
យុវជនកំពុងបង្ហាញពីការប្រើប្រាស់កម្មវិធីទូទាត់ប្រាក់ Pi Pay តាមស្មាតហ្វូន។ ហេង ជីវ័ន
ភ្នំពេញៈ វិស័យបច្ចេកវិទ្យាកម្ពុជាកំពុងបង្ហាញការវិវឌ្ឍវិជ្ជមាន ហើយនិន្នាការនៃយុគសម័យឌីជីថលដើរឆ្ពោះទៅរកការប្រើប្រាស់បច្ចេកវិទ្យាកាន់តែទំនើប ជានិន្នាការមួយដែលពាណិជ្ជករក្នុងស្រុកត្រូវស្វែងយល់ និងត្រៀមខ្លួនឲ្យបានមុនដើម្បីពង្រឹងភាពប្រកួតប្រជែងក្នុងការធ្វើពាណិជ្ជកម្ម។
ថ្លែងក្នុងសិក្ខាសាលាស្តីពីការបំផ្លាស់ប្តូរទៅកាន់យុគសម័យឌីជីថលដោយឆ្ពោះទៅរកការតភ្ជាប់បច្ចេកវិទ្យាអ៊ីនធឺណិត និងឧបករណ៍ (Internet of Thing) បញ្ញាសិប្បនិម្មិត (Artificial Intelligence) ប្រព័ន្ធផ្ទុកទិន្នន័យខ្នាតធំ និង បច្ចេកវិទ្យាពពក (Cloud Computing) ដែលធ្វើឡើងនៅភ្នំពេញកាលពីម្សិលមិញ លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានលើកឡើងថានៅពេលនេះ ជាពេលវេលាក្នុងការចាប់ផ្ដើមការរៀបចំផែនការ និងការបង្កើតជំនាញ និងហេដ្ឋារចនាសម្ព័ន្ធខាង បញ្ញាសិប្បនិម្មិត (AI) និង (IoT) ដើម្បីទាញយកអត្ថប្រយោជន៍ពីបច្ចេកវិទ្យាថ្មីក្នុងការគាំទ្រដល់ការសម្រេចចិត្តខាងអាជីវកម្ម។
លោកថ្លែងថា៖ «២-៣ ទសវត្សរ៍ចុងក្រោយនេះបានមើលឃើញការផ្ទុះឡើងក្នុងវិស័យ ICT ដែលបានផ្លាស់ប្តូរ សេដ្ឋកិច្ចជាច្រើនលើទ្រង់ទ្រាយពិភពលោក»។ លោកបន្តថា៖ «កតា្តជំរុញកំណើនសេដ្ឋកិច្ចបានក្លាយជាការប្រើប្រាស់ព័ត៌មានច្រើន និងពឹងផ្អែកកាន់តែតិចលើធនធានធម្មជាតិជាមួយនឹង ICT ស្ទើរតែគ្របដណ្តប់ដល់គ្រប់ទិដ្ឋភាពនៃសកម្មភាពសេដ្ឋកិច្ចទាំងអស់»។
សិក្ខាសាលាកាលពីម្សិលមិញត្រូវបានរៀបចំឡើងដោយវិទ្យាស្ថានជាតិ ប្រៃសណីយ៍ទូរគមនាគមន៍ និង ICT (NIPTIC) និងក្រុមហ៊ុន Kepstar Data Centre Management Co. Ltd (Kepstar)។ វាជាគោលបំណងក្នុងការរួមគ្នា និងតភ្ជាប់រដ្ឋាភិបាល សាជីវកម្ម ធនាគារ អាជីវកម្មបង្កើតថ្មី ក្រុមហ៊ុនឯកជន និងមេដឹកនាំខាងបច្ចេកវិទ្យាក្នុងការចែករំលែក និងពិភាក្សាលើអនាគតរបស់ប្រទេសកម្ពុជានៅក្នុងការផ្លាស់ប្តូរឌីជីថល។
យោងតាមទិន្នន័យរបស់ MPTC ប្រជាជនកម្ពុជាប្រហែល ៣០ ភាគរយនៅតែមិនមានអ៊ីនធឺណិតប្រើប្រាស់កាលពីចុងឆ្នាំ ២០១៧។ ត្រឹមឆ្នាំ ២០២០ រដ្ឋាភិបាលកម្ពុជាកំណត់ទិសដៅសេវាអ៊ីនធឺណិត ១០០ ភាគរយនៅតំបន់ទីក្រុង និង ៧០ ភាគរយនៅតំបន់ជនបទ។
ខណៈលទ្ធភាពប្រើប្រាស់ ICT ដែលមានគុណភាពខ្ពស់បានក្លាយជាអាទិភាពដ៏សំខាន់សម្រាប់ក្រសួង លោក ត្រាំ អ៊ីវតឹក បានថ្លែងកាលពីម្សិលមិញថា យុទ្ធសាស្ដ្ររបស់ក្រសួងមិនគ្រាន់តែមានបំណងពង្រីកសេវាអ៊ីនធឺណិត និង ហេដ្ឋារចនាសម្ព័ន្ធប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតគេហទំព័រសម្រាប់ការផ្លាស់ប្តូរឌីជីថល និងបង្កើតប្រព័ន្ធអេកូឌីជីថលនៅក្នុងប្រទេសកម្ពុជាផងដែរ។
លោក ថៃ សុខវុត្ថា នាយក Te Aikhong Enterprise ជាក្រុមហ៊ុនដំណោះស្រាយផ្នែក ICT ថ្លែងថាការផ្លាស់ប្តូរខាងបច្ចេកវិទ្យាបានកើតឡើងគួរឲ្យកត់សម្គាល់នៅកម្ពុជា ដែលអតិថិជនជាច្រើនអាចប្រើប្រាស់សេវាបង់ប្រាក់មុន និងកម្មវិធីផ្សេងទៀតដែលត្រូវបានដាក់ឲ្យដំណើរការដោយក្រុមហ៊ុនឯកជន និងគ្រឹះស្ថានធនាគារមួយចំនួន៕LA