ភ្នំពេញៈ កម្ពុជារំពឹងនឹងទទួលបានភ្ញៀវទេសចរបន្ថែមទៀតពីទីក្រុងដាណាំង បន្ទាប់ពីក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា អង្គរ អ៊ែរ បានតភ្ជាប់ជើងហោះហើរត្រង់ជាមួយទីក្រុងដាណាំងនៅសប្តាហ៍មុន។
លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាកាលពីម្សិលមិញបានឲ្យដឹងថា ការពង្រីកជើងហោះហើរថ្មី មានន័យថាជាការបង្កើនសក្តានុពលវិស័យទេសចរណ៍ឲ្យគ្នាទៅវិញទៅមក ព្រោះទន្ទឹមនឹងការទាក់ទាញឲ្យមានកំណើនការធ្វើដំណើររវាងប្រជាជនក្នុងតំបន់ទាំង ២ ភ្ញៀវទេសចរបរទេសដែលធ្វើដំណើរមកទស្សនាតំបន់ទាំង ២ ក៏អាចបន្តដំណើរទៅទស្សនាកន្លែងដែលមានការភ្ជាប់ជើងហោះហើរផ្ទាល់នេះបានផងដែរ។
លោកបន្តថា ខណៈពេលដែលប្រទេសវៀតណាមទទួលបានភ្ញៀវទេសចរអន្តរជាតិច្រើននោះ ដូច្នេះតាមរយៈនេះកម្ពុជារំពឹងថានឹងទទួលបានកំណើនភ្ញៀវធ្វើដំណើរបន្តមកកម្ពុជាផងដែរ។
លោកបានមានប្រសាសន៍ថា៖ «តាមរយៈការហោះហើរត្រង់នឹងធ្វើឲ្យយើងមានឱកាសទាក់ទាញភ្ញៀវបរទេសពីវៀតណាមឲ្យធ្វើដំណើរមកកម្ពុជាកាន់តែច្រើន ព្រោះក្នុងគោលការអភិវឌ្ឍវិស័យទេសចរណ៍ មធ្យោយបាយធ្វើដំណើរ និងដឹកជញ្ជូនគឺជាផ្នែកមួយដ៏សំខាន់ក្នុងចំណោមផ្នែកមួយចំនួនទៀតដូចជាកន្លែងស្នាក់នៅ ម្ហូបអាហារ និងសេវាកម្មផ្សេងៗទៀត»។
លោក ជុក ជំនោរ អ្នកនាំពាក្យក្រសួងទេសចរណ៍បានប្រាប់ថា ដាណាំងគឺជាតំបន់ទេសចរណ៍មាត់សមុទ្រ ធម្មជាតិ ពិសេសស្ពានបាតដៃ ដែលកំពុងទាក់ទាញបានភ្ញៀវទេសចរឲ្យធ្វើដំណើរទៅទស្សនាជាច្រើន។
លោកថ្លែងថា៖ «ការភ្ជាប់ជើងហោះហើរផ្ទាល់គឺមិនថាសម្រាប់ប្រទេសណានោះទេ គឺសុទ្ធតែជួយធ្វើឲ្យមានលំហូរភ្ញៀវទេសចរទៅវិញទៅមកដែលនឹងនាំមកនូវកំណើនភ្ញៀវទេសចរ និងចំណូលថវិកាជាតិ»។
លោកប្រាប់ទៀតថា បច្ចុប្បន្នកម្ពុជា និងវៀតណាមមានជើងហោះហើរប្រចាំ (Schedule Flight) ជាមួយគ្នាក្នុងទីក្រុងសំខាន់ៗចំនួន ៣ របស់កម្ពុជារួមមាន ភ្នំពេញ សៀមរាប និងខេត្តព្រះសីហនុ ចំណែកវៀតណាមមានទីក្រុងហាណូយ ហូជីមិញ និងដាណាំង ខណៈការហោះហើរជួល (Charter flight) ក៏មានច្រើនដែរ។
ក្នុងពិធីបើកសម្ពោធជាផ្លូវការការហោះហើរកាលពីសប្តាហ៍មុន លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបាននិយាយថា ការហោះហើរត្រង់នេះនឹងជួយជំរុញឲ្យមានកំណើនភ្ញៀវទេសចរមកកាន់កម្ពុជាច្រើនទៀត ខណៈដែលកាលពីមុនភ្ញៀវដែលចេញពីដាណាំងមកកាន់កម្ពុជាត្រូវឆ្លងកាត់ទីក្រុងហូជីមិញ ហើយត្រូវចំណាយពេលវេលា និងថវិកាច្រើន ប៉ុន្តែចាប់ពីពេលនេះទៅភ្ញៀវទេសចរចំណាយពេលត្រឹមតែ ១ ម៉ោង ១០ នាទីប៉ុណ្ណោះ។
លោកស្រីថ្លែងថា៖ «ការដឹកជញ្ជូនភ្ញៀវពីវៀតណាមមកកាន់កម្ពុជានឹងមានកាន់តែច្រើនឡើង ហើយក៏សង្ឃឹមថានឹងអាចទាក់ទាញភ្ញៀវបរទេសផ្សេងទៀតដែលឆ្លងកាត់ខេត្តដាណាំងនេះមកកាន់កម្ពុជាផងដែរ»។
ជាមួយគ្នានេះលោកស្រី ឆាយ ស៊ីវលីន ក៏បានបង្ហាញពីគោលបំណងចង់ឲ្យមានការហោះហើរត្រង់ពីខេត្តដាណាំងនេះទៅកាន់គោលដៅទេសចរណ៍ផ្សេងទៀតរបស់កម្ពុជា ក្រៅពីរាជធានីភ្នំពេញផងដែរ។
របាយការណ៍ក្រសួងទេសចរណ៍ក្នុងរយៈពេល ៨ ខែ ឆ្នាំ ២០១៩ បានឲ្យដឹងថា ភ្ញៀវទេសចរវៀតណាមមានចំនួនជិត ៥៦ ម៉ឺននាក់កើនឡើង ៦,៣ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៨។ ភ្ញៀវទេសចរវៀតណាមជាប់លេខ ២ ដែលស្មើនឹង ១២,៨ ភាគរយក្នុងចំណោមភ្ញៀវទេសចរបរទេសដែលមកទស្សនាកម្ពុជាសរុប ៤,៣ លាននាក់។
របាយការណ៍ក្រសួងទេសចរណ៍បានឲ្យដឹងថា គិតត្រឹមខែកញ្ញា ឆ្នាំ ២០១៩ កម្ពុជាមានក្រុមហ៊ុនអាកាសចរណ៍កំពុងធ្វើប្រតិបត្តិការសរុបចំនួន ៤៩ ហោះទៅ ៨៦ គោលដៅក្នុងប្រទេសចំនួន ១២៕ LA