ភ្នំពេញៈ កម្ពុជា​រំពឹងថា ទំនាក់ទំនង​ពាណិជ្ជកម្ម​ទ្វេភាគី​ជាមួយ​ចក្រភព​អង់គ្លេស​នឹង​កាន់តែ​ប្រសើរ ខណៈ​ការចាកចេញ​របស់​អង់គ្លេស​ពី​សហភាព​អឺរ៉ុប (EU) នឹង​ធ្វើឲ្យ​ការចរចា​ពាណិជ្ជកម្ម​កាន់តែ​មាន​ភាពងាយស្រួល​។ នេះ​បើ​យោងតាម​មន្ត្រី​ពាណិជ្ជកម្ម​កម្ពុជា​។

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី «​បច្ចុប្បន្នភាព និង​វឌ្ឍនភាព​របស់​ក្រសួង​ពាណិជ្ជកម្ម​» ដែល​រៀបចំ​ឡើង​ដោយ​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​កាលពី​ថ្ងៃ​ព្រហស្បតិ៍​លោក ស៊ាង ថៃ អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម បាន​លើក​ឡើង​ថា បើទោះបី​កម្ពុជា​នៅ​មិនទាន់​មាន​កិច្ចព្រមព្រៀង ឬ​ការចរចា​ផ្នែក​ពាណិជ្ជកម្ម​ទ្វេភាគី​ជាមួយ​នឹង​ចក្រភព​អង់គ្លេស​ក៏ដោយ ប៉ុន្តែ​កម្ពុជា​សង្ឃឹម​ថា ការចាកចេញ​របស់​អង់គ្លេស​ពី​សហភាព​អឺរ៉ុប​នឹង​ផ្តល់​ភាព​វិជ្ជមាន​បន្ថែមទៀត​សម្រាប់​កម្ពុជា​ក្នុង​ការនាំចេញ​ទំនិញ​ទៅ​កាន់​ទីផ្សារ​អង់គ្លេស​។

លោក​ថ្លែង​​ថា​៖ «​មុនពេល​អង់គ្លេស​ចាកចេញ​ពី EU គ្រប់ការ​សម្រេច​គឺ​ត្រូវ​តែ​ធ្វើ​រួមគ្នា ដូច្នេះ​បើ EU កំណត់​បែបណា​ចំពោះ EBA នៅ​កម្ពុជា អង់គ្លេស​ក៏ត្រូវ​តែ​ធ្វើ​បែប​នោះដែរ​»​។ លោក​បន្តថា​៖ «​យើង​សង្ឃឹមថា​ប្រទេស​អង់គ្លេស​ដែល​ដកខ្លួន​ចេញ​ផុត​ពី EU នឹង​ធ្វើឲ្យ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​កាន់តែ​ល្អប្រសើរ​»​។

ចក្រភព​អង់គ្លេស​បាន​ដើរ​ចេញ​ពី​សមាជិក​សហភាព​អឺរ៉ុប​ដោយ​ខ្លួនឯង​កាលពី​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​ ២០២០ ដែល​មានន័យថា អង់គ្លេស​គឺ​មិន​ជាប់​ទាក់ទង​ទៅនឹង​សម្រេច​របស់​គណៈកម្មការ​អឺរ៉ុប​ទាក់ទង​នឹង​ការកំណត់​រឿង EBA សម្រាប់​ប្រទេស​កម្ពុជា​ឡើយ​។

យោងតាម​លោក ស៊ាង ថៃ ក្នុងចំណោម​ការនាំចេញ​សរុប​របស់​កម្ពុជា​ទៅ​កាន់​សហភាព​អឺរ៉ុប​កាលពី​ឆ្នាំ​ ២០១៩ ទីផ្សារ​អង់គ្លេស​មាន​ចំណែក​ជាង​ ១ ​ពាន់​លាន​ដុល្លារ​។ សហភាព​អឺរ៉ុប​នឹង​ប្រកាស​ពី​ការសម្រេច​របស់ខ្លួន​ពី​រឿង EBA សម្រាប់​ប្រទេស​កម្ពុជា​នៅ​ថ្ងៃទី​ ១២ ខែ​កុម្ភៈ សប្តាហ៍​ក្រោយ​។

របាយការណ៍​ពី​ធនាគារជាតិ​នៃ​កម្ពុជា​បាន​ឲ្យ​ដឹងថា ការនាំចេញ​ទំនិញ​ពី​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ក្នុង​រយៈពេល​ ៩ ​ខែ ឆ្នាំ​ ២០១៩ មានតម្លៃ​សរុប ១០,៩ ​ពាន់​លាន​ដុល្លារ​ក្នុង​នោះ​ប្រទេស​អង់គ្លេស​ឈរ​នៅ​លេខ​រៀង​ទី​ ៥ ដែល​មាន​ចំនួន ៧ ​ភាគរយ​ដោយ​តាម​ពីក្រោយ​សហរដ្ឋអាមេរិក ជប៉ុន អាល្លឺម៉ង់ និង​ប្រទេស​ចិន​។

លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​បាន​និយាយថា អង់គ្លេស​ជា​ប្រទេស​ធំ​មាន​សេដ្ឋកិច្ច​រឹងមាំ និង​ជា​ទីផ្សារ​ធំ​របស់​កម្ពុជា ដូច្នេះ​បើ​ប្រទេស​នេះ​ទទួល​យក​ទំនិញ​កម្ពុជា​បន្ថែម​បន្ទាប់ពី​ចាកចេញ​ពី​សហភាព​អឺរ៉ុប វា​ជា​ការល្អណាស់​។

លោក​បាន​បន្តថា តាម​ស្ថានភាព​បច្ចុប្បន្ន​ការនាំ​ទំនិញ​ពី​កម្ពុជា​ទៅកាន់​ប្រទេស​អង់គ្លេស​នឹង​កើនឡើង​ជា​បន្តបន្ទាប់ ពិសេស​ផលិតផល​កាត់ដេរ​។ លោក​ថ្លែងថា​៖ «​កន្លងមក​អង់គ្លេស​ធ្លាប់​បាន​សន្យា​ជាមួយ​ថ្នាក់ដឹកនាំ​កម្ពុជា​ថា ទោះបី​ខ្លួន​ចាកចេញ​ពី EU ក៏ដោយ ក៏​ខ្លួន​នៅ​បន្ត និង​ពង្រឹង​ការបង្កើន​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​ឲ្យ​មាន​ទំហំ​កាន់តែ​ធំ​បន្ថែមទៀត​»​។

បើ​តាម​លោក លឹម ហេង វិស័យ​មួយចំនួន​ដែល​វិនិយោគិន​អង់គ្លេស​កំពុង​បណ្តាក់ទុន​នៅ​កម្ពុជា​មានដូចជា រោងចក្រ​កាត់ដេរ​ស្បែកជើង គ្រឿងអគ្គិសនី និង​រោងចក្រ​ផលិត​បារី​ជាដើម​។

ទោះបី​យ៉ា​នេះ​ក្តី​លោក កាំង ម៉ូនីកា អគ្គលេខាធិការរង​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា​ (GMAC) បាន​ប្រាប់ថា អង់គ្លេស​គឺជា​ទីផ្សារ​ធំជាងគេ​នៅ​អឺរ៉ុប​សម្រាប់​ផលិតផល​កាត់ដេរ​កម្ពុជា​ស្រាប់​ទៅហើយ ដូច្នេះ​ការចាកចេញ ឬ​មិន​ចាកចេញ​ពី EU ហាក់​នឹង​មិន​មាន​អ្វី​ប្រែប្រួល​នោះទេ​សម្រាប់​វិស័យ​កាត់ដេរ​។ លោក​និយាយថា​៖ «​ខ្ញុំ​គិតថា ការចាកចេញ​នេះ​នឹង​មិន​មាន​អ្វី​ផ្លាស់ប្តូរ​ច្រើន​ទេ​»​។

ទិន្នន័យ​ពី​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា​បាន​បង្ហាញថា​ក្នុង​រយៈពេល ៩ ​ខែ ឆ្នាំ​ ២០១៩ កម្ពុជា​បាន​នាំចេញ​សម្លៀកបំពាក់​ទៅកាន់​ទីផ្សារ​សហភាព​អឺរ៉ុប​ក្នុងតម្លៃ ២ ៥៨៤ ​លាន​ដុល្លារ​ក្នុង​នោះ​ទីផ្សារ​អង់គ្លេស​មាន​ចំនួន ៥៨៤ ​លាន​ដុល្លារ​។

លោក វង្ស៊ី វិសុទ្ធ​ រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​កាលពី​សប្តាហ៍​មុន​បាន​ឲ្យ​ដឹងថា សហភាព​អឺរ៉ុប​នឹង​ហូតពន្ធ ២០ ​ភាគរយ​មួយផ្នែក​លើ​សម្លៀកបំពាក់ និង​ ៣០ ​ភាគរយ​លើ​ផលិតផល​ស្បែកជើង​ពី​ប្រទេស​កម្ពុជា​។

លោក​ថ្លែងថា​៖ «​ផ្អែកលើ​ការ​គណនា​របស់​យើង ការដក​មួយ​ផ្នែក​នៃ EBA នឹង​ប៉ះពាល់​លើ​ការនាំចេញ​របស់​យើង​មាន​តម្លៃ ៥០០ ​លាន​ដុល្លារ​នេះ​គឺជា​ព័ត៌មាន​ក្រៅ​ផ្លូវការ​»៕ LA