ភ្នំពេញៈ មន្ត្រីកម្ពុជា និងធុរជនក្នុងស្រុករំពឹងថា កម្ពុជានឹងទទួលបានឱកាសពង្រីកទីផ្សារនៅតំបន់ស្វយ័តហុងកុង បន្ទាប់ពីរដ្ឋាភិបាលនៃតំបន់រដ្ឋបាលពិសេសហុងកុងបានប្រកាសនៅថ្ងៃទី ៨ ខែមករាថាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងកិច្ចព្រមព្រៀងវិនិយោគរវាងហុងកុង និងអាស៊ានចូលជាធរមានពេញលេញនៅក្នុងខែកុម្ភៈ។
អ្នកនាំពាក្យរដ្ឋាភិបាលហុងកុងបាននិយាយនៅថ្ងៃ ៨ មករា កន្លងមកថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) និងកិច្ចព្រមព្រៀងវិនិយោគ (AI) រវាងហុងកុង និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នឹងចូលជាធរមាននៅថ្ងៃទី ១២ ខែកុម្ភៈ។
អាជ្ញាធរហុងកុងបានលើកឡើងថា ចំពោះសហគ្រាស និងអ្នកផ្តល់សេវាកម្មហុងកុងនឹងអាចទទួលបានអត្ថប្រយោជន៍ពេញលេញដូចដែលបានប្តេជ្ញាចិត្តដោយរដ្ឋជាសមាជិកអាស៊ានទាំង ១០ ក្រោមកិច្ចព្រមព្រៀងនេះ ខណៈឱកាសអាជីវកម្មរបស់ពួកគេនៅក្នុងទីផ្សារអាស៊ាននឹងត្រូវលើកកម្ពស់យ៉ាងខ្លាំង។
ទីក្រុងហុងកុងបានបង្កើតកិច្ចព្រមព្រៀងទាំង ២ ខាងលើនេះជាមួយអាស៊ានក្នុងឆ្នាំ ២០១៧ ហើយកិច្ចព្រមព្រៀងបានចូលជាធរមានជាបណ្តើរៗ ចាប់តាំងពីខែមិថុនា ឆ្នាំ ២០១៩។
កិច្ចព្រមព្រៀងទាំង ២ នេះមានលក្ខណៈទូលំទូលាយក្នុងវិសាលភាពដែលរួមមានពាណិជ្ជកម្មទំនិញ ពាណិជ្ជកម្មសេវាកម្ម ការវិនិយោគ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេសយន្តការដោះស្រាយវិវាទ និងបញ្ហាពាក់ព័ន្ធផ្សេងៗទៀត។
លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា កម្ពុជាកំពុងបន្តនីតិវិធីផ្ទៃក្នុងរបស់ខ្លួនដែលនឹងត្រូវបញ្ចប់នាពេលឆាប់ៗនេះ ដោយសង្ឃឹមថាកម្ពុជានឹងទទួលបានអត្ថប្រយោជន៍ពីទីផ្សារហុងកុងតាមរយៈកិច្ចព្រមព្រៀងទាំងនេះ។
លោក សុវិជាតិ បញ្ជាក់ថា៖ «យើងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះរួចហើយ។ យើងនឹងជូនដំណឹងជាផ្លូវការអំពីការបញ្ចប់នីតិវិធីផ្ទៃក្នុងដូច្នេះភាគីទាំង ២ អាចអនុវត្តបានភ្លាមៗ។ យើងសង្ឃឹមថា កិច្ចព្រមព្រៀងនេះនឹងធ្វើឱ្យកម្ពុជាចាប់យកទីផ្សារនាំចេញទៅហុងកុងបានកាន់តែច្រើនបន្ថែមទៀត»។
លោក សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) បាននិយាយថា បច្ចុប្បន្ននេះប្រទេសកម្ពុជានាំចេញអង្ករទៅកាន់ទីផ្សារហុងកុងជាធម្មតាដរាបណាក្រុមហ៊ុនបានបំពេញលក្ខខណ្ឌទីផ្សារហុងកុង។
លោកបានថ្លែងថា៖ «តាមទស្សនៈរបស់ខ្ញុំ កម្ពុជាចូលរួមក្នុងទីផ្សារពាណិជ្ជកម្មសេរីរវាងហុងកុង និងអាស៊ានក៏ដូចជាហុងកុង-កម្ពុជានឹងធ្វើឱ្យកម្ពុជាកាន់តែមានការប្រកួតប្រជែងដើម្បីឱ្យផលិតផលរបស់ខ្លួនអាចប្រកួតប្រជែងនៅក្នុងទីផ្សារហុងកុង ហើយនេះគឺជាការចូលរួមចំណែកក្នុងការអភិវឌ្ឍ វិស័យកែច្នៃអាហាររបស់យើង និងឧស្សាហកម្មផ្សេងទៀតចូលទៅក្នុងទីផ្សារនេះ»។
អាស៊ានជាដៃគូពាណិជ្ជកម្មធំទី ២ របស់ហុងកុងក្នុងពាណិជ្ជកម្មទំនិញក្នុងឆ្នាំ ២០១៩ និងជាពាណិជ្ជកម្មសេវាកម្មទី៤ ក្នុងឆ្នាំ ២០១៨៕