
លោក ប៉ាន សូរស័ក្តិ (ស្តាំ) ជួបពិភាក្សាជាមួយលោក Pablo Kang។ រូបថត ក្រសួងពាណិជ្ជកម្ម
ភ្នំពេញៈ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្មបានស្នើឱ្យសភាពាណិជ្ជកម្មអូស្ត្រាលី និងសភាពាណិជ្ជកម្មកម្ពុជាពន្លឿនការងារក្នុងការចុះហត្ថលេខាលើអនុស្សរណៈការយោគយល់ (MoU) លើវិស័យពាណិជ្ជកម្ម និងវិនិយោគ ដើម្បីជំរុញការដោះដូរពាណិជ្ជកម្ម និងវិនិយោគនៃប្រទេសទាំង ២ ខណៈដែលប្រទេសទាំង ២ ក៏ជាហត្ថលេខីនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចតំបន់គ្រប់ជ្រុងជ្រោយ (RCEP) កាលពីពាក់កណ្តាលខែវិច្ឆិកាកន្លងមក។
ការលើកឡើងរបស់លោករដ្ឋមន្ត្រីបានធ្វើឡើងកាលពីថ្ងៃទី ២២ ខែធ្នូ ក្នុងពេលជួបជាមួយ លោក Pablo Kang ឯកអគ្គរាជទូតអូស្ដ្រាលីប្រចាំកម្ពុជានៅទីស្តីការក្រសួង។ លោកក៏បានជំរុញឱ្យអូស្ត្រាលីងាកមកចាប់អារម្មណ៍ការវិនិយោគលើវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកដោយសារតែច្បាប់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកត្រូវបានរដ្ឋាភិបាលកម្ពុជាដាក់ឱ្យប្រើប្រាស់កាលពីប៉ុន្មានខែកន្លងមក ហើយច្បាប់ការពារអ្នកប្រើប្រាស់ក៏កម្ពុជាបានដាក់ឱ្យប្រើប្រាស់ផងដែរ ប៉ុន្តែនៅទាមទារឱ្យមានអ្នកបច្ចេកទេសជំនាញដែលមានបទពិសោធ ដូចជាប្រទេសអូស្ត្រាលី ជួយបណ្តុះបណ្តាលបន្ថែម។
លោករដ្ឋមន្ដ្រីថ្លែងថា៖ «ជាមួយនឹងច្បាប់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce Law) ដែលទើបប្រកាសឱ្យប្រើប្រាស់ថ្មីៗ ក្រសួងក៏បានបង្កើតកម្មវិធីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិករបស់កម្ពុជា Go4eCam (E-Commerce) ដើម្បីជំរុញការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) ផងដែរ។ ភាគីអូស្ដ្រាលីជួយផ្ដល់មន្ដ្រីបច្ចេកទេសផ្នែកការពារអ្នកប្រើប្រាស់ (Consumer Protection) មកប្រចាំការនៅកម្ពុជាដើម្បីចែករំលែកបទពិសោធ និងលើកកម្ពស់ប្រសិទ្ធភាពការងារសំដៅបង្កើនបរិមាណនាំចេញផលិតផលកម្ពុជាទៅអូស្ដ្រាលី»។
លោក Pablo បានកោតសរសើរកម្ពុជាថា បើទោះបីក្នុងស្ថានភាពលំបាកនៃវិបត្តិកូវីដ ១៩ ក៏ការនាំចេញអង្ករផ្កាម្លិះខ្មែរទៅអូស្ដ្រាលីបានកើនប្រមាណ ៦០ ភាគរយ។ ទាក់ទិននឹងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក រដ្ឋាភិបាលអូស្ត្រាលីតាមរយៈគម្រោង CAVAC ក៏បានហ្វឹកហ្វឺនកសិករខ្មែរប្រមាណ ២ ០០០ នាក់ ក្នុងវិស័យអេឡិចត្រូនិកដើម្បីលក់ផលិតផលរបស់ខ្លួនតាមប្រព័ន្ធអនឡាញផងដែរ។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃព្រហស្បតិ៍ថា កន្លងមកសភាពាណិជ្ជកម្មកម្ពុជាបានធ្វើការចុះ MoU ជាមួយប្រទេសជាច្រើនដូចជា កូរ៉េខាងត្បូង ជប៉ុន អាមេរិក និងប្រទេសផ្សេងៗដើម្បីធ្វើការផ្លាស់ប្តូរនូវព័ត៌មានពាណិជ្ជកម្ម និងវិនិយោគរវាងគ្នា ជាពិសេសគឺបង្កើតទំនាក់ទំនងវិស័យឯកជន និងឯកជនដើម្បីស្វែងរកឱកាសវិនិយោគ និងចាប់ដៃគូ។
លោកថ្លែងថា៖ «ខ្ញុំពិតជាមានការគាំទ្រយ៉ាងពេញទំហឹង និងស្វាគមន៍ក្នុងការចុះ MoU ជាមួយអូស្ត្រាលី ដើម្បីបង្កើនទំនាក់ទំនង និងផ្តល់សេចក្តីទុកចិត្តរវាងវិស័យឯកជន និងឯកជនឈានទៅមួយកម្រិតទៀតដែលយើងអាចធ្វើការសហការក្នុងការផ្លាស់ប្តូរព័ត៌មានក៏ដូចជារៀបចំកិច្ចប្រជុំធុរកិច្ចផ្សេងៗរួមគ្នា»។
លោកបានបន្តថា៖ «នៅពេលមាន MoU គឺយើងអាចសម្លឹងមើលឱកាសវិនិយោគ និងអាចទាក់ទាញការវិនិយោគ និងជំរុញពាណិជ្ជកម្មបន្ថែមទៀត ខណៈប្រទេសទាំង ២ ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង RCEP ផងដែរ ដែលវារឹតតែផ្តល់ឱកាសដល់ភាគីទាំងសងខាងបង្កើនទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគបន្ថែមទៀត»។
ទំហំពាណិជ្ជកម្មទ្វេភាគីប្រទេសទាំង ២ ក្នុងឆ្នាំ ២០១៩ មានតម្លៃជាង ១៩៧ លានដុល្លារ កើនឡើង ៣២,៦ ភាគរយធៀបនឹងឆ្នាំ ២០១៨។ ការនាំចេញរបស់កម្ពុជាមានតម្លៃ ១៥៥ លានដុល្លារ កើន ៣៤,៩ ភាគរយ ខណៈការនាំចូលពីអូស្ត្រាលីមានតម្លៃ ៤២,១៩ លានដុល្លារ កើន ២៤,៨ ភាគរយ។ នេះបើតាមស្ថានទូតអូស្ត្រាលី៕