ភ្នំពេញៈ ការចរចា​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​រវាង​កម្ពុជា-កូរ៉េ​ខាងត្បូង​ ត្រូវបាន​រំពឹងថា​នឹង​បញ្ចប់​នៅត្រឹម​ដំណាច់​ឆ្នាំ​ ២០២០ ​នេះ បន្ទាប់ពី​ក្រុម​អ្នកចរចា​នៃ​ប្រទេស​ទាំង​ ២ ​បាន​យល់​ស្របគ្នា​នូវ​លក្ខខណ្ឌ​ជាច្រើន​នៃ​កិច្ចព្រមព្រៀង​នេះ​។

លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​កត់សម្គាល់ថា ការចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​រវាង​កម្ពុជា-កូរ៉េខាងត្បូង​ទាំង​ ២ ​ជុំ​កន្លង​មក​ទទួល​បាន​ផ្លែផ្កា​ជា​ទីគាប់ចិត្ត ហើយ​ភាគី​ទាំង ២ បាន​ប្តេជ្ញា​រួមគ្នា​នឹង​បញ្ចប់​ការចរចា​លើ​កិច្ចព្រមព្រៀង​នេះ​នៅត្រឹម​ដំណាច់ ឆ្នាំ​ ២០២០ ​នេះ​។

ការថ្លែង​របស់​លោក​ត្រូវបាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​ចង្អៀត​មួយ​ជាមួយ​នឹង​ប្រធាន​គណៈកម្មាធិការ​គោលនយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ដែល​ពិភាក្សា​លើ​លទ្ធផល​នៃ​ការចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា-កូរ៉េ នៅ​ទីស្តីការក្រសួង​កាលពី​ថ្ងៃទី​ ២ ខែ​តុលា​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​។ លោក​ថា កិច្ចព្រមព្រៀង​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​ធ្វើឱ្យ​កាន់តែ​ប្រសើរឡើង​នៃ​ផលិតផល​របស់​ភាគី​ទាំង​ ២ ​ចូលទៅក្នុង​ទីផ្សារ​គ្នា​ទៅវិញ​ទៅមក​តាមរយៈ​ការកាត់បន្ថយ​របាំង​ពន្ធគយ និង​របាំង​មិនមែន​ពន្ធគយ​។

លោក​ថា​៖ «​ការចរចា​កិច្ចព្រមព្រៀង​នេះ​ក៏​បាន​បង្ហាញ​ពី​ការតាំង​ចិត្ត​យ៉ាង​មុតមាំ​របស់​រាជរដ្ឋាភិបាល​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​លើ​ការបន្តធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​របស់ខ្លួន​ទៅក្នុង​តំបន់ និង​សកលលោក ទោះ​ក្នុង​ស្ថានភាព​ដ៏លំបាក​នាពេល​បច្ចុប្បន្ននេះ​។ យើង​នឹង​ទទួល​បាន​នូវ​ទីផ្សា​នាំចេញ​សម្រាប់​ផលិតផល​របស់​យើង​ដែល​មាន​លក្ខណៈ​កាន់តែ​សម្បូរបែប និង​ប្រសើរ​ជាង​មុន​»​។

ប្រទេស​ទាំង​ ២ ​បាន​ចរចា​គ្នា​ ២ ​ជុំ​រួចមកហើយ​កាលពី​ថ្ងៃទី ៣១ ខែ​សីហា និង​ថ្ងៃទី​ ៣ ខែកញ្ញា ឆ្នាំ​ ២០២០​។

លោក ស៊ាង ថៃ អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​កាលពី​ថ្ងៃអាទិត្យ​ថា ការចរចា ២ ​ជុំ​កន្លងមក ភាគី​ទាំង​ ២ បាន​ពិភាក្សា​លើ​ការបើក​ទីផ្សារ (Market Access) រួមមាន ពាណិជ្ជកម្ម​ទំនិញ ឧបាស្រ័យ​ពាណិជ្ជកម្ម វិធាន​ដើមកំណើត​ទំនិញ នីតិវិធី​គយ និង​កិច្ចសម្រួល​ពាណិជ្ជកម្ម សហប្រតិបត្តិការ​សេដ្ឋកិច្ច និង​នីតិកម្ម និង​ស្ថាប័ន​។

លោក​បាន​ថ្លែង​ឱ្យដឹង​ទៀត​ថា​៖ «​ភាគី​ទាំង ​២ បាន​យល់ឃើញ​ថា ការធ្វើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​នេះ​នឹង​ផ្តល់​ផលចំណេញ​លើ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ឱ្យ​គ្នា​ទៅវិញ-ទៅមក​»៕