ​ជំងឺ​នេះ ខណៈ​វិស័យ​កសិកម្ម​មាន​ការកើនឡើង​បន្តិចបន្តួច​។

លោក​លើកឡើង​ថា​៖ «​នៅពេល​នេះ​ផលប៉ះពាល់​ដោយសារ​តែ​ជំងឺ​កូវីដ​១៩ កំពុង​ធ្វើឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​វិស័យ​ឧស្សាហកម្ម និង​សេវា​ដែល​ជា​សសរស្ដម្ភ​ដ៏សំខាន់​ ២ ​នៃ​សេដ្ឋកិច្ច​យើង​។ ទន្ទឹម​នឹង​នេះ​វិស័យ​កសិកម្ម​មិន​ទទួលរង​ផលប៉ះពាល់​នោះទេ ផ្ទុយ​ទៅ​វិញ​វា​កើនឡើង​បន្តិចបន្តួច​។ ទោះ​យ៉ាង​ណា​កសិកម្ម​មិនទាន់​មាន​ឥទ្ធិពល​ខ្លាំង​លើ​សេដ្ឋកិច្ច​ទេ​»​។

លោក​ឲ្យ​ដឹង​ថា ទោះជា​វិស័យ​ទេសចរណ៍ និង​ឧស្សាហកម្ម​បាន​ទទួលរង​ផលប៉ះពាល់​យ៉ាងខ្លាំង​ដោយ​វីរុស​នេះ​ក៏ដោយ ក៏​រដ្ឋាភិបាល​នៅតែ​មាន​ការប្រុងប្រយ័ត្ន​ក្នុង​ការផ្ដល់​ការលើក​ទឹកចិត្ត​ពន្ធ​មួយចំនួន​ដើម្បី​រក្សា​និរន្តរភាព​របស់​វិស័យ​ទាំង​ ២ ​នេះ​ក៏ដូចជា​ការបង្កើត​ការងារ​ផងដែរ​៕LA