ភ្នំពេញៈ កម្ពុជា-កូរ៉េ​ខាង​ត្បូង​កំពុង​ធ្វើការ​ចរចា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​ (FTA) ​ជាមួយ​គ្នា​ក្នុង​ជុំ​ទី​ ២ ខណៈ​ការចរចា​ជុំ​ទី​ ១ បាន​បញ្ចប់​ទៅ​កាលពី​ខែ​កក្កដា​។ នេះ​ជាការ​ធ្វើ​ពិពិធកម្ម​ផលិតផល​នាំចេញ​របស់​កម្ពុជា​ទៅកាន់​ទីផ្សារ​ប្រទេស​កូរ៉េ​។

លោក ស៊ាង ថៃ អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​អង្គារ​ថា ការចរចា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​កម្ពុជា-កូរ៉េ​ជុំ​ទី​ ២ ​នេះ​មាន​រយៈពេល​ ៤ ​ថ្ងៃ​ ចាប់ពី​ថ្ងៃ​ទី​ ៣១ ខែសីហា ដល់​ថ្ងៃទី​ ៣ ខែ​កញ្ញា ដែល​ការចរចា​នេះ​ធ្វើឡើង​តាមរយៈ​វីដេអូ​ខនហ្វើរ៉ិន​។

លោក​បន្តថា ការចរចា​នេះ​គឺជា​ការពិភាក្សា​លើ​ការបើក​ទីផ្សារ (Market Access) និង​លើ​អត្ថបទ​នៃ​កិច្ចព្រមព្រៀង​ដែលមាន ៦ ​ជំពូក​សំខាន់ៗ រួមមាន ពាណិជ្ជកម្ម​ទំនិញ ឧបាស្រ័យ​ពាណិជ្ជកម្ម វិធាន​ដើមកំណើត​ទំនិញ នីតិវិធី​គយ និង​កិច្ច​សម្រួល​ពាណិជ្ជកម្ម សហប្រតិបត្តិការ​សេដ្ឋកិច្ច និង​នីតិកម្ម និង​ស្ថាប័ន​។

លោក​ថ្លែង​បន្ត​ថា​៖ «​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​នេះ​នឹង​ជួយ​បើក​ទីផ្សារ​ឲ្យ​កម្ពុជា​កាន់តែ​ធំ​ជាង​មុន ហើយ​វា​នឹង​ជួយ​ទាក់ទាញ​វិនិយោគ​ពី​បរទេស​បន្ថែម​ទៀត បើ​ប្រទេស​ទាំង ២ ​សម្រេចបាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នេះ​»​។

លោក តិច ម៉េង មន្ត្រី​នៃ​ក្រុមហ៊ុន Confirel Co.,Ltd ដែល​ជា​ក្រុមហ៊ុន​នៅក្នុង​ស្រុក​ផលិត និង​នាំចេញ​ផលិតផល​ពី​ស្ករតោ្នត និង​ម្រេច​កំពត​បាន​ឲ្យ​ដឹងថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​រវាង​កម្ពុជា​ជាមួយ​បណ្តា​ប្រទេស​នានា​នឹង​ជួយ​បើក​ទីផ្សារ​បន្ថែមទៀត​ឲ្យ​វិស័យ​ឯកជន ពិសេស​ប្រទេស​ចិន​ដែល​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​នឹង​ចូល​ជាធរមាន​នៅ​ឆ្នាំក្រោយ​។

លោក​បន្ថែមថា ជាក់ស្តែង​បន្ទាប់ពី​ទីផ្សារ​អាមេរិក ចិន តៃវ៉ាន់ វៀតណាម កាហ្សាក់ស្ថាន និង​កូតឌីវ័រ ទីផ្សារ​កូរ៉េ​ខាងត្បូង​បានរួម​ចំណែក​ជួយ​ជំរុញ​កំណើន​ការនាំចេញ​ស្ករត្នោត​របស់​ក្រុមហ៊ុន​ឲ្យ​ឡើង​រហូតដល់ ៩២ ភាគរយ​នៅក្នុង​ឆមាស​ទី​ ១ ឆ្នាំ​ ២០២០ ​នេះ​បើ​ធៀប​នឹង​ឆមាស​ទី​ ១ ​ឆ្នាំ​មុន​។

ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​កាលពី​ខែ​កក្កដា​លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​បាន​អះអាងថា ក្រុមការងារ​ក្រសួងពាណិជ្ជកម្ម​នឹង​ព្យាយាម​បញ្ចប់​ការចរចា​ជាមួយ​កូរ៉េ​ខាង​ត្បូង​ក្នុង​ក្របខ័ណ្ឌ​បច្ចេកទេស​នៅ​ចុង​ឆ្នាំ​នេះ ហើយ​អាច​ឈានដល់​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នៅ​ដើមឆ្នាំ​ក្រោយ​។

លោក​ថ្លែងថា​៖ «​ចំពោះ​កូរ៉េ​យើង​បានប្រកាស​រួចហើយ​ក្នុង​ខែកក្កដា​នេះ​។ ក្រុមការងារ​នឹង​ចរចា​ឲ្យ​ចប់​ផ្នែក​សំខាន់ៗ​នៅ​ចុង​ឆ្នាំនេះ​។ រដ្ឋាភិបាល​ទាំង ២ ​មើលឃើញ​ថា វា​ផ្តល់​ផលប្រយោជន៍​ឲ្យ​គ្នា​ទៅវិញ​ទៅមក​»​។

លោក​បន្តថា ក្រៅពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ចិន និង​កូរ៉េ រដ្ឋាភិបាល​កម្ពុជា​ក៏​កំពុង​សម្លឹងមើល​ពី​លទ្ធភាព​នៃ​ការបង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ប្រទេស​ឥណ្ឌា អូស្ត្រាលី អាមេរិក កាណាដា ចក្រភព​អង់គ្លេស នូវែលសេឡង់ និង​ជប៉ុន​។

លោក​បញ្ជាក់ថា​៖ «​មហិច្ឆតា​របស់​យើង​មិនមែន​តែ​ជាមួយ​ចិន​ប៉ុណ្ណោះ​ទេ បើសិន​ចក្រភព​អង់គ្លេស​បែកចេញ​ពី​សហភាព​អឺរ៉ុប​ជា​ផ្លូវការ យើង​ក៏​នឹង​ពិនិត្យមើល​ប្រទេស​អង់គ្លេស​ផងដែរ យើង​បាន​នាំ​ចេញទៅ​អឺរ៉ុប​ ២៥ ភាគរយ​ក្នុង​ ១ ​ឆ្នាំ ដូច្នេះ​មិនមែន​តូច​ទេ​ទីផ្សារ​អង់គ្លេស​ធំ​ណាស់​»​។

ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា និង​កូរ៉េ​ខាងត្បូង​សម្រេច​បាន​ជាង ១ ​ពាន់​លាន​ដុល្លារ កាលពី​ឆ្នាំ​ ២០១៩ កើន​ជាង ៣៦ ​ភាគរយ ​បើ​ធៀប​នឹង ៧៥៦ លាន​ដុល្លារ​កាលពី​ឆ្នាំ​ ២០១៨​។ នេះ​បើតាម​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុងជំនួប​ជាមួយ​ពលករ​កម្ពុជា​នៅ​កូរ៉េ​កាលពី​ខែកុម្ភៈ​៕ LA