ភ្នំពេញៈ ប្រធាន​ព្រឹទ្ធសភា​កម្ពុជា​លោក សាយ ឈុំ បានស្នើ​វិនិយោគិន និង​អ្នកទេសចរ​កូរ៉េ​ខាង​ត្បូង​ឱ្យ​ចូលមក​បណ្តាក់ទុន និង​កម្សាន្ត​នៅ​កម្ពុជា​កាន់តែ​ច្រើន​ថែមទៀត ខណៈ​ដែល​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ ២ ​កាន់​តែមាន​ភាពរឹងមាំ និង​ជិតស្និទ្ធ​។

ការលើកឡើង​នេះ​បាន​ធ្វើ​ឡើង​នា​ព្រឹក​ថ្ងៃទី​ ២៥ ខែ ធ្នូ ឆ្នាំ​ ២០២០ នៅក្នុង​ជំនួប​ជាមួយ​លោក ប៉ាក ហឺងឃ្យង (Park Heung-Kyeong) ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​ថ្មី​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​កម្ពុជា​នៅ​វិមាន​ព្រឹទ្ធសភា​។

លោក សាយ ឈុំ មាន​ជំនឿថា តាមរយៈ​បេសកកម្ម​ការទូត​លោក​ឯកអគ្គរដ្ឋទូត​នឹង​ខិតខំ​បន្ត​លើកកម្ពស់​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​រវាង​ប្រទេស​ទាំង​ ២ ឱ្យ​កាន់តែ​ល្អ ដើម្បី​ជា​ប្រយោជន៍​សម្រាប់​ប្រជាជន​ខ្មែរ និង​ប្រជាជន​កូរ៉េ​ទាំង​ពេល​បច្ចុប្បន្ន និង​ពេលអនាគត​។

លោក​ថ្លែងថា​៖ «​ប្រទេស​កូរ៉េ​ បាន​រួម​ចំណែក​យ៉ាងសំខាន់​ក្នុង​ការជួយ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​កម្ពុជា តាមរយៈ​ការផ្តល់​ជំនួយ​ផ្លូវការ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ ការគ្រប់គ្រង​ធនធាន​ទឹក និង​សុខុមាលភាព​សាធារណៈ អប់រំ អភិវឌ្ឍន៍ជនបទ កសិកម្ម ការបោសសម្អាត​មីន ព្រម​ទាំង​បាន​បន្ត​ផ្តល់​អាហារូបករណ៍​សម្រាប់​និស្សិត និង​មន្ត្រីរាជការ​កម្ពុជា​ទៅ​សិក្សា​នៅ​សាធារណរដ្ឋ​កូរ៉េ​។

«​តាមរយៈ​ទំនាក់ទំនង​ល្អ​នេះ ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ ២ ដែល​បាន​កើនឡើង​ជា​បន្តបន្ទាប់​»​។ នេះ​បើ​យោង​តាម​ការលើកឡើង​របស់​លោក សាយ ឈុំ​។

លោក ប៉ាក ហឺងឃ្យង បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​រវាង​ថ្នាក់ដឹកនាំ​ប្រទេស​ទាំង​ ២ ទៅវិញ​ទៅមក​នៅក្នុង​ឆ្នាំ​ ២០១៩ និង​ឆ្នាំ​ ២០២០​។ លោក​សង្ឃឹម​ថា​ក្នុងឱកាស​ដែល​សាធារណរដ្ឋ​កូរ៉េ​នឹង​រៀបចំ​ខួប​លើក​ទី​ ៤០ នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន-កូរ៉េ និង​ប្រទេស​កម្ពុជា ​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ីអឺរ៉ុប​លើក​ទី​ ១៣ នៅ​ដើមខែ​មិថុនា ឆ្នាំ​ ២០២១ ​ខាង​មុខ​នេះ ថ្នាក់ដឹកនាំ​កំពូល​នៃ​ប្រទេស​ទាំង​ ២ ក៏​នឹងមាន​ឱកាស​បាន​ផ្លាស់ប្តូរ​យោបល់​គ្នា​ទៅវិញ​ទៅមក​ថែមទៀត​។

លោក​បន្តថា ជាមួយ​នឹង​ទំនាក់ទំនង​ដ៏ល្អប្រសើរ​នេះ​ចំនួន អ្នកទេសចរ​កូរ៉េ​បាន​មក​ទស្សនា​កម្ពុជា​មាន​ជាង ៤ ​សែន​នាក់​ជា​រៀងរាល់ឆ្នាំ​។ ចំណែកឯ​ពលករ​កម្ពុជា​ទៅ​ធ្វើការ​នៅ​កូរ៉េ មាន ៤ ​ម៉ឺន​នាក់ ហើយ​បើទោះបី​ឆ្នាំ​នេះ មាន​ការរាលដាល​ជំងឺ​កូវីដ ​១៩ ក៏​សាធារណរដ្ឋ​កូរ៉េ​នៅតែ​បន្ត​ទទួល​យក​ពលករ​កម្ពុជា​មក​ធ្វើការ​ដដែល​។

លោក​អះអាង​ថា​៖ «​ការចរចា​អំពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​រវាង​ប្រទេស​ទាំង ២ ​ត្រូវ​បាន​រៀបចំ​យ៉ាង​យកចិត្ត​ទុកដាក់​ក្នុង​ឆ្នាំ​ ២០២០ នេះ​ខណៈ​ដែល​កូរ៉េ​បាន​ផ្តល់​សច្ចាប័ន​លើ​ច្បាប់​ស្តីពី​ការ​មិន​យក​ពន្ធ​ត្រួតគ្នា លើ​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង ២ ​រួចហើយ​»​។

បើ​យោងតាម​លោក ប៉ាក ​ហឺងឃ្យង ទំនាក់ទំនង និង​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង ២ បាន​ឡើងដល់​ចំនួន ១ ​ពាន់​លាន​ដុល្លារ​នៅក្នុង​ឆ្នាំ​ ២០១៩ ដែល​ក្នុង​នោះ​ទំហំ​នៃ​ការវិនិយោគ​របស់​សាធារណរដ្ឋ​កូរ៉េ​នៅ​កម្ពុជា​ស្ថិត​ក្នុង​លំដាប់​ទី​ ២ ដែល​មាន​ទឹកប្រាក់​ចំនួន ៥,៧ ពាន់​លាន​ដុល្លារ​៕ LA