ភ្នំពេញៈ លោកនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន កាលពី​ថ្ងៃ​អង្គារ​បាន​ជំរុញ​ឲ្យ​មេដឹកនាំ​នៃ​បណ្តា​ប្រជាជាតិ​អាស៊ាន​ត្រូវ​គិតគូរ​ជា​យុទ្ធសាស្ត្រ​ក្នុង​ការស្ដារ និង​ជំរុញ​ការងើប​ឡើងវិញ​នូវ​កំណើន​សេដ្ឋកិច្ច បន្ទាប់ពី​វិបត្តិ​កូវីដ​១៩ ត្រូវបាន​បញ្ចប់​។

ថ្លែង​តាមរយៈ video conference នៃ​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​ស្ដីពី​កូវីដ​១៩ ជាមួយ​រដ្ឋ​ជា​សមាជិក​ទាំង ១០ ​ផ្សេង​ទៀត​លោក ហ៊ុន សែន បាន​ឲ្យ​ដឹងថា ជាការ​ពិត​ផលប៉ះពាល់​ពី​កូវីដ​១៩ បាន​មក​ដល់​លឿន និង​មាន​ទំហំ​ធំ ហើយ​កំពុង​រីករាលដាល​ពី​វិស័យ​មួយ​ទៅកាន់​វិស័យ​មួយទៀត​។

ជាក់ស្ដែង​ការរីក​រាលដាល​របស់​កូវីដ ​១៩ កំពុង​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​ខ្លាំង​ដល់​ការអភិវឌ្ឍ​អាស៊ាន​ជារួម​មិន​ត្រឹមតែ​លើ​ប្រព័ន្ធ​សុខាភិបាល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏បាន​ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍ ពាណិជ្ជកម្ម ហិរញ្ញវត្ថុ ឧស្សាហកម្ម ក៏ដូចជា​ជីវភាព​រស់នៅ​របស់​ប្រជាជន​ទូទៅ​។

លោក​ថ្លែងថា​៖ «​កម្ពុជា​យល់ថា អាស៊ាន​ត្រូវតែ​ពន្លឿន​ការអនុវត្ត​ផែនការ និង​យុទ្ធសាស្ត្រ​នានា​ដែល​មាន​ស្រាប់​ឲ្យ​បាន​លឿន​ក៏​ដូចជា​ការជំរុញ​ការធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​ក្នុង​តំបន់ លុបបំបាត់​របាំង​មិនមែន​ពន្ធ និង​បង្កើន​កិច្ចសម្រួល​ពាណិជ្ជកម្ម​»​។

លោក​បន្ថែមថា​៖ «​យើង​ក៏ត្រូវ​ជំរុញ​ការអនុវត្ត គំនិត​ផ្តួចផ្ដើម​នានា​សម្រាប់​សមាហរណកម្ម​អាស៊ាន​ដោយ​ផ្តោតលើ ការលើកកម្ពស់​សហគ្រាស មីក្រូ តូច និង​មធ្យម (MSME) និង​ការបង្កើត​ធុរកិច្ច​ថ្មី​ផ្អែកលើ​នវានុវត្តន៍​បច្ចេកវិទ្យា ការលើកកម្ពស់​កិច្ចសហការ​រវាង​វិស័យ​ឯកជន និង​សាធារណៈ​នៅក្នុង​ក្របខ័ណ្ឌ​សេដ្ឋកិច្ច​ឌីជីថល និង​ការអភិវឌ្ឍ​ធនធាន​មនុស្ស និង​ជំនាញ​វិជ្ជាជីវៈ​ឌីជីថល​»​។

យោងតាម​ចក្ខុវិស័យ​របស់​ធនាគារ​អភិវឌ្ឍន៍អាស៊ី​ឆ្នាំ​ ២០២០ ដែល​ចេញផ្សាយ​កាលពី​ដើម​ខែមេសា អាស៊ីអាគ្នេយ៍​នឹង​តាមដាន​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ (PRC) ​ដោយ​នឹង​បន្ថយល្បឿន​កំណើន​មក​នៅត្រឹម ១ ​ភាគរយ​ក្នុង​ឆ្នាំ​ ២០២០ ​នេះ​។ ប្រទេស​ទាំងអស់​​នៅក្នុង​អនុតំបន់​នឹង​ទទួលរង​ការធ្លាក់ចុះ​កំណើន​សេដ្ឋកិច្ច​ក្នុង​ឆ្នាំ​ ២០២០ ដោយសារ​កូវីដ ​១៩ និង​ការធ្លាក់ចុះ​សេដ្ឋកិច្ច​ជា​សកល ពិសេស​ដោយសារ​តែ​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​ការវិនិយោគ​ដ៏រឹងមាំ​ជាមួយ PRC ដែល​ចុះថយ​ល្បឿន​។

ថៃ ជា​ប្រទេស​មាន​សេដ្ឋកិច្ច​ឈានមុខ​គេ​ទី​ ២ នៅក្នុង​អនុតំបន់​ទំនង​ជា​នឹង​ធ្លាក់ចុះ​ ៤,៨ ​ភាគរយ​នៅ​ឆ្នាំនេះ ​ដែល​បន្ត​ធ្លាក់ចុះ​ជាប្រចាំ​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​ថ្មីៗ​នេះ​។ កំណើន​សេដ្ឋកិច្ច​នៅក្នុង​ប្រទេស​ដែលមាន​ទំនាក់ទំនង​គ្នា​យ៉ាង​ជិតស្និទ្ធ​របស់​ប្រទេស ​ម៉ាឡេស៊ី និង​សិង្ហបុរី​នឹង​ធ្លាក់ចុះ​ជិត​ដល់​សូន្យ​ក្នុង​ឆ្នាំ​ ២០២០​។ នេះ​បើតាម​ចក្ខុវិស័យ​របស់​ធនាគារ​អភិវឌ្ឍន៍អាស៊ី​ឆ្នាំ​ ២០២០ ​។

ប្រទេស​ ឥណ្ឌូនេស៊ី​ នឹង​មើលឃើញ​ការធ្លាក់ចុះ​យ៉ាងខ្លាំង​ដូច​ប្រទេស​ហ្វីលីពីន​ដែរ​។ រីឯ​កំណើន​សេដ្ឋកិច្ច​នៅ​ប្រទេស ​វៀតណាម ​ត្រូវ​បាន​ព្យាករ​ថា​នឹង​ថមថយ​ល្បឿន​យ៉ាងខ្លាំង ប៉ុន្តែ​នៅតែ​ជា​ប្រទេស​រឹងមាំ​តែមួយគត់​នៅក្នុង​អនុតំបន់​។

ជាមួយ​នឹង​បណ្ដា​ប្រទេស​ភាគច្រើន​ចុះខ្សោយ និង​ការធ្លាក់ចុះ​តម្លៃ​ប្រេង​លើ​ពិភពលោក អតិផរណា​អនុតំបន់​គួរតែ​ស្ថិតក្នុង​ចំនួន ១,៩ ​ភាគរយ​ប៉ុណ្ណោះ​ក្នុង​ឆ្នាំ​ ២០២០ និង​ ២,២ ​ភាគរយ​ក្នុង​ឆ្នាំ​ ២០២១​។

ADB បាន​ព្យាករ​ថា កំណើន​ពិត​របស់​ប្រទេស​កម្ពុជា​មាន​ចំនួន ២,៥ ​ភាគរយ​ នៅក្នុង​ឆ្នាំ​ ២០២០ ប៉ុន្តែ​នឹង​ស្ទុះ​ងើបឡើង​វិញ​ដល់ ៥,៩ ​ភាគរយ​ ក្នុង​ឆ្នាំ​ ២០២១ ស្ថិតក្រោម​សេណារីយោ​មូលដ្ឋាន​។

ធនាគារ​អភិវឌ្ឍន៍​អាស៊ី​បាន​បន្តថា​៖ «​ការថមថយ​ល្បឿន​ត្រូវបាន​រង​ផលប៉ះពាល់​ជាសំខាន់​ដោយសារ​ការរីករាលដាល​ជំងឺ​ថ្មី​ (​កូវីដ ​១៩) ដែល​បណ្ដាល​ឲ្យ​សេដ្ឋកិច្ច​ធ្លាក់​​ចុះ​នៅក្នុង​ប្រទេស​អភិវឌ្ឍន៍​សំខាន់ៗ និង​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ (PRC) ហើយ​ប្រទេស​នេះ​ក៏បាន​កាត់បន្ថយ​ការវាយតម្លៃ​ទីផ្សារ​នាំចេញ​​ផង​ដែរ​»​៕ LA