ភ្នំពេញ: លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​បាន​ឲ្យ​ដឹងថា ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន-អាមេរិក US-ASEAN Business Council (US-ABC) ​នឹង​ជួយ​ជំរុញ​ឲ្យ​សមាជិក​របស់​ខ្លួន​ចូលមក​វិនិយោគ​លើ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា ក្រោយ​ពេល​ដែល​ជំងឺ​កូវីដ​១៩ ស្ងប់ស្ងាត់​ទៅវិញ​។

ការលើក​ឡើង​នេះ​ត្រូវបាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​ជាមួយ​ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន អាមេរិក​តាមរយៈ Video Conference កាលពី​ថ្ងៃ​ចន្ទ​។ នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ចេញផ្សាយ​កាលពី​ថ្ងៃ​អង្គារ​។

សេចក្តី​ប្រកាស​ព័ត៌មាន​បាន​ឲ្យ​ដឹងថា នៅក្នុង​កិច្ចប្រជុំ​នោះ​លោក ថោង ខុន បាន​លើកឡើង​ពី​ឱកាស​វិនិយោគ​នៅក្នុង​វិស័យ​ទេសចរណ៍​នៅ​ប្រទេស​កម្ពុជា​ដល់​ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន អាមេរិក ដែល​ជា​ស្ថាប័ន​ដ៏ធំ​មួយ​ដែល​មាន​សមាជិក​នៅ​ជុំវិញ​តំបន់​អាស៊ីអាគ្នេយ៍ ដោយ​ស្នើសុំ​ឲ្យ US-ABC ជួយ​ជំរុញ​សមាជិក​របស់​ខ្លួន​មក​វិនិយោគ​ក្នុង​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា ពិសេស​វិនិយោគ​លើ​សហគមន៍​ទេសចរណ៍ និង​អេកូទេសចរណ៍ ដែល​កំពុង​មាន​សក្តានុពល​យ៉ាងខ្លាំង​។

លោក​បាន​ថ្លែងថា​៖ «​ភាគី US-ABC សន្យា​ថា​នឹង​ស្វែងរក​ឱកាស​វិនិយោគ​វិស័យ​ធុរកិច្ច​ទេសចរណ៍​នៅក្នុង​អំឡុងពេល​កម្ពុជា​ជួប​វិបត្តិ​នៃ​ជំងឺ​កូវីដ​១៩ និង​ក្រោយពេល​វិបត្តិ​នេះ​ត្រូវ​បាន​បញ្ចប់​ ហើយ​យើង​ក៏​សូម​ស្នើ​ឲ្យ US-ABC បន្ត​សហការ​ជាមួយ​ផ្នែក​ជំនាញ​ក្រសួង ដើម្បី​អនុវត្ត​គម្រោង​កិច្ចសហប្រតិបត្តិការ​នានា​នៅក្នុង​វិស័យ​ទេសចរណ៍​»​។

កិច្ចប្រជុំ​នេះ​មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ល្បី​មួយ​ចំនួន​ដែលជា​សមាជិក​របស់ US-ABC រួមមាន ក្រុមហ៊ុន Google, Visa, Agoda និង​ក្រុមហ៊ុន Expedia Group ជាដើម​។ កិច្ចប្រជុំ​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​រួមគ្នា​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវីដ​១៩ និង​លើក​ផែនការ​បង្កើត​កិច្ចសហប្រតិបត្តិការ​ស្តារ​វិស័យ​ទេសចរណ៍​ឡើងវិញ​ បន្ទាប់ពី​វិបត្តិ​សុខភាព​នេះ​ត្រូវបាន​បញ្ចប់​។

លោក Amb. Michael W.Michala អនុប្រធាន​ជាន់ខ្ពស់ និង​ជា​នាយក​គ្រប់គ្រង​ប្រចាំ​តំបន់​នៃ​ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន អាមេរិក បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​នេះ​ថា លោក​នឹង​ជំរុញ​បន្ថែម​ទៀត​ឲ្យ US-ABC បង្កើន​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ធុរកិច្ច​ក្នុង​វិស័យ​ទេសចរណ៍ និង​ប្រយុទ្ធប្រឆាំង​ការរាតត្បាត​ជំងឺ​កូវីដ​នៅ​កម្ពុជា​។

លោក ថោង ខុន បាន​ឲ្យ​ដឹងថា កូវីដ​១៩ បាន​ធ្វើឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​វិស័យ​ទេសចរណ៍​ដោយ​គិត​ត្រឹម​ខែ​ឧសភា​មាន​អាជីវកម្ម​ទេសចរណ៍​បិទ និង​ព្យួរការងារ​សរុប ២ ៩៥៦ ទីតាំង​នៅ​ទូទាំងប្រទេស ខណៈ​វិស័យនេះ​មាន​បុគ្គលិក​បម្រើ​ការងារ​ផ្ទាល់ ៤៥ ៤០៥ ​នាក់​។

កម្ពុជា​ទទួល​បាន​ចំណូល​ជាង ១៨ ​លាន​ដុល្លារ​ពី​ការលក់​សំបុត្រ​ឲ្យ​ភ្ញៀវ​បរទេស​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​ក្នុង​រយៈពេល​ ៥ ​ខែ​ដំបូង​ឆ្នាំ​ ២០២០ នេះ​ធ្លាក់ចុះ ៦៤,១៨ ​ភាគរយ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំមុន​។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គ្រឹះស្ថាន​អង្គរ​។

គ្រឹះស្ថាន​អង្គរ​បាន​ឲ្យ​ដឹងថា ចាប់ពី​ខែ​មករា​ដល់​ខែ​ឧសភា​ភ្ញៀវទេសចរ​បរទេស ៣៨៦ ០៩៣ ​នាក់​បាន​ទិញ​បណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​ដោយ​ធ្លាក់ចុះ ៦៥,៤៦ ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំមុន​៕ LA