
កម្ពុជា ថៃ និងវៀតណាម បានប្តេជ្ញាក្នុងការពង្រីកការវិនិយោគនៅតាមបណ្តាខេត្តជាប់ព្រំដែន ដើម្បីជំរុញការដោះដូរទំនិញឆ្លងដែន និងការអភិវឌ្ឍ។ រូបថត HUN SEN'S PAGE
ភ្នំពេញៈ កម្ពុជា ថៃ និងវៀតណាម បានប្តេជ្ញាក្នុងការពង្រីកការវិនិយោគនៅតាមបណ្តាខេត្តជាប់ព្រំដែន ដើម្បីជំរុញការដោះដូរទំនិញឆ្លងដែន និងការអភិវឌ្ឍ។ នេះបើតាមលោក ស្រេង ហុង អភិបាលរងខេត្តកោះកុង។
លោក ស្រេង ហុង ដែលជាប្រធានដឹកនាំក្រុមការងារបណ្តាខេត្តនៅជាប់មាត់សមុទ្រទាំង ៤ របស់កម្ពុជាចូលរួមក្នុងកិច្ចប្រជុំស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចកម្ពុជា វៀតណាម ថៃ (CVTEC) លើកទី ៣ តាមរយៈវីដេអូអនឡាញ បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃអង្គារថា គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីធ្វើបច្ចុប្បន្នភាពទៅលើវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំង ៣ ដែលបានចុះហត្ថលេខាជាមួយគ្នាកាលពីឆ្នាំ ២០១៩ កន្លងមក។
លោកបន្តថា តាមរយៈកិច្ចប្រជុំនេះលោកសង្ឃឹមថាទំនាក់ទំនងពាណិជ្ជកម្ម ការវិនិយោគ ការដឹកជញ្ជូន និងវិស័យទេសចរណ៍នៅកម្ពុជានឹងទទួលបានភាពវិជ្ជមានមួយកម្រិតទៀត ជាពិសេសបន្ទាប់ពីពិភពលោកអាចធ្វើការគ្រប់គ្រងជំងឺកូវីដ១៩ ដោយជោគជ័យ។
លោកថ្លែងថា៖ «ប្រទេសថៃ និងវៀតណាម បានបង្ហាញពីបំណងក្នុងការនាំអ្នកវិនិយោគ និងអ្នកទេសចរពីប្រទេសខ្លួនឲ្យចូលមកវិនិយោគក្នុងប្រទេសកម្ពុជា ពិសេសខេត្តនៅជាប់មាត់សមុទ្រទាំង ៤»។
លោកបន្ថែមថា កិច្ចប្រជុំនេះពិតជាមានសារៈសំខាន់ណាស់ ព្រោះកម្ពុជាបានបង្ហាញយ៉ាងច្រើនពីសក្តានុពលដែលខ្លួនមានសម្រាប់ត្រៀមទទួលអ្នកវិនិយោគមកពីប្រទេសទាំង ២។ លោកអះអាងថា៖ «កម្ពុជាមានសក្តានុពលវិនិយោគលើគ្រប់វិស័យ និងនៅគ្រប់ទីកន្លែង ពិសេសមានតំបន់សេដ្ឋកិច្ចពិសេសដែលបង្កភាពអនុគ្រោះច្រើនសម្រាប់ការវិនិយោគ»។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានប្រាប់ថា ការពង្រឹងកិច្ចសហប្រតិបត្តិការនឹងផ្តល់អត្ថប្រយោជន៍ជាច្រើនសម្រាប់សេដ្ឋកិច្ច ពិសេសប្រជាជននៅមូលដ្ឋានក្នុងការដោះដូរទំនិញ ក៏ដូចជាការធ្វើដំណើរឆ្លងកាត់ព្រំដែន។ ការបង្កើនកិច្ចសហប្រតិបត្តិការនេះប្រាកដណាស់ថា វានឹងចូលរួមចំណែកក្នុងការលើកកម្ពស់សកម្មភាពពាណិជ្ជកម្ម ការដឹកជញ្ជូន និងចំនួនភ្ញៀវទេសចរ។
លោកថ្លែងថា៖ «គ្រប់កិច្ចសហប្រតិបត្តិការតែងបង្កើតភាពវិជ្ជមានដល់កំណើនសេដ្ឋកិច្ច និងការវិនិយោគ»។
លោកបន្ថែមថា ទោះបីយ៉ាងណាទន្ទឹមនឹងការពង្រឹកកិច្ចសហប្រតិបត្តិការនេះ កម្ពុជាក៏ត្រូវធ្វើការគ្រប់គ្រង និងអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវផងដែរ ព្រោះបើគ្រប់គ្រងមិនបានល្អនឹងមានភាពអនាធិបតេយ្យកើតឡើង ដែលធ្វើឲ្យរដ្ឋពិបាកគ្រប់គ្រង និងបាត់ចំណូលពន្ធ ចំណែកក្រុមហ៊ុនដែលនាំចេញនាំចូលទំនិញស្របច្បាប់នឹងត្រូវជួបការលំបាកផ្សេងៗ៕ LA