ភ្នំពេញៈ កម្ពុជា​បាន​ប្រមូល​ចំណូល​ពី​ពន្ធដារ​ និង​ពន្ធគយ​បាន​ប្រមាណ ​១,៦​៨​ ពាន់​លាន​ដុល្លារ​នៅ​ក្នុង​រយៈពេល ​៣ ​ខែ​ដំបូង​ឆ្នាំ​នេះ​ ជា​ប្រភព​​ចំណូល​ដ៏​សំខាន់​ដើម្បី​​​ជួយ​គាំទ្រ​ដល់​លទ្ធភាព​ចំណាយ​របស់​រដ្ឋាភិបាល​លើ​វិស័យ​សំខាន់ៗ​។ ​ នេះ​បើ​យោង​តាម​ការ​ឲ្យ​​ដឹង​ពី​​​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន​​។

លោក​នាយក​រដ្ឋមន្រ្តី​បាន​បញ្ជាក់​ពី​ទិន្នន័យ​ប្រភព​ចំណូល​ជាតិ​សំខាន់​ទាំង​ ២ នេះ​កាល​ពី​សប្តាហ៍​មុន​ក្នុង​វេទិកា​រដ្ឋាភិបាល​ និង​វិស័យ​ឯកជន​លើក​ទី​១៨។ យោង​​តាម​លោក ​ហ៊ុន​ សែន​ ប្រាក់​ចំណូល​​ពី​អគ្គនាយកដ្ឋាន​គយ គិត​ចាប់​ពី​​ខែ​មករា ដល់​ថ្ងៃ​ទី ២៩​ ខែ​មីនា មាន​ចំនួន ​៦៦៨ លាន​ដុល្លារ​ ខណៈ​ប្រាក់​ ចំណូល​ពី​អគ្គនាយកដ្ឋាន​ពន្ធដារ​មាន​ប្រមាណ ​៤០០ លាន​ដុល្លារ។

លោក​បន្ត​ថា ​កំណើន​ប្រាក់​ចំណូល​នេះ​នឹង​ជួយ​ជា​ប្រភព​សំខាន់​សម្រាប់​ការ​សន្សំ និង​ត្រៀម​ដើម្បី​​​អនុវត្ត​គម្រោង​ជា​ច្រើន​ដែល​ត្រូវ​បាន​ផ្តល់​ហិរញ្ញប្បទាន​ដោយ​ដៃគូ​អន្តរជាតិ ដោយសារ​ថា ​មាន​គម្រោង​ជា​ច្រើន​ដែល​​ដៃគូ​អភិវឌ្ឍន៍​ត្រូវ​ឲ្យ​មាន​ការ​ចូល​រួម​​ជា​កញ្ចាប់​ថវិកា​បដិភាគ​​​ពី​រដ្ឋាភិបាល​។

លោក​បញ្ជាក់​ថា៖​ «​​​បើ​គ្មាន​ប្រាក់​សន្សំ​ទេ សូម្បី​តែ​គម្រោង​ជំនួយ​​បរទេស​ ឬ ហិរញ្ញប្បទាន​បរទេស​មក ក៏​យើង​អនុវត្ត​អត់​បាន​ទេ​។ គ្រាន់​តែ​ការ​ចុះ​ហត្ថលេខា ​៣ ខែ​នេះ ស្ទើរ​តែ​ជិត​ ១០០ លាន​ដុល្លារ​បាត់​ទៅ​ហើយ​ដែល​[រដ្ឋាភិបាល​] ត្រូវ​ត្រៀម​សម្រាប់​ជា​​​ថវិកា​បដិភាគ»​។ លោក​បន្ត​ថា​៖ ​«​[គម្រោង​​​ខ្លះ]​ គេ​តម្រូវ​ឲ្យ​យើង​ចេញ​បដិភាគ​​ដល់​ទៅ ២០ ភាគរយ ឬ ៣០ ភាគរយ​ឯណោះ»។​

តាម​លោក​នាយក​រដ្ឋមន្រ្តី​ ចំណូល​ជាតិ​ពី​ប្រភព​​សំខាន់​ទាំង​ ២ បាន​​សម្រួល​​លទ្ធភាព​ដល់​រដ្ឋាភិបាល​​បើក​ប្រាក់​ខែ​ដល់​មន្រ្តី​រាជការ បាន​យ៉ាង​ទៀងទាត់ និង​ងាយ​ស្រួល​ និង​រួម​ចំណែក​ដើម្បី​កាត់​បន្ថយ​ការ​ពឹង​ផ្អែក​លើ​ហិរញ្ញប្បទាន​ពី​ខាង​ក្រៅ។

លោក Anthony Galliano នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Cambodian Investment Management បាន​ឲ្យ​ដឹង​ថា​ មាន​ការ​ផ្ដោត​យ៉ាង​ខ្លាំង​លើ​ការ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ក្នុង​ការ​ប្រែក្លាយ​​ស្ថាប័ន​ ដែល​មិន​សូវ​មាន​ប្រសិទ្ធភាព​មួយ​នេះ ​ឲ្យ​វា​ក្លាយ​ជា​អ្នក​រួម​ចំណែក​ដ៏​សកម្ម​នៃ​ចំណែក​ប្រាក់​ចំណូល​កាន់​តែ​ច្រើន​ដល់​​ហិប​ប្រាក់​រដ្ឋាភិបាល ​និង​កាន់​តែ​មាន​ប្រសិទ្ធភាព ​ដោយសារ​តែ​កំណើន​សេដ្ឋកិច្ច​ និង​កំណើន​​ពាណិជ្ជកម្ម​ឆ្លង​កាត់​ព្រំដែន​។

នៅ​ក្នុង​រយៈពេល ​៥ ​ឆ្នាំ​ចុង​ក្រោយ​នេះ ​មាន​កំណែ​ទម្រង់​​យ៉ាង​ធំ​នៅ​ក្នុង​អគ្គនាយកដ្ឋាន​ពន្ធដារ ​ដោយ​បាន​ទទួល​សមិទ្ធផល​ដ៏​ធំ​តាមរយៈ​ប្រមូល​ចំណូល​ពន្ធ​ និង​ការ​ធ្វើ​ពិពិធកម្ម​នៃ​មូលដ្ឋាន​ពន្ធ។​ អគ្គ​នាយកដ្ឋាន​នេះ​ក៏​បាន​បង្កើត​ការ​ផ្លាស់​ប្តូរ​ទម្លាប់​របស់​ពលរដ្ឋ ​និង​ក្រុមហ៊ុន ​ក្នុង​ការ​ទទួល​យក​កាតព្វកិច្ច​ពន្ធ​​តាមរយៈ​ការ​ពង្រឹង​ការ​អនុវត្ត​ការ​ចុះ​បញ្ជី​ពន្ធ​ និង​ការ​ទូទាត់​។​

លោក​បន្ថែម​ថា ​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ ​កំពុង​ជំរុញ​ការ​ធ្វើ​ឲ្យ​ប្រសើរ​ផ្នែក​ពន្ធគយ ​ដែល​នឹង​បង្កើន​សមត្ថភាព​ប្រកួត​ប្រជែង​របស់​ប្រទេស ​កម្ពុជា​ លើ​ពាណិជ្ជកម្ម​ក្នុង​តំបន់​ និង​ពិភព​លោក​។ លោក​ថ្លែង​ថា​៖ «​គោល​នយោបាយ​​​របស់​រដ្ឋាភិបាល ​គឺ​កាត់​បន្ថយ​ការ​ពឹង​​ផ្អែក​លើ​ជំនួយ​បរទេស ​និង​ជំនួយ និង​​ផ្លាស់​ប្តូរ​ទៅ​រក​ការ​ពឹង​លើ​ខ្លួន​ឯង ​និង​​ឯករាជភាព»​។

លោក​បាន​បន្ត​ថា៖ «​កំណើន​​ការ​វិនិយោគ​បរទេស ​កំពុង​គាំទ្រ​​ដល់​ទិសដៅ​នេះ ​និង​ភាព​ចាស់​ទុំ​នៃ​ក្រប​ខ័ណ្ឌ​ច្បាប់​ការ​ប្រមូល​ពន្ធ​ជាតិ គឺ​កំពុង​​​រួម​ចំណែក​ដ៏​សំខាន់​ដល់​គោលបំណង​របស់​រដ្ឋាភិបាល​»៕LA​