ភ្នំពេញៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​រំពឹង​ថា កសិដ្ឋាន​ដាំ​ស្វាយ​កម្ពុជា​ចំនួន ៣០ និង​រោងចក្រ​ប្រព្រឹត្តិកម្ម​សម្លាប់​ពងរុយ​ចោះ​ផ្លែស្វាយ​ចំនួន ៤ នឹងត្រូវ​ប្រទេស​ចិន​ពិនិត្យ និង​អនុញ្ញាតឱ្យ​នាំចេញ​ផ្លែស្វាយស្រស់ពី​កម្ពុជា​ទៅកាន់​ប្រទេស​ចិន​។ នេះ​បើ​យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​។

ការរំពឹង​នេះ​ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​អគ្គនាយកដ្ឋាន​កសិកម្ម​បាន​ផ្ញើលិខិត​អំពី​កសិដ្ឋាន​ដាំ​ស្វាយ​ដែល​ចុះបញ្ជី​ចំនួន ២ ​លើក​រួចមកហើយ​ដែល​លើកចុងក្រោយ​មាន​កសិដ្ឋាន​ចំនួន ២៥ និង​រោងចក្រ​សម្លាប់​សមាសភាព​ចង្រៃ​លើ​ផ្លែស្វាយ​ចំនួន ៣ កាលពី​ថ្ងៃទី​ ១២ ខែកុម្ភៈ ឆ្នាំនេះ​ទៅ​ភាគី​ចិន ​ដើម្បី​ផ្តល់​ការអនុញ្ញាត​នាំចេញ​។

ទន្ទឹមនឹងនេះ ក្រសួង​ក៏បាន​អំពាវនាវ​ជាថ្មី​ទៅដល់​អ្នក​ដាំ​ស្វាយ​ឱ្យមក​ចុះបញ្ជី​ចម្ការ​ស្វាយ​សម្រាប់​នាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ ខណៈ​ពេល​តម្លៃ​ស្វាយបាន​ធ្លាក់ចុះ​យ៉ាងខ្លាំង​នៅ​ដើមរដូវ​ប្រមូលផល​ឆ្នាំនេះ​។

សេចក្តី​ប្រកាស​ព័ត៌មាន​បានឱ្យដឹងថា​៖ «​ដើម្បី​រក្សា​បាន​ស្ថិរភាព​តម្លៃ​សមស្រប និង​មាន​ទីផ្សារ ក្រសួង​កសិកម្ម សូម​អំពាវនាវ​ម្តង​ហើយ​ម្តងទៀត​ដល់​អ្នក​ដាំ​ដំណាំ​ស្វាយ​សូម​ធ្វើការ​ចុះបញ្ជី​កសិដ្ឋាន​ដាំ​ស្វាយ​សម្រាប់​នាំចេញ​នៅ​អគ្គនាយកដ្ឋាន​កសិកម្ម​»​។

សេចក្តីប្រកាស​ព័ត៌មាន​បន្តថា ការចុះបញ្ជី​នេះ​កសិករ​នឹង​ទទួលបាន​ការបណ្តុះបណ្តាល​បច្ចេកទេស​នៅក្នុង​ការបង្កើន​ផលិតភាព និង​គុណភាព​ផ្លែស្វាយ​ស្របតាម​ស្តង់ដា ព្រមទាំង​ការរៀបចំ​ចងក្រង​ជា​បណ្តុំ​អាជីវកម្ម​សម្រាប់​ភ្ជាប់​ទំនាក់ទំនង​ជា​មួយ​ក្រុមហ៊ុន​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក​ដើម្បី​ចុះ​កិច្ចសន្យា​ប្រមូល​ទិញ​ស្វាយ​ធ្វើការ​កែច្នៃ និង​នាំចេញ​។

លោក អ៊ុំ សារឿន ប្រធាន​សមាគម​កសិកម្ម​ស្វាយកែវរមៀត​គិរីរម្យ​បាន​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍​ថា សមាជិក​លោក​ចំនួន​ ៧ នាក់​ ក្នុងចំណោម​សមាជិក ៤៥ នាក់​ បាន​ស្នើសុំ​ចុះបញ្ជី​កសិដ្ឋាន​ដំណាំ​ស្វាយ​នៅ​អគ្គនាយកដ្ឋាន​កសិកម្ម​ក្នុង​នោះ​ចម្ការ​ស្វាយ ២ ​ត្រូវ​បាន​អនុម័ត​ផ្តល់​វិញ្ញាបនបត្រ​។ លោក​រំពឹងថា​នឹងមាន​សមាជិក​បន្ថែមទៀត​ដាក់ពាក្យ​ស្នើសុំ​ចុះបញ្ជី​ចម្ការ​ស្វាយ​នៅ​ក្រសួងកសិកម្ម​។

លោក​បាន​ថ្លែងថា​៖ «​បន្ទាប់​ទទួល​វិញ្ញាបនបត្រ​ហើយ យើង​សង្ឃឹមថា​នឹងមាន​ក្រុមហ៊ុន​ប្រមូល​ទិញ​ផ្លែស្វាយ​ពី​យើង​នាំ​ចេញទៅ​ទីផ្សារ​ប្រទេស​ចិន​»​។

សេចក្តី​ប្រកាស​ព័ត៌មាន​បាន​បន្ថែមថា តម្លៃ​ស្វាយ​នៅ​រដូវ​ប្រមូល​ឆ្នាំនេះ​បាន​ធ្លាក់​ថ្លៃ​ចាប់ពី​ដើមខែ​កុម្ភៈ​មក​ដល់​ពេល​បច្ចុប្បន្ននេះ ដោយ​ហេតុថា​រដូវ​ប្រមូលផល​ផ្លែស្វាយ​នៅ​កម្ពុជា និង​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត​ប្រមូល​ដំណាល​គ្នា​ដែលនាំឱ្យ​បរិមាណ​ជន់​លើស​តម្រូវការ​ទីផ្សារ ស្របពេល​សកម្មភាព​សេដ្ឋកិច្ច​ទូទៅ​កំពុង​រង​ឥទ្ធិពល​ជា​អវិជ្ជមាន​ពី​ការឆ្លង​កូវីដ​ ១៩​។

យោងតាម​គេហទំព័រ www.globalprice.info សព្វថ្ងៃ តម្លៃ​ផ្លែស្វាយ​ស្រស់​នៅ​ប្រទេស​ចិន ​បាន​ធ្លាក់​ចុះថ្លៃ​នៅ​ចន្លោះ ១,១០ ទៅ ១,២០ ដុល្លារ​ក្នុង​ ១ ​គីឡូក្រាម​។

លោក សារឿន ឱ្យដឹងថា តម្លៃ​ស្វាយបាន​ធ្លាក់ចុះ​យ៉ាងគំហុក​គឺ ២០០ ​រៀល​ក្នុង​ ១ ​គីឡក្រាម​ប៉ុណ្ណោះ​នៅ​តំបន់​របស់លោក​។ លោក​បាន​និយាយថា​៖ «​តម្លៃ​នេះ​មិនអាច​ទូទាត់​រួច​ថ្លៃឈ្នួល​បេះ និង​ដឹកជញ្ជូន​ទេ ដូច្នេះ​ស្វាយ​អាចមាន​ទីផ្សារ​ទាល់តែ​មាន​រោងចក្រ​សម្រាប់​កែច្នៃ​ដែល​យើង​ឃើញ​ក្រសួង​កំពុង​ខិតខំ​ទាក់ទង​ការបង្កើត​រោងចក្រ​នៅ​ស្រុក​យើង​»​។

ក្រសួង​កសិកម្ម​ឱ្យដឹងទៀតថា ក្នុង​គោលដៅ​រួមចំណែក​លើកកម្ពស់​តម្លៃ​ផលិតផល​ផ្លែស្វាយ និង​បង្កើន​ប្រាក់ចំណូល​ដល់​អ្នក​ផលិត​ក្រសួង​បាន​ស្វះស្វែងរក​ទីផ្សារ​តាមរយៈ​ការចរចា​លើ​វិធាន​បច្ចេកទេស​អនាម័យ និង​ភូតគាម​អនាម័យ​ជាមួយ​ប្រទេស​មួយចំនួន​។

កាលពី​ខែមករា ឆ្នាំ​ ២០២០ កម្ពុជា និង​កូរ៉េ​សម្រេចបាន​កិច្ចព្រមព្រៀង​ស្តីពី​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​សម្រាប់​នាំចេញ​ទៅ​កូរ៉េ​។ បន្ទាប់មក​ក្នុង​ខែមិថុនា កម្ពុជា​សម្រេចបាន​កិច្ចព្រមព្រៀង​ជាមួយ​ប្រទេស​ចិន​ដោយ​អាច​នាំចេញ​ស្វាយ​ស្រស់​ ៥០ ​ម៉ឺន​តោន​ក្នុង​ ១ ​ឆ្នាំ​។

បច្ចុប្បន្ន​កម្ពុជា​មាន​ផ្ទៃដី​ដាំ​ស្វាយ ១២៤ ៣១៩ ហិកតា ផ្តល់​ផល​ជា​មធ្យម ១៥,៥ ​តោន ក្នុង ១ ​ហិកតា សម្រាប់ ១ រដូវកាល ខណៈ​ ១ ​ឆ្នាំ​គេ​អាច​ប្រមូលផល​បាន ២ ​ដង​៕ LA

វីដេអូ៖