
កសិករកំពុងប្រមូលផ្លែស្វាយយកស្តុកទុកលក់ឲ្យឈ្មួញ។ ហេង ជីវ័ន
ភ្នំពេញៈ កម្ពុជារំពឹងថានឹងមានផលិតផលកសិកម្មរបស់ខ្លួនបន្ថែមទៀតត្រូវបាននាំទៅទីផ្សារប្រទេសកូរ៉េខាងត្បូងនាពេលខាងមុខ បន្ទាប់ពីតំណាងសមាគមអ្នកផលិតចំណីអាហារកម្ពុជា (CFMA) បានជួបពិភាក្សាជាមួយតំណាងក្រុមហ៊ុន Hyundai Agro (Cambodia)Co.,Ltd ដើម្បីពិភាក្សាពីឱកាសនាំចេញផលិតផលមួយចំនួនទៅប្រទេសកូរ៉េ។
ប្រព័ន្ធបណ្តាញសង្គមផ្លូវការរបស់សមាគមអ្នកផលិតចំណីអាហារកម្ពុជាបានឲ្យដឹងថា ក្នុងគោលបំណងជំរុញការនាំចេញផលិតផលកម្ពុជាទៅកាន់ទីផ្សារកូរ៉េឲ្យបានកាន់តែច្រើនកាលពីថ្ងៃទី ២ ខែកញ្ញា សមាគមអ្នកផលិតចំណីអាហារកម្ពុជាបានជួបជាមួយនឹងតំណាងក្រុមហ៊ុន Hyundai Agro (Cambodia) Co., Ltd នៅការិយាល័យរបស់ KOTRA ប្រចាំនៅកម្ពុជា។ សមាគមអ្នកផលិតចំណីអាហារកម្ពុជានឹងធ្វើការជាមួយក្រុមហ៊ុន Hyundai Agro (Cambodia) Co., Ltd ឲ្យបានខ្លាំងក្លាដើម្បីជួយឲ្យផលិតផលខ្មែរបានទៅដល់ទីផ្សារកូរ៉េ។
មានផលិតផលមួយចំនួនត្រូវបានលើកយកមកពិភាក្សាក្នុងពេលនោះមានដូចជា ទឹកត្រី ទឹកស៊ីអ៊ីវ ម្រេច កាហ្វេ ផលិតផលពីទឹកមាត់ត្រចៀកកាំ និងស្វាយចន្ទី ជាដើម។
លោក ង៉ែត វុធធឿន ជំនួយការប្រធានគ្រប់គ្រងក្រុមហ៊ុន Hyundai Agro (Cambodia) Co., Ltd បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមហ៊ុន Hyundai Agro (Cambodia) Co., Ltd ពិតជាមានមោទនភាព និងក្តីរីករាយក្នុងការនាំចេញផលិតផលកម្ពុជាទៅកាន់ទីផ្សារកូរ៉េ ដែលជាទីផ្សារមួយមានតម្រូវការខ្ពស់ក្នុងវិស័យកសិកម្ម។ លោកបន្តថា ទោះជាយ៉ាងណានេះគ្រាន់តែជាជំនួបដំណាក់កាលដំបូងប៉ុណ្ណោះ។
លោកថ្លែងថា៖ «នេះគ្រាន់តែជាជំនួបលើកដំបូងប៉ុណ្ណោះ ដោយ Hyundai Agro (Cambodia) Co., Ltd នឹងយកទៅសិក្សាពីគុណភាពស្តង់ដា និងគំរូប៉ាន់ផ្សេងៗមុននឹងយកទៅពិភាក្សាបន្តជាមួយអ្នកបញ្ជាទិញនៅប្រទេសកូរ៉េ»។
លោកបន្ថែមទៀតថា នៅពេលមានក្រុមហ៊ុនបញ្ជាទិញពីប្រទេសកូរ៉េ ទើបក្រុមហ៊ុនលោកធ្វើការងារបន្តទៀតជាមួយអ្នកផ្គត់ផ្គង់នៅកម្ពុជា។ លោកបានបញ្ជាក់ថា៖ «ខ្ញុំគិតថា នៅពេលខាងមុខឆាប់ៗនឹងមានផលិតផលកម្ពុជាជាច្រើនត្រូវបាននាំទៅប្រទេសកូរ៉េ ដោយគ្រាន់តែត្រូវការពេលវេលាដើម្បីពិនិត្យលើស្តង់ដាគុណភាព និងភូតគាមអនាម័យប៉ុណ្ណោះ»។
ទោះបីយ៉ាងណាក្នុងនាមជាក្រុមហ៊ុនឈានមុនគេក្នុងការនាំចេញផលិតផលកម្ពុជាទៅកាន់ទីផ្សារប្រទេសកូរ៉េ លោក វុធធឿន បាននិយាយថា ទន្ទឹមនឹងការខំស្វែងរកឱកាសពង្រីកទីផ្សារផលិតផលកម្ពុជាទៅប្រទេសកូរ៉េនោះ ក្រុមហ៊ុនវិនិយោគ និងប្រជាកសិករដាំដុះក៏ត្រូវគិតគូរឲ្យបានខ្លាំងផងដែរទៅលើពូជ និងគុណភាពផលិតផលរបស់ខ្លួនឲ្យស្របតាមការចង់បានរបស់ប្រទេសអ្នកបញ្ជាទិញ។
លោកបន្ថែមថា៖ «ខ្ញុំសូមឲ្យប្រជាកសិករ ក៏ដូចជាអ្នកផលិតទាំងអស់ត្រូវរៀបចំផលិតផលរបស់ខ្លួនឲ្យស្របតាមស្តង់ដាសម្រាប់នាំចេញ ព្រោះកូរ៉េជាប្រទេសដែលមានតម្រូវការស្តង់ដាអនាម័យខ្ពស់ខ្លាំង»។
ភ្នំពេញប៉ុស្តិ៍មិនអាចទាក់ទងតំណាងសមាគមអ្នកផលិតចំណីអាហារកម្ពុជាបានទេ កាលពីម្សិលមិញ។
បច្ចុប្បន្នកម្ពុជា និងកូរ៉េកំពុងខិតខំជំរុញការចរចាស្តីពីពាណិជ្ជកម្មសេរីទ្វេភាគីជាមួយគ្នា ដោយកិច្ចប្រជុំជុំទី ២ ត្រូវបានបញ្ចប់កាលពីថ្ងៃម្សិលមិញ។
លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េខាងត្បូងបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា បច្ចុប្បន្នលោកកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយសមាគមអ្នកនាំចូលទំនិញប្រទេសកូរ៉េ (KOIMA) ដើម្បីជួយជំរុញការនាំចេញទំនិញពីកម្ពុជាទៅកាន់ប្រទេសកូរ៉េឲ្យមានកាន់តែច្រើនបន្ថែមទៀត ខណៈបច្ចុប្បន្នផលិតផលម្ហូបអាហារដែលកម្ពុជាកំពុងនាំចូលកូរ៉េមានដូចជា ផ្លែស្វាយ គល់ស្លឹកគ្រៃ និងស្លឹកក្រូចជាដើម។ លោកបន្ថែមថា កូរ៉េជាទីផ្សារធំ ប៉ុន្តែមានការរឹតត្បិតខ្លាំង។
លោកប្រាប់ថា៖ «ផលិតផលដែលសមាគមអ្នកផលិតចំណីអាហារកម្ពុជាលើកយកពិភាក្សារកទីផ្សារនេះ សុទ្ធតែមានតម្រូវការខ្ពស់នៅកូរ៉េ ហេតុនេះខ្ញុំគិតថា វាអាចនឹងទៅរួចក្នុងពេលឆាប់ៗ។ ទោះយ៉ាងណាកម្ពុជាក៏ត្រូវគិតគូរពីគុណភាព អនាម័យ និងការវេចខ្ចប់ផងដែរ»។
កាលពីឆ្នាំ ២០១៩ ទំហំពាណិជ្ជកម្មទ្វេភាគីប្រទេសទាំង ២ មានតម្លៃជាង ១ ពាន់លានដុល្លារ កើនជាង ៣៦ ភាគរយ ធៀបនឹង ៧៥៦ លានដុល្លារ កាលពីឆ្នាំ ២០១៨។ នេះបើតាមទិន្នន័យពីស្ថានទូតកម្ពុជា ប្រចាំនៅប្រទេសកូរ៉េ៕