ភ្នំពេញៈ លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា (CCC) ឱ្យដឹងថា លោកនឹងដឹកនាំក្រុមពាណិជ្ជករក្នុងស្រុកដើម្បីចូលរួមក្នុងពិព័រណ៍គ្រឿងអគ្គិសនី និងអេឡិចត្រូនិកឥណ្ឌា ដែលនឹងធ្វើឡើងនៅចុងសប្តាហ៍ក្រោយដើម្បីសម្លឹងមើលឱកាស និងស្វែងរកដៃគូពាណិជ្ជកម្មជាមួយនឹងក្រុមហ៊ុនធំៗរបស់ប្រទេសមហាអំណាចទី ២ ក្នុងតំបន់អាស៊ី។
លិខិតជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា សភាពាណិជ្ជកម្ម និងឧស្សាហកម្មឥណ្ឌា (ASSOCHAM) សហការជាមួយក្រសួងពាណិជ្ជកម្មឥណ្ឌានឹងរៀបចំពិព័រណ៍ «India Electricals and Electronics Virtual Expo” ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី ១០-១៣ ខែ មីនា ឆ្នាំ ២០២១ តាមរយៈប្រព័ន្ធអេឡិចត្រូនិក។
សេចក្តីប្រកាសព័ត៌មាននេះឱ្យដឹងថា៖ «ពិព័រណ៍ពាណិជ្ជកម្មនេះរៀបចំឡើងក្នុងគោលបំណងភ្ជាប់ទំនាក់ទំនងរវាងអ្នកបញ្ជាទិញអន្តរជាតិ និងអ្នកផ្គត់ផ្គង់នៅឥណ្ឌា។ ព្រឹត្តិការណ៍នេះផ្តោតសំខាន់លើផលិតកម្ម និងការនាំចេញផលិតផលអេឡិចត្រូនិក និងគ្រឿងអគ្គិសនីទៅកាន់ទីផ្សារពិភពលោក។ អ្នកបញ្ជាទិញអាចទាក់ទងជាមួយអ្នកផ្គត់ផ្គង់តាមរយៈ Chat ឬ Video Calls នៅក្នុងអំឡុងព្រឹត្តិការណ៍នេះដើម្បីតភ្ជាប់ទំនាក់ទំនងផ្នែកអាជីវកម្មឱ្យកាន់តែមានប្រសិទ្ធភាព និងទទួលបានលទ្ធផលល្អ។
លោក លឹម ហេង បានប្រាប់ថា បន្ទាប់ពីទទួលការអញ្ជើញពីក្រសួងលោកបានជូនដំណឹងទៅសមាជិករបស់សភាពាណិជ្ជកម្មកម្ពុជា ហើយក្រុមហ៊ុនណាដែលចង់ស្វែងរកឱកាស និងស្វែងយល់អំពីផលិតផលបច្ចេកវិទ្យា និងគ្រឿងអេឡិចត្រូនិកពីប្រទេសឥណ្ឌា គឺអាចចូលរួមបាន។
លោកថ្លែងថា៖ «ជាការពិតវាជាពេលវេលាដ៏ល្អដែលផ្តល់ឱកាសឱ្យយើងអាចមើលឃើញ និងចូលរួមដោយផ្ទាល់ជាមួយក្រុមហ៊ុនសំខាន់ៗផ្នែកអេឡិចត្រូនិករបស់ឥណ្ឌា ស្របពេលដែលយើងជាប្រទេសកំពុងមានសេដ្ឋកិច្ចរីកចម្រើន។
លោកបន្ថែមថា ឥណ្ឌានឹងក្លាយជាទីផ្សារនាំចេញធំជាងគេទី២ សម្រាប់កម្ពុជាបន្ទាប់ពីប្រទេសចិន ដែលរដ្ឋាភិបាលកំពុងរៀបចំក្រុមការងារចរចាដើម្បីបើកកិច្ចពិភាក្សាស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយឥណ្ឌា។ លោកអះអាងថា៖ «ឥណ្ឌាជាប្រទេសមានសេដ្ឋកិច្ចធំជាងគេទី២ ក្នុងតំបន់បន្ទាប់ពីចិនដែលយើងកំពុងសម្លឹងមើល ដូច្នេះឥណ្ឌានឹងក្លាយជាទីផ្សារសក្តានុពលនៅពេលអនាគត»។
ទិន្នន័យពីស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជាឱ្យដឹងថា ទំហំពាណិជ្ជកម្មរវាងប្រទេសទាំង ២ មានចំនួន ២៤៩,៩២ លានដុល្លារ កាលពីឆ្នាំ ២០១៩ កើនឡើង ១០,២៤ ភាគរយ បើធៀបនឹងចំនួន ២២៦,៦៩ លានដុល្លារ កាលពីឆ្នាំ ២០១៨។
ក្នុងនោះការនាំចេញពីកម្ពុជាមានតម្លៃ ៨២,០៩ លានដុល្លារ កើន ៦៩,៤៣ ភាគរយ ធៀបនឹងឆ្នាំ ២០១៨ ចំណែកការនាំចូលមានតម្លៃ ១៦៧,៨៣ លានដុល្លារ ធ្លាក់ចុះ ៥,៨ ភាគរយ។
ការវិនិយោគរបស់ឥណ្ឌាមានតម្លៃ ១៩,៨ លានដុល្លារ។ ឥណ្ឌាស្ថិតក្នុងចំណោមក្រុមវិនិយោគិនឈានមុខគេទាំង ១០ នៅកម្ពុជា។ ការវិនិយោគសំខាន់ៗរបស់ឥណ្ឌាមានដូចជា គ្រឿងម៉ាស៊ីន កសិកម្ម ថាមពល សំណង់ និងការរុករករ៉ែ៕ LA